• 2019-01-19 07:32:59
  • សេដ្ឋកិច្ច

ល្បី​បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​ឆ្នាំ​នេះ​សំបូរ ​ ចុះ​តម្លៃ​វិញ​យ៉ាង​ម៉េច​ដែរ?

  • 2019-01-19 07:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្កង​ធម្មជាតិ​មាន​ប្រភព​ពី​ខេត្ត​តាកែវ ដែល​អ្នក​ទេសចរ​ពី​ទី​ជិត​ឆ្ងាយ​ល្បី​ថា មាន​រសជាតិ​ឆ្ងាញ់​ជាង​គេ​ ឆ្នាំ​នេះ​ទាំង​អាជីវករ​ និង​មន្ត្រី​ជំនាញ​សុទ្ធតែ​បាន​លើក​ឡើង​ដូចៗ​គ្នា​ថា មាន​ទិន្នផល​កើន​ឡើង​ជាង​ឆ្នាំ​មុន​។

លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១៨ ការ ប្រមូល​ផល​បង្កង​តាម​លក្ខណៈ​គ្រួសារ​របស់​ប្រជា​នេសាទ ទទួល​បាន​ចំនួន ៩៣តោន បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១៧ គឺ​មាន​ការ​កើន​ឡើង​ជាង ​១០ភាគរយ។ ​ឆ្នាំ​២០១៧ ផល​បង្កង​ប្រមូល​បានតែ ចំនួន ៨៣​តោន​ប៉ុណ្ណោះ។

លោក​បាន​ឱ្យ​ដឹង​ថា កត្តា​អាកាសធាតុ​អំណោយ​ផល​ល្អ មាន​ភ្លៀង​ធ្លាក់​ច្រើន​ពី​ដើម​ឆ្នាំ ធ្វើ​ឲ្យ​ទឹក​នៅ​តាម​ផ្ទៃ​បឹង នៅ​ក្នុង​ស្រុក​អង្គរបូរី, បូរីជលសារ និង​ស្រុក​ព្រៃ​កប្បាស​ជាដើម មាន​ភាព​ល្អ​ប្រសើរ ធ្វើ​ឲ្យ​បង្កង​អាច ចរាចរ​រក​ចំណី​បាន​ទាន់​ពេល​វេលា និង​រីក​ធំធាត់​បាន​ល្អ។

លោក ហាក់ ឡៃ​ហី អាជីវករ​លក់​បង្កង​ធម្មជាតិ​ខេត្ត​តាកែវ​ឱ្យ​ដឹង​ថា បង្កង​​​ឆ្នាំ​នេះ​ពិត​ជា​សំបូរ​ជាង​ឆ្នាំមុន​ប្រាកដ​មែន​ ដោយសារ​របប​ទឹក​​ភ្លៀង​​​ល្អ​ជាង​ឆ្នាំ​មុន​ ប៉ុន្តែ​តម្លៃ​វិញ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ។ ប្រភេទ​លេខ​១ តម្លៃ​ ៤០ដុល្លារ លេខ២ តម្លៃ​ ៣០ដុល្លារ និងលេខ៣ តម្លៃ ២៥ដុល្លារ។

ចំណែក​អាជីវករ​លក់​បង្កង ​ម្នាក់​ផ្សេង​ទៀត​ អ្នកស្រី នី បាន​ឲ្យ​ដឹង​ថា កន្លែង​លក់​បង្កង​របស់​គាត់ អាច​លក់​បាន​ច្រើន​ពី ១០០​គីឡូក្រាម រហូតដល់ ១៥០​គីឡូក្រាម នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ឬ​ថ្ងៃ​បុណ្យទាន​នានា ដោយ​អាច​លក់​បាន​តម្លៃ​បង្កង​លេខ​១ តម្លៃ​៤៣ដុល្លារ បង្កង​លេខ​២ តម្លៃ​ ៣០ដុល្លារ និង​បង្កង​លេខ​៣ តម្លៃ​២២​ដុល្លារ ក្នុង​មួយ​គីឡូ​ក្រាម។

ទោះ​យ៉ាង​ណា​ លោក សៅ កុសល បាន​ឱ្យ​ដឹង​ថា ទិន្នផល​បង្កង​នៅ​ឆ្នាំ​ខាង​មុខ​អាច​កើន​ឡើង ឬ​ធ្លាក់​ចុះ គឺ​វា​អាស្រ័យ​ទៅ​លើ​អំណោយ​ផល​ធម្មជាតិ ពោល​គឺ​បើ​មាន​ភ្លៀង​ធ្លាក់​ដើម​រដូវ ពី​ខែ​មិថុនា ឬ​ខែ​កក្កដា​ ទៅ គឺ​ទិន្នផល​បង្កង អាច​នឹង​មាន​ការ​កើន​ឡើង​បន្ថែម​ទៀត​ ជាក់ជា​ពុំខាន។

បន្ថែម​លើ​នេះ​ លោក ហាក់ ឡៃហី ឱ្យ​ដឹង​ថា មូលហេតុ​បង្កង​ខេត្ត​តាកែវ​មាន​រសជាតិ​ឆ្ងាញ់ ដោយសារ ជា​បង្កង​ធម្មជាតិ​ពិតៗ មិនមែន​បង្កង​ចិញ្ចឹម។ ដូច្នេះ​បើ​អតិថិជន​​មាន​បំណង​ចង់​សាក​រសជាតិ បង្កង​ធម្មជាតិ របស់​ខេត្ត​តាកែវ អាច​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​តាកែវ នឹង​អាច​បញ្ជា​ទិញ​បង្កង​គ្រប់ ប្រភេទ​តាម​តម្រូវ​ការ៕

អត្ថបទ៖ សុផល

មតិយោបល់