• 2019-03-26 03:42:57
  • ព័ត៌មាន

អាកាស​ចរណ៍ Cambodia Airways បើក​ជើង​ហោះហើរ​ថ្មី «ភ្នំពេញ-បាងកក» សម្រាប់​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ

  • 2019-03-26 03:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាកាសចរណ៍​កម្ពុជា Cambodia Airways កំពុង​បន្ត​ពង្រីក​បណ្ដាញ​ផ្លូវ​ហោះហើរ​របស់​ខ្លួន តាម​រយៈ​ការ​បើក​ផ្លូវ​ធ្វើ​ដំណើរ​ថ្មី​មួយ​ទៀត​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ​នៃ​ទីក្រុង​បាងកក​នៅ​ថ្ងៃ​ទី​ ១១ ខែ​មេសា ខាងមុខ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា Cambodia Airways។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ហោះហើរ​ថ្មី​ខាង​លើ​នឹង​អនុញ្ញាត​ឲ្យ​អាកាសចរណ៍​កម្ពុជា ផ្ដល់​ជូន​អតិថិជន​នូវ​ជម្រើស​កាន់តែ​ទូលំទូលាយ​ថែម​ទៀត នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​ថ្ងៃ​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។ បើ​តាម Cambodia Airways ជើង​ហោះហើរ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ថ្ងៃ ជាមួយ​តារាង​ពេល​វេលា ដែល​អំណោយ​ផល​សម្រាប់​អតិថិជន​គ្រប់រូប។ នៅ​អំឡុង​ការ​ហោះហើរ​អាកាសចរណ៍​​​នឹង​ផ្ដល់​ជូន​អតិថិជន​ទាំងអស់​នូវ​សាំង​វិច រួម​ទាំង​ការ​បម្រើ​សេវាកម្ម​ប្រសើរ​ៗ​ដទៃ​ទៀត ក្នុង​នាម​ជា​ជម្រើស​អាកាសចរណ៍​ល្អ​ដាច់​គេ សម្រាប់​អតិថិជន​ទាំងឡាយ ដែល​ប្រាថ្នា​ចង់​បាន​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​គុណភាព និង​ផាសុកភាព។

លោក សាយម៉ុន ស៊ូ (Simon Xu) ដែល​ជា​នាយក​រង​ផ្នែក​ពាណិជ្ជកម្ម​របស់​អាកាសចរណ៍​កម្ពុជា បាន​បញ្ជាក់​ថា ការ​លក់​សំបុត្រ​​សម្រាប់​ជើង​ហោះហើរ​ខាង​លើ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​តទៅ។ សម្រាប់​តារាង​ពេល​វេលា​ធ្វើ​ដំណើរ គឺ​ចាកចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង ១៨៖១៥នាទី និង​ទៅ​ដល់​អាកាសយានដ្ឋាន​សុវណ្ណភូមិ នៅ​ម៉ោង​​១៩៖១០នាទី។ រីឯ​ពេល​វេលា​​សម្រាប់​ចាកចេញ​ពី​បាង​កក​មក​វិញ គឺ​នៅ​ម៉ោង ២០៖១០នាទី និង​មក​ដល់​អាកាសយានដ្ឋាន​ភ្នំពេញ​នៅ​ម៉ោង ២១​៖៣៥នាទី​ ដែល​ជា​ពេល​វេលា​មិន​ឆាប់​ឬ​ក៏​យូរ​ពេក​ឡើយ សម្រាប់​អតិថិជន។

គួរ​ជម្រាប​ថា ​អាកាសចរណ៍ Cambodia Airways Co., Ltd គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧។ Cambodia Airways បាន​សម្ពោធ​ជើង​ហោះហើរ​ដំបូង​របស់​ខ្លួន ដែល​មាន​គោល​ដៅ​ពី​ភ្នំពេញ​ទៅ​សៀមរាប នៅ​ថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន អាកាសចរណ៍​មាន​យន្ត​ហោះ​​ចំនួន ៣គ្រឿង គឺ Airbus A391 ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ជើង​ហោះហើរ​ទៅ​មក​ទាំង​ក្នុង​ និង​ក្រៅ​ស្រុក នៅ​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ តៃប៉ិ... ក្នុង​ចំណោម​គោលដៅ​ធ្វើ​ដំណើរ​មួយ​ចំនួន​ទៀត៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់