• 2019-06-19 09:10:56
  • សេដ្ឋកិច្ច

រមណីយដ្ឋាន​ទន្លេ​បាទី​ ត្រូវ​បាន​ស្នើ​ឱ្យ​កែ​លំអ​ឡើង​វិញ​ ក្រោយ​ចំនួន​ទេសចរ​ធ្លាក់​ចុះ

  • 2019-06-19 09:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគមន៍​​ទេស​ចរ​ ទន្លេបាទី​​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្នើ​ឱ្យ​មាន​ការ​រៀប​ចំ​​កែ​​លំអ​សោភ័ណ​ភាព​ឡើង​វិញ​ បន្ទាប់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ធ្លាក់​ចុះ​។

លោកស្រី គា សុភូ ​អភិបាល​រង​ខេត្ត​តាកែវ​ ក្នុង​កិច្ច​ប្រជុំ​ជាមួយ​នឹង​សហគមន៍​​​កាល​ពី​ពេល​ថ្មិ​ៗ​នេះ  បាន​ជំរុញ​ឱ្យ​សហគមន៍​ ទេសចរណ៍​ទន្លេបាទី​សហការ​គ្នា​រៀប​ចំ​រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិ​សាស្ត្រ​ មួយ​នេះ​ឱ្យ​មាន​សោភ័ណភាព​ ស្រស់បំព្រង និង​មាន​អនាម័យ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ មកលេង កម្សាន្ត​​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​។​

លោកស្រី​អភិបាល​រង​ខេត្ត​តាកែវ​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ កន្លង​មក​រមណីយដ្ឋាន​ ទន្លេបាទី មានការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តជាតិ​ ដែល​មក​លេង​កម្សាន្ត​។ ដូច្នេះ​ដើម្បី​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ​សហគមន៍​​ត្រូវ​តែ​ធ្វើ​ការ​រៀប​ចំ​កែ​លំអ​សោភណភាព​ ​អនាម័យ​ និង​មាន​​សណ្ដាប់​ធ្នាប់ ជាពិសេស​ផ្នែក​ចំណី​អាហារ​ត្រូវ​តែ​មាន​អនាម័យ ​និង​មាន​តម្លៃ​សមរម្យ​ដើម្បី​កុំ​ ឱ្យ​មាន​ការ​រិះ​គន់ ​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តជាតិ​ ដែល​មក​លេង​កម្សាន្ត​​នៅ​ទី​នោះ​​។​

លោក​ស្រី ​គា ​សុភូ ​អភិបាល​រង​ខេត្ត​តាកែវ ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ទន្ទឹម​នឹង​​ការ​រៀប ​ចំ​សោភ័ណភាព​ អនាម័យ​ចំណីអាហារ​ ក៏​ត្រូវ​រៀប​ចំ​ផ្នែក​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរណ៍​ ដែល​មក​លេង​កម្សាន្ត​​ ដោយ​ធ្វើ​ការ​សហការ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ រក្សា​ឱ្យ​បាន​នូវ សុខ​សុវត្ថិភាព​​ ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​អន្តរជាតិ​ ដោយ​កុំ​ឲ្យ​មាន​បញ្ហា​អសន្តិ​សុខ​កើត​ឡើង​ឱ្យ​សោះ ​ហើយ ​ម្យ៉ាង​ទៀត សហគមន៍​ទេសចរណ៍​ទន្លេបាទី​ ត្រូវ​តែ​សហការ​គ្នា​ ធ្វើ​យ៉ាង​ណា​រៀប​ចំ​រមណីយដ្ឋាន​ មួយ​នេះ  ឱ្យ​មាន​សោភ័ណភាព​ស្រស់​បំព្រង​ និង​ក្លាយ​ជា​​រមណីយដ្ឋាន ​សក្ដានុពល​របស់ ខេត្ត​ក្នុង​ការ​ចូល​រួម​ ​ប្រលង​ប្រណាំង​ទី​ក្រុង​ស្អាត ​រមណីយដ្ឋាន ​ស្អាត​បាន​ផង​ដែរ​។​

ទាក់​ទង​នឹង​បញ្ហា​នេះ​ លោក ជិន បូរិន្ទ ​អគ្គលេខាធិការ​សហគមន៍​ទេសចរណ៍​ទន្លេបាទី​បាន​ឱ្យ​ដឹង​ថា​ ចំណូល​របស់​សហគមន៍​​ទេសចរណ៍​ទន្លេ​បាទី​មាន​តិច​តួច​ពោល ​គឺ​បាន​មក​ពី​ភ្ញៀវ​ទេសចរណ៍ ​បរទេស​ក្នុង​ម្នាក់ៗ​​បង់​វិភាគទាន​១ដុល្លារ​ និង​រថយន្ត​ពី​ ៣​ពាន់​រៀល​ ទៅ​ ៥ពាន់​រៀល​​ ក្នុង​មួយ​គ្រឿង ​ដោយ​ឡែក​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​ម៉ូតូ​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​នោះ​ទេ​។ ​ឯកា​​ចំណាយ​លើ​ការ​ដាំ​ដើម​ឈើ ​និង​សម្អាត​អនាម័យ​ បរិស្ថាន​ ជា​ដើម​នោះ​ត្រូវ​ចំណាយ​ច្រើន។ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល ​ក៏​ដូច​ជា​អង្គការ​មិន​មែន ​រដ្ឋាភិបាល​ ជួយ​គៀង​គរ​រក​ដៃ​គូ​មក​ជួយ​សហគមន៍​ ទេសចរណ៍​ទន្លេបាទី​ឲ្យ​ដំណើរ​ការ​ដោយ​ភាព​ រលូន​តាម​រយៈ​ការ​ផ្ដល់​ថវិការ​ទ្រទ្រង់​សហគមន៍​ទេសចរណ៍​ទន្លេបាទី​៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម