• 2018-07-02 11:31:00
  • ជំនឿ

ឲ្យ​រាង...នៅ​មិន​នៅ​ទៅជិះ​ បុក​ខ្មោច!!!

  • 2018-07-02 11:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឃ្លាត​គ្នា​២ សប្ដាហ៍​ដោយ​សារ Admin មាន​ជំងឺ​ជាប់​ខ្លួន ទើប​រត់​រួច​ពី​វា​ថ្មី​ៗ។ ឥឡូវ​មាន​ចំណង​ដៃ​ថ្មី​មួយ​ពី​រឿងខ្មោច​ទៀត​ហើយ ចែក​ចាយ​ដោយ​បង​ប្រុស​មក​ពី​ខេត្ត​កំពង់ឆ្នាំងដូច​ត​ទៅ៖​

ខ្ញុំ​បាទ ឈ្មោះ ​វិសុធ សព្វ​ថ្ងៃ​មាន​អាយុ ៣២ ឆ្នាំ កំពុង​រស់ និង​ធ្វើការ​នៅ​រាជធានី​ភ្នំ​ពេញ ប៉ុន្តែ​ស្រុក​កំណើត​នៅ​ភូមិ​គោក​បន្ទាយ ខេត្ត​កំពង់​ឆ្នាំង។ ដើម​ឡើយ ខ្ញុំ​ស្ទើរ​តែ​ភ្លេច​ទៅ​ហើយ​ចំពោះ​បទ​ពិសោធន៍​របស់​ខ្ញុំ​មួយ​នេះ។ ប៉ុន្តែ​អង្គុយ​ៗ ក៏​ស្រាប់​តែ​នឹក​ឃើញ​​ឡើង ក៏​សម្រេច​យក​មក​ចែក​ចាយ​ទុក​ជា​បទ​ពិសោធន៍​តាម​រយៈ Sabay។ និយាយ​ទៅ បទ​ពិសោធន៍​នេះ ខ្ញុំ​ស្ទើរ​តែ​អស់​ជីវិត​ដែរ និង​បន្សល់​ស្នាម​ចែក​កូន​មក​ដល់​សព្វ​ថ្ងៃ។

រូប​តំណាង

ខ្ញុំ​បាន​ឡើង​មក​រៀន និង​ធ្វើ​ការ​នៅ​រាជធានី តាំង​តែ​ពី​ចុង​ឆ្នាំ ១៩៩៩ ប៉ុន្តែ​មក​ដល់​ក្នុង​អំឡុង​ឆ្នាំ ប្រហែល​២០០២-២០០៣ នេះ​បើ​ខ្ញុំ​ចាំ​មិន​ខុស គឺ​នៅ​ឯ​ខេត្ត​កំពង់​ឆ្នាំង ដែល​ជា​ខេត្ត​កំណើត​របស់​ខ្ញុំ បាន​កើត​មាន​ហេតុការណ៍​អបិយ​ជំនឿ​មួយ​យ៉ាង​ផុសផុល ស្រប​ពេល​វេលា​នោះ មនុស្ស​ជា​ច្រើន ពិសេស​ជា​យុវវ័យ បាន​ស្លាប់​បាត់​បង់​ជីវិត ស្ទើរ​រាល់​ថ្ងៃ​ដោយ​គ្រោះ​ថ្នាក់​ផ្សេង​ៗ ពិសេស​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ម្តង។

កាន់​តែ​គួរ​ឲ្យ​កត់​សម្គាល់ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ច្រើន​កើត​នៅ​ត្រង់​ចំណុច​មុខ​សាលា​បំពេញ​វិជ្ជា​ខេត្ត ដែល​ស្ថិត​ចំ​ផ្លូវ​កោង និង​មាន​បង្គោល​អគ្គិសនី​ធំ​មួយ​នៅ​ពី​មុខ​។ ចំណុច​នេះ គឺ​កន្លែង​ជើង​កប(កន្លែង​ដែល​ជា​រឿយ​ៗកើត​មាន​ករណី​គ្រោះ​ថ្នាក់) ហើយ​តាម​ពាក្យ​ចចាមអារ៉ាម ឲ្យ​តែ​ពេល​មេឃ​ធ្លាក់​ងងឹត គឺ​មាន​អ្នក​ខ្លះ បាន​ឃើញ​ពពួក​អមនុស្ស​(ខ្មោច) អង្គុយ​ហូរហែ​លើ​បង្កាន់​ដៃ​របង​ថ្ម​មុខ​សាលា​ សើច​ស្ញាញ ហើយ​ខ្លះ​បក់​ដៃ​ហៅ​អ្នក​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៀត។

