• 2017-06-16 02:59:36
  • ព័ត៌មាន

បុគ្គល​​​ឆ្នើម​​ ៤​រូប ទទួល​ការ​​​គោរព និង​កោត​​​សរសើរ​ពី​ពល​រដ្ឋ​​​ខ្មែរ​រាប់​ម៉ឺន​នាក់​

  • 2017-06-16 02:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុគ្គល​​​ឆ្នើម​៤ រូប​​ បាន​ទទួល​​​ការ​​​គោរព​​ និង​​​កោតសរសើរ​​​ ពី​សំណាក់​​​ប្រជា​ពល​រដ្ឋ​​​ខ្មែរ​រាប់​​​ម៉ឺន​​​នាក់​​ បន្ទាប់​​​ពី​អ្នក​​​ទាំង​​៤​រូប​​​នោះ បាន​​​នឹង​​​កំពុង​​​លះបង់​​​គ្រប់​​​បែប​​​យ៉ាង​​ ដើម្បី​​​កិច្ច​​​ការងារ​​​មនុស្ស​​​ធម៌​ជាច្រើន​​ ក្នុង​​​ប្រទេស​​​កម្ពុជា​។ បុគ្គល​​​ឆ្នើម​ទាំង​​៤ រូប​នេះ​មាន​៖​

​ ​

- ​លោក Scott Neeson អតីត​​​ផលិត​ករ​​​ភាព​យ​ន្ត​​​ហូលីវូត​

​ ​ ​បច្ចុប្បន្ន​លោក​​​ជា​ស្ថាបនិក មូលនិធិ​កុមារ​កម្ពុជា (Cambodian Children's Fund)​។ លោក​​​បាន​​​លក់​​​អស់​​​ទ្រព្យ​​​សម្បត្តិ​​ ផ្ទះ​​​សម្បែង​​​មក​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​ ដើម្បី​ជួយ​​​​​ដល់​​​កុមារ​ក្រីក្រ​​​រស់​​​នៅ​​​ម្ដុំ​​​គំនរ​​​សំរាម​​​ស្ទឹង​​​មាន​ជ័យ​​ អោយ​​​ទទួល​​​បាន​​​ការ​អប់​រំ​។ លោក​​​ក៏​​​ត្រូវ​​​បាន​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​​ប្រទាន​​​សញ្ជាតិ​​​ខ្មែរ​ កាលពី​អំឡុង​​​ឆ្នាំ ​២០១៥ បន្ទាប់​​​ពី​បាន​រស់​នៅ​​ និង​​​ធ្វើ​​​ការងារ​​​មនុស្ស​ធម៌​​​ក្នុង​​​ប្រទេស​​​កម្ពុជា​ជាង ​​១០​​ឆ្នាំ​។​

​ ​

​-​ លោក​​​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​​​មន្ទីរ​ពេទ្យ​​​គន្ធបុប្ផា​

​ ​ ​លោក Beat Richner ស្ថាបនិក​​​មន្ទីរ​ពេទ្យ​​​គន្ធបុប្ផា​បាន​ចូល​​​មក​​​បម្រើ​​​ការងារ​​​ក្នុង​ប្រទេស​​​កម្ពុជា​ឱ្យ​​​កាក​​​បាទ​​​ក្រហម​​​ស្វីស​​​អំឡុង​​​ឆ្នាំ​​ ១៩៧៤ ដល់ ១៩៧៥ តែ​​​ត្រូវ​បង្ខំ​ចិត្ត​​​ចាកចេញ​ពី​ប្រទេស​កម្ពុជា​​​ទៅ​​​វិញ​​​ពេល​​​ខ្មែរ​​​ក្រហម​កាន់កាប់​រាជធានី​​​ភ្នំពេញ​។

