• 2019-01-09 02:13:04
  • ចរាចរណ៍

ទីបំផុតរថភ្លើងស៊េរីទំនើបកប់ មកដល់កម្ពុជាហើយ ត្រៀមដឹកអ្នកភ្នំពេញ មិនឲ្យចាញ់ស្រុកគេ

  • 2019-01-09 02:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថភ្លើង​ធន់​ស្រាល​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង របស់​ក្រុម​ហ៊ុន Royal Railway Cambodia របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​ដំឡើង​នៅ​ប្រទេស​ម៉ិកស៊ីកូ ត្រូវ​បាន​ដឹក​តាម​កប៉ាល់​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ហើយ កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ ២០១៩នេះ។ នេះ​បើ​តាមទំព័រ​ហ្វេសប៊ុក​របស់​លោក Ramady Moun។

រូបភាព៖ Ramady Moun

រថភ្លើង​ទាំង​៣​គ្រឿង​នោះ គឺ​សម្រាប់​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​ស្ថានីយ ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ។ តាម​ប្រសាសន៍​របស់​ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឲ្យ​ដឹង​ថា រថភ្លើង​ទាំង​៣​គ្រឿង​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាត់​បន្ថយ​ពេល​វេលា ចំពោះ​អ្នក​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ព្រលាន​យន្តហោះ។ ជា​ពិសេស​នោះ ថែម​ទាំង​ជួយ​លើក​ស្ទួយ​មុខមាត់​រាជធានី​ភ្នំពេញ ក៏​ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព។

រូបភាព៖ Ramady Moun
  • ​​រថភ្លើង​ស៊េរីថ្មីនេះ មានលក្ខណៈពិសេសជាច្រើនដូចជា៖

១. រត់ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ

២. ក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ

៣ . បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត

៤. បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ

៥. Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ

រូបភាព៖ Ramady Moun

រថភ្លើង​ Tram ជា​ប្រភេទ​រថភ្លើង​ដែល​រត់​តែ​ក្នុង​ក្រុង​ប៉ុណ្ណោះ នៅ​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន បាន​ដំណើរ​ការ​រថភ្លើង​ប្រភេទ​នេះ ដើម្បី​ដឹក​ជញ្ជូន​អ្នក​ដែល​រស់​នៅ​ទីក្រុង។ ឥឡូវ​នេះ​នៅ​រាជ​ធានី​ភ្នំពេញ​ក៏​មាន​ផ្លូវ​រថភ្លើង​ប្រភេទ​នេះ​ដែរ ដើម្បី​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទាំង​ឡាយ​ណា ដូចជា៖ សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទៅ។

គួរ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ខែតុលា ឆ្នាំ២០១៨  នៅស្ថានីយរថភ្លើងរាជធានីភ្នំពេញ នាយកដ្ឋានផ្លូវដែក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមហ៊ុន Royal Railway បានជួបពិភាក្សាគ្នាអំពី ការត្រៀម​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ផ្លូវ​រថភ្លើង Tramway នេះ។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើ ការរៀបចំផែនការសកម្មភាព និងបំណែងចែកភារកិច្ចការងារក្នុង​ការរៀបចំ យុទ្ធនាការផ្សព្វផ្សាយអំពីរថភ្លើងប្រភេទថ្មី Tram រួមមានការរៀបចំលិខិតបទដ្ឋាន​និង​វិធាន​សុវត្ថិភាព​សម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង ការផលិតវីដេអូណែនាំ និងវីដេអូផ្សព្វផ្សាយ​អំពីចក្ខុវិស័យរបស់​រាជរដ្ឋាភិបាលក្នុងការ​ដាក់ឲ្យដំណើរ​ការ​រថភ្លើងប្រភេទ Tram និងការ​អប់រំ​ផ្សព្វផ្សាយ​ដល់សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធ។

រថភ្លើង​ធុនស្រាល​ដែល​ក្រុមហ៊ុន​ Royal Railway បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ីកូ​នេះ គឺ​មាន​តម្លៃ ២លាន​ដុល្លារ​ក្នុង១​គ្រឿង។ ចំណែក​ឯ​ខ្សែ​រថភ្លើង​ពី​ស្ថានីយ​ភ្នំពេញ ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រវែង​ ១០​គីឡូម៉ែត្រ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី១០ ខែ​មេសា ឆ្នាំ​២០១៨។ ដោយ​ឡែក​ចំពោះ​រថភ្លើង Tram ស៊េរី​ទំនើប​ទាំង​៣​គ្រឿង​នេះ នឹង​ដំណើរ​ការ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់