មាន​ករណី​ជា​ ច្រើន​ទៀត ដែល​កាល​ណោះ​បាន​កើត​ឡើង​ស្ទើរ​គ្រប់​ឃុំ​ស្រុក​របស់​ខេត្ត​កំពង់​ឆ្នាំង​ខ្ញុំ ដោយ​បាន​ផ្តាច់​ផ្តិល​អាយុ​ជីវិត​យុវវ័យ​យ៉ាង​រង្គាល ជាមួយ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា មាន​មនុស្ស​ម្នាក់​(ខ្ញុំ​ភ្លេច​ថា​ជា​នរណា)​យល់​សប្តិ​ថា “គេ​(យមរាជ)​ត្រូវ​ការ​យក​យុវវ័យ​ជាង​៣០០​នាក់​ធ្វើ​ជា​សេនា​របស់​គេ”។

រូប​តំណាង

ពាក្យ ​ចចាមអារ៉ាម​នេះ កាន់​តែ​ខ្ទរខ្ទារ រហូត​ដល់​មាន​ដំណឹង​ថា​ថ្នាក់​ដឹក​នាំ​ខេត្ត​សម្រេច​និមន្ត​ព្រះសង្ឃ​ទូទាំង ​ប្រទេស ឬ​ក៏​តម្រូវ​ឲ្យ​ធ្វើ​បុណ្យ​សូត្រ​មន្ត​គ្រប់​ឃុំ​ស្រុក ដើម្បី​បញ្ចៀស​បញ្ហា​អាក្រក់​នានា​ទៀត។ ដំណឹង​នេះ ម៉ាក់​ខ្ញុំ​ឯណេះ បាន​ទូរសព្ទ​ហៅ​ខ្ញុំ​ពី​ភ្នំពេញ​ឲ្យ​ទៅ​ចូល​រួម​បុណ្យ​នោះ តែ​ខ្ញុំ​អត់​បាន​ទៅ​តាម​ការ​ហៅ​របស់​គាត់​ភ្លាម​ៗ​ទេ ព្រោះ​រវល់ ផ្សំ​មិន​សូវ​ចាប់​អារម្មណ៍​ផង ម្យ៉ាង​ខ្ញុំ​ក៏​មិន​ជា​ជឿ​អា​រឿង​អបិយ​ជំនឿ​អី​ហ្នឹង​ទេ។

ប៉ុន្តែ​ប្រមាណ ​ជា​១សប្តាហ៍​ក្រោយ​មក​ខ្ញុំ​បាន​ទៅ​ស្រុក​កំណើត តែ​មិន​មែន​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​សូត្រ​មន្ត​បញ្ចៀស​គ្រោះ​ចង្រៃ​អី​ នោះ​ទេ គឺ​ខ្ញុំ​ត្រូវ​ទៅ​ចូល​រួម​មង្គលការ​មិត្ត​ភ័ក្តិ​ខ្ញុំ។

រូប​តំណាង

នៅ​ឯ​ផ្ទះ​នៅ​ស្រុក​កំណើត ម៉ោង​ប្រមាណ ៥ ល្ងាច ខ្ញុំ​ស្លៀកពាក់​តឺនុយ​យ៉ាង​ស្អាត ប្រុង​ប្រៀប​ចេញ​ដំណើរ​ទៅ​កាន់​រោងការ​ដែល​នៅ​ឯ​ភូមិ​ទួល​ក្រឡាញ់​ជិត​ខេត្ត និង​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ប្រហែល ១០​គីឡូ។ ហៀប​នឹង​ចេញ​ដំណើរ ម៉ាក់​ខ្ញុំ​ដែល​ទើប​មក​ពី​លក់​ដូរ​នៅ​ផ្សារ ក៏​សួរ “អា​សុធ អ្ហែង​ទៅ​ណា?” ខ្ញុំ​ឆ្លើយ “ទៅ​ការ​គេ​នៅ​ទួល​ក្រឡាញ់​ម៉ាក់!”។ ម៉ាក់​ខ្ញុំ​បន្ថែម “អើ​ទៅ ក៏​ទៅ​ចុះ ប៉ុន្តែ​ប្រយ័ត្ន​ផង កុំ​នៅ​យប់​ពេក ក្រែង​ម៉ូតូ​អត់​ភ្លើង​ផង​ហ្អី!”។