លោក​​​បាន​វិល​​​មក​​​កម្ពុជា​អំឡុង​​​ឆ្នាំ​​ ១៩៩១ ​សាង​​​សង់​​​មន្ទីរ​ពេទ្យ​​​គន្ធ​បុប្ផា​ឡើង​​​វិញ​​​។ គិត​​​មកដល់​​​ពេល​​​នេះ​​​មន្ទីរ​ពេទ្យ​​​គន្ធ​បុប្ផា​ត្រូវ​បាន​បង្កើត​​​ឡើង​​​ជាង ២៥ ឆ្នាំ​។ ឪពុកម្ដាយ និង​​​អាណាព្យាបាល​​​ជាច្រើន​បាន​​​ហៅ​​​​មន្ទីរ​ពេទ្យ​​​នេះ​​​ថា ជា​ពេទ្យ​​​ទេវតា​​​។ ទោះ​​​លោក​​​បាន​​​លាលែង​ពី​តំណែង​​ ​​កាល​​​ពី​ដើម​​​ឆ្នាំ​​​នេះ ដោយ​​​សារ​បញ្ហា​​​សុខភាព​ក្ដី ក៏​​​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទូទៅ​​​នៅតែ​​​ចង​​​ចាំ​ចំពោះ​​​ទឹក​​​ចិត្ត​​​សប្បុរស​ធម៌​មិន​អាច​​​កាត់​​​ថ្លៃ​​​​របស់​លោក​​ ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​​​អាយុជីវិត​​​កុមារ​កម្ពុជា​រាប់​​​ពាន់​នាក់​ឱ្យ​​​រស់​​​រាន​មាន​ជីវិត។

​ ​

​-​ លោកស្រី Angelina Jolie

​ ​ ​ជា​តារា​​​ភាពយន្ត​​​ហូលីវូត​​​ដ៏​ល្បីល្បាញ​​​មួយ​រូប លោកស្រី Angelina Jolie មាន​មនោសញ្ចេតនា និង​ទំនាក់ទំនង​​​ដ៏​ជ្រាវ​ជ្រៅ​​​ជាមួយ​​​នឹង​​​ប្រទេស​​​កម្ពុជា ចាប់​តាំងពី​លោកស្រី ចូលរួម​ធ្វើការ​សប្បុរស​ធ​ម៌​ជាមួយ​អង្គការសហប្រជាជាតិ​ទទួល​ទទួលបន្ទុក​សិទ្ធជន​ភៀស​ខ្លួន​​​កាលពី​ឆ្នាំ ​២០០១ និង​​​បាន​​​ទទួល​យក​​​កូន​ចិញ្ចឹម​ពី​កម្ពុជា​កាល​​​ពី​​​ឆ្នាំ​​ ២០០២ ឈ្មោះ Maddox ។ បច្ចុប្បន្ន​​​នេះ Maddox មាន​​​អាយុ​១៥​ឆ្នាំ។​​ លោកស្រី​ក៏បាន​ចូលរួម​បង្កើត​មូលនិធិ ដើម្បី​ជួយ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​នៅ​តំបន់​ជន​បទ​ដាច់ស្រយាល​ផងដែរ។

លោកស្រី Jolie បាន​ចាត់​ទុក​កម្ពុជា ជា​ផ្ទះ​ទី​២​របស់​គាត់​​​ហើយ​ថា ប្រទេស​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌​​​ល្អ​គួរ​ឲ្យ​ស្រលាញ់​។ កាលពីដើម​​​ឆ្នាំ ​​២០១៧ កន្លង​មក​​​នេះ លោកស្រី​បាន​ដាក់​សម្ពោធ​​​នូវ​​​ខ្សែ​ភាព​យន្ត​​​មួយ​​​ ដែល​​​មាន​​​ចំណង​​​ជើង​​​ថា​​ “​មុន​ដំបូង​​​ខ្មែរ​​​ក្រហម​​​សម្លាប់​​​ប៉ា​របស់​ខ្ញុំ​”​។ ខ្សែ​ភាព​យ​ន្ត​​​នេះ​​​ត្រូវ​​​បាន​​​លោ​​​ក​​​ស្រី​​​ចាត់​​​ទុ​​​ក​​​ថា អំណោយ​របស់​លោកស្រី​​​ចំពោះ​​​ប្រជា​ជន​​​កម្ពុជា​​ ដែល​​​ជា​ស្រុក​​​កំណើត​​​របស់​​ Maddox កូន​​​ចិញ្ចឹម​របស់​​​លោក​​​ស្រី​​​។​

