- 2018-10-30 06:30:00
- សេដ្ឋកិច្ច
៣ចំណុច ទៅភ្នំតាម៉ៅ បើមានគ្នាច្រើនរឹតតែសប្បាយ ចាយអស់តិចតួចទៀត
- 2018-10-30 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុច ទៅភ្នំតាម៉ៅ បើមានគ្នាច្រើនរឹតតែសប្បាយ ចាយអស់តិចតួចទៀត
ចន្លោះមិនឃើញ
ឧទ្យានជាតិភ្នំតាម៉ៅ គឺជាតំបន់កម្សាន្ត បែបធម្មជាតិ នៅតែទទួលការពេញនិយមសម្រាប់ការសម្រាក និងមើលសត្វព្រៃចម្រុះប្រភេទ។ ក្រៅពីទស្សនាសត្វព្រៃ ភាគច្រើនចូលចិត្តអ្នកទៅលេងទីនេះច្រើន អាស្រ័យដោយមាន ៣ចំណុចអំណោយផលនេះ។
១. អាហារឈ្ងុយឆ្ងាញ់ បរិយាកាសល្អ
នៅរឧទ្យានភ្នំតាម៉ៅ លោកអ្នកអាចភ្លក់ម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ បែបស្រុកស្រែ មានដូចជាមាន់ដុត ត្រីអាំង និងម្ហូបកុម្ម៉ង់ជាច្រើនទៀត គួបផ្សំនឹងតម្លៃសមរម្យ។
មាន២ជម្រើស ទៅតាមចំណូលចិត្ត គឺអាចទិញម្ហូបអាហារ មកញ៉ាំនៅក្នុងតូបតូច ធំប្រក់ស្បូវ ឬក្រាលកន្ទេលលើដីក្រោមដើមឈើត្រជាក់ល្ហឹម។
បើតាមអ្នកស្រី មាស សារឿន អ្នកលក់បាយម្ហូប នៅលើភ្នំតាម៉ៅ បានប្រាប់ Sabay ថា អ្នកស្រីបានចាប់របរនេះជាង៥ឆ្នាំមកហើយ។ ចំពោះតម្លៃមាន់ស្រែសុទ្ធ ១ក្បាល តម្លៃ៤០០០០រៀល អាចច្នៃធ្វើម្ហូប ២មុខ ហើយហូបបាន ៥ ទៅ ៦នាក់។
ត្រីអណ្ដែងអាំង ១ចង្កាក់ ៨០០០រៀល បាយ ស១ឆ្នាំង ៥០០០រៀល ក្ដាមស្រែស្ងោរ ជ្រលក់ទឹកត្រីម្ទេស ១ចាន ៥០០០រៀល ជាដើម។ អ្នកលក់ខាងលើ បញ្ជាក់បន្តថា បាយថ្ងៃ១ ពេល សម្រាប់គ្នា ៤ ឬ៥នាក់ សរុបយ៉ាងច្រើន ៦ម៉ឺនរៀល តែហូបមួយឆ្អែត។
២. តម្លៃសំបុត្រចូលទស្សនា និងការធ្វើដំណើរ
លោកអ្នកនឹងបានឃើញតារាងតម្លៃលម្អិតនិមួយៗ ដែលបានកំណត់ពីសេវា មានដូចជា អ្នកទេសចរណ៍ខ្មែរត្រូវបង់ថ្លៃម្នាក់ ២០០០រៀលក្នុងម្នាក់ និងរថយន្ត ចំនួន១ ត្រូវបង់ ២០០០រៀលដូចគ្នា សម្រាប់ការចូលលេងម្ដង។ ចំណែកឯកូនក្មេង គឺមិនតម្រូវឲ្យថ្លៃទេ។ នេះជាតម្លៃសមរម្យមួយដែលអំណោយផលដល់ក្រុមអ្នកដើរលេងមានគ្នាច្រើន ពិសេសក្មេងតូចៗ ដែលចង់ទៅលេងសួនសត្វ។ ការធ្វើដំណើរពីភ្នំពេញតាមរថយន្ត ប្រើរយៈពេលប្រហែល ៤៥នាទី នឹងទៅដល់។
សន្តិសុខ១រូប ប្រចាំការនៅក្នុងសួនសត្វ ប៉ុន្តែលោកសុំមិនបង្ហាញឈ្មោះបានប្រាប់ Sabay ថាជាមធ្យមមានភ្ញៀវទេសចរណ៍ខ្ទង់រយ ឬពេលខ្លះចូលដល់ពាន់នាក់ ភាគច្រើនជនជាតិខ្មែរ បានមកកម្សាន្តនៅភ្នំតាម៉ៅច្រើន ពិសេសក្នុងថ្ងៃឈប់សម្រាក ហើយបើគិតជាចំនួនរថយន្តមានប្រហែល៣០០ ទៅ៤០០ឡាន ឬលើសនេះក៏មាន។
៣. សត្វព្រៃចម្រុះប្រភេទ
ការទស្សនាសត្វព្រៃជាបំណងទី១សម្រាប់ភ្ញៀវខ្មែរ ពិសេសកុមារតូចៗតែម្ដង។ ទៅលេងនៅសួនសត្វ នៃឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោកអ្នកអាចមើល ឬថតរូប សត្វព្រៃខុសៗគ្នា មានដូចជា ទន្សោង ខ្លាឃ្មុំពណ៌ខ្មៅ ស្វា ទោច ឈ្លូស ខ្លា និងសត្វដទៃទៀត។
សូមបញ្ជាក់ថា ឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានបើកដំណើរការជាផ្លូវការក្នុងឆ្នាំ ២០០០ មានទីតាំងស្ថិតនៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ២ ពីរាជធានីភ្នំពេញ។