ដំបូង ​ឡើយ ម៉ាក់​ខ្ញុំ​ទំនង​ខ្លាច​ជួប​ពួក​ជើង​កាង ឬ​ខ្លាច​គេ​ប្លន់​អី​ទេ បើ​មក​យប់​ពេក ប៉ុន្តែ​បន្តិច​ក្រោយ​មក គាត់​ប្រហែល​ទើប​នឹក​ឃើញ បាន​ដើរ​មក​និយាយ​តិច​ៗ​ប្រាប់​ខ្ញុំ​ថា “អើ អញ​ប្រាប់​មួយ ពេល​អ្ហែង​ត្រឡប់​មក​វិញ មក​ដល់​ស្ពាន​ជ្រៃ​បាក់ បើ​ឃើញ​មាន​មនុស្ស​ស្រី​ម្នាក់​ឈរ​កណ្តាល​ផ្លូវ អ្ហែង​កុំ​ចៀស​ឲ្យ​សោះ​ណា…តែ​ជៀស​ធ្លាក់​ស្ពាន​ហើយ ហើយ​មនុស្ស​ស្រី​នឹង​ជា​ខ្មោច​ទេ!”។ ខ្ញុំ​បាន​ឆ្លើយ​របៀប​លេង​សើច​ទៅ​ម៉ាក់​ថា “ខ្លាច​អី​ខ្មោច…តែ​ហ៊ាន​ចេញ​មុខ ស្រី​អីចឹង​​ដឹក​មក​ផ្ទះ​តា​ម៉ង!”។ ម៉ាក់​ខ្ញុំ​ឆ្លើយ​តប “ចេះ​តែ​គ្រាន់​ហើយ​អាស្វា…ប្រយ័ត្ន​ទៅ!”។ ខ្ញុំ​លែង​ត​ជាមួយ​ម៉ាក់ ក៏​ទាញ​ម៉ូតូ​គុប​ទឹក​សមុទ្រ​ខ្ញុំ​ចេញ​ដំណើរ។

រូប​តំណាង

មក​ដល់​រោង​ការ បាន​ទទួល​ការ​ស្វាគមន៍​ពី​មិត្តភ័ក្ដិ​ជា​ច្រើន កម្មវិធី​សប្បាយ​សប្បាយ ក៏​បាន​កើត​ឡើង។ មួយ​កែវ​ហើយ មួយ​កែវ​ទៀត លើក​ដៃ​មើល​ម៉ោង  ម៉ោង​១០យប់​បាត់ ក៏​ប្រញាប់​លា​មិត្តភ័ក្ដិ​ត្រឡប់​មក​ផ្ទះ​វិញ តែ​ម្នាក់​ឯង ព្រោះ​កាល​ទៅ​ក៏​មាន​តែ​ម្នាក់​ឯង​ដែរ។ ធ្វើ​ដំណើរ​ទាំង​ស្រវឹង​គួរសម ប្រមាណ​ជា ១០នាទី ម៉ូតូ​ខ្ញុំ​ក៏​មក​ដល់​ស្ពាន​ជ្រៃ​បាក់​ទី​១​រាប់​ពី​ខេត្ត​(បច្ចុប្បន្ន​ ស្ពាន​ហ្នឹង​គេ​វាយ​បង្កាន់​ដៃ​កម្ពស់​ប្រមាណ​២​ម៉ែត្រ​ចោល​ហើយ ហើយ​សង់​ជំនួស​ដោយ​បង្កាន់​ដៃ​ទាប​ត្រឹម​ក្បាល​ជង្គង់​វិញ)។