លោកស្រី Angelina Jolie

​ ​

​-​ លោក Christian des PALLIÈRES ស្ថាបនិក​​​របស់​​​អង្គការ​​​​ដើម្បី​ភាព​​​​ញញឹម​​​​នៃ​​​កុមារ​

លោក Christian des PALLIÈRES

​ ​ ​លោក Christian des PALLIÈRES ​​បាន​សម្រេចចិត្ត​​​ចូល​​​មក​​​ធ្វើ​​​ការងារ​​​​​​ក្នុង​ប្រទេស​ក​​​ម្ពុ​ជា​អំឡុង​​​ឆ្នាំ​​១៩៩៣ ជាមួយ​​​នឹង​អង្គការ​​ Sipar ដើម្បី​​​លើក​​​កម្ពស់​​​ការ​អប់​រំ​​ និង​​​ការ​អាន​​​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​។ ពេល​​​ធ្វើ​​​ការងារ​​​ជាមួយ​​​នឹង​អង្គការ Sipar​ លោក​​​បាន​​​មើល​ឃើញ​​​ពី​ទុក​​​លំបាក​​​​​​របស់​​​កុមារ​រស់​​​នៅ​​​ម្ដុំ​ស្ទឹង​​​មាន​ជ័យ​​ និង​មាន​អារម្មណ៍​តក់​​​ស្លុត អាណិត​​​អាសូរ​នៅ​ពេល​​​ដែល​​​ឃើញ​​​កុមារ​ជាច្រើន​​​នាក់​​​រើស​​​អេត​​​ចាយ​​​នៅ​​​លើ​​​គំនរ​​​សំរាម​​​នៅ​ស្ទឹង​​​មាន​ជ័យ​​​។

លោក​​​បាន​​​លា​ឈប់​​​ពី​អង្គការ​​ Sipar និង​​​បាន​បង្កើត​​​អង្គការ​​​ដើម្បី​ភាព​ញញឹម​​​នៃ​កុមារ PSE នៅ​​​ឆ្នាំ​​១៩៩៥​។ មកទល់​​​នឹង​​​ពេល​នេះ​​ PSE បាន​​​ជួយ​​​កុមារ​​​កម្ពុជា​​​រាប់​​​ពាន់​នាក់ ឲ្យ​ចាកចេញ​ពី​គំ​ន​រ​សំ​រាម​ស្ទឹង​មាន​ជ័​យ និង​​​ចាកចេញ​ពី​​​ទុរគត​ភាព ហើយ​​​​កុមារ​ទាំង​នោះ​ទទួល​បាន​ការសិក្សា អាហារ សំលៀកបំពាក់​​ និង​ការ​ស្នាក់នៅ​សម​រម្យ ព្រម​​​ទាំង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ថែម​ទៀ​ត​ផង​។

PSE មាន​​​បី​សាខា គឺ​នៅ​​​ភ្នំពេញ សៀ​រាម និង​​​​ក្រុងព្រះសីហនុ​។​​​ ប៉ុន្តែ​​​ជា​អកុសល​លោក​​​បាន​​​ទទួល​​​មរណៈ​ភាព​​​ដោយ​ជរាពាធ ក្នុង​ជន្មាយុ ​៨២​ឆ្នាំ​​ កាល​​​ពី​អំឡុង​​​ខែ ​កញ្ញា ឆ្នាំ​​២០១៦ កន្លង​មក​​​នេះ​។ ធាតុ​​​របស់​​​លោក​​​មួយ​​​ផ្នែក​ធំ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​បាច​​​លើ​​​គំនរ​​​សំរាម​​​ស្ទឹង​​​មាន​ជ័យ​​ ជាទី​ដែល​​​លោក​​​បាន​ជួប​​​កុមារ​រើស​សំរាម​។

អត្ថបទ៖ សុផល

មតិយោបល់