• 2019-05-18 03:12:15
  • ជំនឿ

ចំណុច​ដែល​ត្រូវ​ស្វែងយល់​មួយ​ចំនួន​នៃ​បុណ្យ​ពិសាខបូជា​នៅ​កម្ពុជា

  • 2019-05-18 03:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

ពិសាខបូជា ជា​ពិធី​សំខាន់​មួយ​ក្នុង​ពុទ្ធសាសនា ដែល​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​រំឭក​ដល់​ព្រឹត្តិការណ៍​៣​៖

១. រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ​ប្រសូត ដោយ​ព្រះពុទ្ធ​បាន​ប្រសូត​នៅ​ថ្ងៃ​សុក្រ ១៥ កើត ខែ​ពិសាខ ឆ្នាំ ច​​ មុន​គ្រិស្តសករាជ ៦២៣ ឆ្នាំ​។

២. រំឭក​ដល់​ថ្ងៃ​ព្រះពុទ្ធ​បាន​ត្រាស់​ដឹង ព្រះពុទ្ធ​បាន​ត្រាស់​ដឹង​នៅ​ថ្ងៃ​ពុធ ១៥ កើត ខែ​ពិសាខ ឆ្នាំ រកា មុន​គ្រិស្តសករាជ ៥៨៨ ឆ្នាំ​។

៣. រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ចូល​បរិនិព្វាន ក្នុង​ព្រះជន្ម ៨០​វស្សា គឺ​ព្រះពុទ្ធ​ចូល​និព្វាន​នៅ​ថ្ងៃ​អង្គារ ១៥​កើត ខែ​ពិសាខ ឆ្នាំ ម្សាញ់​មុន​គ្រិស្តសករាជ ៥៤៣ ឆ្នាំ​។

បន្ទាប់​ពី​ព្រះពុទ្ធ​សមណគោតម​បរិនិព្វាន​ទៅ​បាន​ជាង ២០០ ឆ្នាំ​ហើយ​ក្ដី​ក៏​គេ​ពុំ​ទាន់​ឃើញ​មាន​ពុទ្ធបរិស័ទ​ប្រារព្ធ​ពិសាខបូជា​នៅ​ឡើយ​។ បើ​តាម​សៀវភៅ ព្រះរាជ​ពិធី​ទ្វាទស​មាស ដែល​ជា​ការ​បោះពុម្ព​ផ្សាយ​របស់​វិទ្យាស្ថាន ពុទ្ធ​សាសន​បណ្ឌិត្យ ក្នុង​គ្រិស្តសករាជ ១៩៥១ បាន​​កត់​សម្គាល់​ថា ​ព្រះ​បន្ទាប់​ពី​ព្រះពុទ្ធ​ទ្រង់​បាន​បរិនិព្វាន​អស់​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​ទៅ​ហើយ ទើប​គេ​សង្កេត​ឃើញ​បុណ្យ​វិសាខ​បូជា​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ពិសាខបូជា

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បុណ្យ​វិសាខបូជា​ចាប់​ផ្ដើម​ប្រារព្ធ​ឡើង​នៅ​គ្រប់​វត្តអារាម​ទូទាំង​នគរ ក្នុង​រជ្ជកាល​ព្រះបាទ​ហរិរក្សរាមា​អង្គ​ដួង​ពេល​ដែល​ព្រះ​អង្គ​បាន​លើក​ទីក្រុង​មក​តាំង​នៅ​ភ្នំពេញ ក្នុង​ពុទ្ធ​សករាជ ២៤០៨ គ្រិស្តសករាជ ១៨៦៥​។ ពិធី​នេះ​ក៏​តាំង​ប្រារព្ធ​ឡើង​ជា​ទំនៀម​ពុទ្ធបរិស័ទ​ខ្មែរ​រហូត​មក​។ នេះ​បើ​តាម​ការ​កត់ត្រា​ក្នុង​សៀវភៅ ព្រះរាជ​ពិធី​ទ្វាទស​មាស​។

ពិសាខបូជា

នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ អង្គការ សហប្រជាជាតិ បាន​ប្រកាស​ទទួល​ស្គាល់​បុណ្យ​វិសាខ​បូជា​ជា​ទិវា​អន្តរជាតិ ដោយ​មាន​ការ​ស្នើ​សុំ​ពី​ប្រទេស​កាន់​ព្រះពុទ្ធសាសនា​នានា​ លើ​សកលលោក ​រួម​ទាំង​កម្ពុជា​ផង​ដែរ។

ចំណុច​សំខាន់ៗ ដែល​នាំ​ឲ្យ​អង្គការ​អន្តរជាតិ​ទទួល​ស្គាល់​ពិធី​ពុទ្ធសាសនា​នេះ​មាន​បី​៖

១. ជា​សាសនា​ដែល​មាន​វ័យ​ចំណាស់ អាយុ​ជាង ២៥៦០ ឆ្នាំ (ពស. ២៥៦៣ គស. ២០១៩)

២. មាន​គោលការណ៍​សន្តិភាព​និយម គោរព​សិទ្ធិ​មនុស្ស តាម​រយៈ​សិក្ខាបទ​ទាំង​ឡាយ មាន​សីល​ប្រាំ​ជា​ដើម

៣. មាន​បរិស័ទ​ជាង ៥០០ លាន​នាក់ កំពុង​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​។

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់