ម៉ូតូ​ ខ្ញុំ​មក​ដល់​ប្រមាណ​ជិត ១០ម៉ែត្រ​ពី​ស្ពាន​រំពេច​នោះ​ខ្ញុំ​ស្រាប់​តែ​ឃើញ​ស្រមោល​មនុស្ស​ខ្មៅ​ស្ទង់ៗ​នៅ​លើ​ស្ពាន តែ​មើល​មិន​ដឹង​ថា​មនុស្ស​ស្រី ឬ​ប្រុស​ទេ ព្រោះ​យប់​ងងឹត​ផ្សំ​នឹង​ស្រវឹង​ផង។ ឃើញ​ដូច្នេះ ខ្ញុំ​នឹក​ដល់​ពាក្យ​ម៉ាក់​ផ្តាំ​ថា បើ​ឃើញ​មនុស្ស​ស្រី​កណ្តាល​ស្ពាន កុំ​ចៀស ជិះ​បុក​តែ​ម្តង​ទៅ ព្រោះ​វា​ជា​ខ្មោច​ទេ បើ​ជៀស​ប្រាកដ​ជា​ធ្លាក់​ទឹក​​នោះ ខ្ញុំ​នឹក​សើច​ក្នុង​ចិត្ត៖ “ហ៊ឹស មី​ខ្មោច​ចង្រៃ​ចង់​មក​លេង​សើច​ជាមួយ​អញ​ផង​ហ្អេះ បុក​នាង​អ្ហែង​ឲ្យ​ណា​ណី​ម្តង​មើល!”។ គិត​ហើយ​មូល​ហ្គែរ​ម៉ូតូ​សំដៅ​បុក​ស្រមោល​មនុស្ស​ខ្មៅ​ស្ទង់​ៗ​នោះ​ផាំង…។

រូប​តំណាង

ខ្ញុំ ​លែង​ដឹង​ថា​មាន​រឿង​អី​ហើយ​បន្ទាប់​ពី​នោះ ប៉ុន្តែ​បើក​ភ្នែក​ប្រឹម​ៗ ដឹង​ថា​នៅ​មន្ទីរ​ពេទ្យ ឯ​ក្បាល​ប៉ង់ស៊ីម៉ង់ មើល​ឆ្វេង​មើល​ស្តាំ​ឃើញ ម៉ាក់ និង​ពុក រួម​ទាំង​បង​ប្អូន​ពីរ​បី​នាក់​នៅ​ជុំ​វិញ។ ខ្ញុំ​ប្រឹង​ហើប​មាត់​សួរ​ម៉ាក់​ថា​មាន​រឿង​អី ម៉ាក់​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​សន្លប់​២​យប់​២​ថ្ងៃ​ហើយ ព្រោះ​ខ្ញុំ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ខ្ញុំ​ប្រឹង​រក​នឹក ហើយ​ក៏​សួរ​ម៉ាក់​ទៀត “ក្រែង​ខ្ញុំ​បុក​ខ្មោច​តើ​អី្ហ!”។ ម៉ាក់​ខ្ញុំ​ឆ្លើយ “បុក​ខ្មោច​អី អ្នក​ដែល​​អ្ហែង​បុក​ហ្នឹង គឺ​អ្នក​ភូមិ​ដើរ​ទៅ​ចាំ​ស្រែ​ទេ!”។

ពុទ្ធោ…ខ្ញុំ ​ហួស​ចិត្ត…ខ្ញុំ​របួស​បាក់​ធ្មេញ អស់​៣ បែក​ក្បាល បាក់​ប្រអប់​ជើង​ខាង​ឆ្វេង និង​ដាច់​សាច់ រលាត់​ជា​ច្រើន​កន្លែង​ទៀត។ ដោយ​ឡែក​អ្នក​ដែល​ត្រូវ​ខ្ញុំ​ជិះ​ម៉ូតូ​បុក ព្រោះ​គិត​ថា​ខ្មោច​នោះ ក៏​របួស​ធ្ងន់​ដែរ គឺ​បាក់​ឆ្អឹង​ដង​កាំបិត បែក​ក្បាល និង​របួស​ជា​ច្រើន​ទៀត។ ជា​លទ្ធផល​នៃ​ការ​បុក​ខ្មោច​របស់​ខ្ញុំ ក្រៅ​ពី​របួស​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ខ្លួន​ឯង ខ្ញុំ​ត្រូវ​គេ​អស់​ប៉ុន្មាន​លាន​រៀល​ទៀត ហ៊ឺ...៕

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ នឹក​ឡើង​ហួស​ចិត្ត ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់