• 2019-07-09 04:30:00
  • សេដ្ឋកិច្ច

បឹងធម្មជាតិកើតពីបន្ទុះភ្នំភ្លើងនៅកណ្តាលព្រៃ ទឹកថ្លាដូចកញ្ចក់ត្រូវចិត្តអ្នកនិយមផ្សងព្រេង

  • 2019-07-09 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹង​ធម្មជាតិ​នៅ​កណ្ដាល​ព្រៃ​ជ្រៅ មិន​សូវ​មាន​អ្នក​ទៅ​ដល់​ក្នុង​ខេត្ត​រតនគិរី​ គឺ​ បឹង​កា​រ៉ា​និង​បឹង​យក្ស​អុង ​ឬ​​ហៅ​ បឹង​ភ្លោះ មាន​ទឹក​ថ្លា​ដូច​កញ្ចក់ ​ត្រូវ​ម៉ាច់​សម្រាប់​អ្នក​​ចូល​ចិត្ត​ធម្មជាតិ​ និង​ភាព​ស្ងៀម​ស្ងាត់។

​បឹង​នេះ​មាន​ទី​តាំង​នៅ​​ភូមិ​ជ្រៃ ​ឃុំ​សេដា ​ស្រុក​លំផាត់ ​ខេត្ត​រតនគិរី ។ ​អ្នកស្រុក​តំណាល​ថា​បឹង​ធម្មជាតិ​នេះ​​កើត​ពី​បាតុភូត​បន្ទុះ​ភ្នំ​ភ្លើង ដោយ​ស្ថិត​លើ​ភ្នំ​តែ​មួយ​​ តែ​មាន​បឹង​២​រាង​មូល​ជាប់​គ្នា​។ ​ផ្លូវ​ចូល​ទៅ​បឹង​​​នេះ ​មាន​ការ​លំបាក​បន្តិច ហ៊ុំ​ព័ទ្ធ​ដោយ​ព្រៃ​ក្រាស់។ ​លោក​អ្នក​ត្រូវ​​​​​​​​ធ្វើ​ដំណើរ​ ៣៧​គី​ឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត ​​ទើប​ទៅ​ដល់។​

​ថ្វី​ត្បិត​​សភាព​ផ្លូវ​មិន​ទាន់​ល្អ​ក៏​ដោយ ​តែ​លោក​អ្នក​នឹង​បាត់​ទុក្ខ​​កង្វល់​ពេល​បាន​ឃើញ​ទិដ្ឋភាព​ផ្ទាល់ ​នៅ​បឹង​ធម្មជាតិ​ស្រស់​ស្អាត​គ្មាន​ពីរ​នេះ។ ​សំឡេង​សត្វ​ព្រៃ​ស្រែក​ច្រៀង​​ទ្រ​ហឹង​អឹង​កង ​បូក​រួម​នឹង​​​ដើម​ឈើ​បៃ​តង​​​ដុះ​ច្រូង​ច្រាង ​កាន់​តែ​ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​លាក់​ខ្លួន​មួ​យ​នេះ​ប្រៀប​ដូច​ស្ថាន​សួគិ៍​លើ​ដី ​រក​អ្វី​ផ្ទឹម​​​បាន។ ​កាន់​តែ​ជាប់​ចិត្ត​ខ្លាំង ​គឺ​ខ្យល់​អាកាស​បែប​ធម្មជាតិ​ ​ស័ក្ដិសម​សម្រាប់​អ្នក​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង។

​​បើ​នៅ​ពេល​យប់​វិញ ​លោក​អ្នក​​​អាច​គេង​មើល​ផ្កាយ និង​ព្រះ​ច័ន្ទ​យ៉ាង​ត្រ​ជាក់​ភ្នែក​​​ជាមួយ​នឹង​ខ្យល់​ត្រជាក់​នា​រដូវ​វស្សា​៕

រូបភាព៖ ​​Occasionally Travelling

ចុចអាន៖ ​ ៤តំបន់ស្អាតត្រកាល ត្រូវចិត្តអ្នកចង់លម្ហែនឹងធម្មជាតិត្រួយស្មៅលាស់ខ្ចីក្នុងរដូវនេះ

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម