• 2018-09-20 01:41:32
  • ព័ត៌មាន

អាមេរិក បង្ហាញកាលបរិច្ឆេទច្បាស់ៗ នៃការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង

  • 2018-09-20 01:41:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo បាន​និយាយ​ថា លោក​ត្រៀម​ខ្លួន​ចាប់ផ្ដើម​ការ​ចរចា​ឡើង​វិញ​ជាមួយ​ក្រុង​ព្យុងយ៉ាង ក្នុង​គោលបំណង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នៅ​ត្រឹម​ឆ្នាំ២០២១។

កិច្ចពិភាក្សា​រវាង​ភាគី​ទាំងពីរ​បាន​ជាប់​គាំង បន្ទាប់​ពី​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ដើម​ឆ្នាំ​នេះ​ហាក់​មិន​បាន​ផល។ ប៉ុន្តែ​កិច្ចប្រជុំ​រវាង​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន ទំនង​ជា​បាន​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​សប្បាយ​ចិត្ត។

លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក ម៊ូន ជេអ៊ីន

បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ​រួច​មក លោក គីម បាន​យល់ព្រម​បិទ​កន្លែង​សាកល្បង និង​បាញ់​បង្ហោះ​មីស៊ីល​សំខាន់​មួយ​របស់​ប្រទេស។ ជាមួយ​គ្នា​នេះ លោក គីម ក៏​បាន​យល់ព្រម​លើ​មធ្យោបាយ​មួយ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​ផង​ដែរ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ លោក Mike Pompeo បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង លោក Ri Yong Ho ឲ្យ​មក​ជួប​លោក នៅ​ទីក្រុង New York នា​សប្ដាហ៍​ក្រោយ ខណៈ​ដែល​ការ​អញ្ជើញ​ត្រូវ​បាន​ពង្រីក សម្រាប់​កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​តំណាង​កូរ៉េខាងជើង និង​អាមេរិក នៅ​ទីក្រុង Vienna ប្រទេស​អូទ្រីស។

លោក Mike Pompeo

«វា​នឹង​ក្លាយ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​ចរចា​ដើម្បី​ផ្លាស់ប្ដូរ​ទំនាក់ទំនង​រវាង​អាមេរិក និង​កូរ៉េខាងជើង តាមរយៈ​ដំណើរការ​នៃ​ការ​លុបបំបាត់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​យ៉ាង​ឆាប់​រហ័ស ដែល​ត្រូវ​បាន​បញ្ចប់​នៅ​ខែ​មករា ឆ្នាំ២០២១ តាម​ការ​ប្ដេជ្ញាចិត្ត​របស់​លោក គីម និង​ដើម្បី​កសាង​របប​សន្តិភាព​យូរ​អង្វែង និង​ស្ថិរភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ»។ នេះ​បើ​តាម​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ខាង​លើ៕

ចុច​អាន៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់