• 2019-08-09 05:04:20
  • សេដ្ឋកិច្ច

លោក សោម សម្បត្តិ ៖ ទោះ​ចំណេញ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ មាន​​មុខ​របរ​​ពីរ​ខ្ញុំ​​​មិន​ធ្វើ​ដាច់​ខាត​

  • 2019-08-09 05:04:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​សហគ្រិន​ឆ្នើម​មួយ​រូប ដែល​​តែង​ចូល​រួម​ចែក​រំលែក​បទពិសោធន៍ ​អំពី​គន្លឹះ​​គ្រប់​គ្រង​អាជីវកម្ម ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ ​លោក សោម សម្បត្តិ អគ្គនាយក​ក្រុមហ៊ុន ​CAM-PAINT ​បាន​ប្រាប់​​ថា ​មាន​មុខរបរ​ពីរ ​ដែល​​លោក​ដាច់ខាត​មិន​បោះ​ទុន​រក​ស៊ី ​ទោះ​ចំណេញ​ប្រាក់​ច្រើន​យ៉ាង​ណា​។

លោក​បាន​ឱ្យ​ដឹង​ថា ​មុខ​របរ​ទាំងពីរ​​នោះ​ គឺ​ការ​ពុះ​ដី​ឡូតិ៍​លក់​ និង​ធ្វើ​ជា​ភ្នាក់ងារ​អចលន​ទ្រព្យ ​ខណៈ​អនាគត​នៃ​ការ​ពុះ​ដី​ឡូតិ៍​លក់​នឹង​បង្កើត​ទៅ​​ជា​តំបន់​រញ៉េរញ៉ៃ ​គ្មាន​ប្រព័ន្ធ​ទឹក​ ភ្លើង​​ និង​ផ្លូវ​មិន​ស្អាត​​។ ​ពេល​ម្ចាស់​ដី​ឡូតិ៍​ចាប់​ផ្ដើម​សាងសង់​ផ្ទះ​ មើល​ទៅ​រដិបរដុប​​​ គ្មាន​សោភ័ណភាព​​។ ដូច្នេះ​ការ​ទទួល​បាន​​ប្រាក់​ចំណេញ​ ហើយ​​ទុក​ឱ្យ​ពលរដ្ឋ​រស់​នៅ​តំបន់​រប៉ាត់រប៉ាយ ​គ្មាន​សណ្ដាប់​ធ្នាប់​ដូច​នៅ​តំបន់​អនាធិបតេយ្យ​លោក​​មិន​អាច​​​ធ្វើ​​បាន​ឡើយ។ ​មុខរបរ​មួយ​ទៀត​ គឺ​ធ្វើ​​ជា​​ភ្នាក់ងារ​អចលនទ្រព្យ ​ដើម្បី​បាន​ប្រាក់​កម្រៃ​។ ការងារ​​ប្រភេទ​នេះ​ មិន​ស្ថិត​ស្ថេរ​យូរ​អង្វែង​ទេ។

ទោះ​យ៉ាង​ណា​​​​លោក​បាន​គូស​បញ្ជាក់​ថា ​ការ​លើក​ឡើង​បែប​នេះ​មិន​មែន​មាន​ន័យ​ថា​ វិស័យ​អចលនទ្រព្យ​មិន​ល្អ​នោះ​ដែរ។ ​ប៉ុន្តែ​លោក​មាន​ទិស​ដៅ​ចង់​ឱ្យ​យុវជន​ចេះ​គិត​គូរ​វែង​ឆ្ងាយ​ កុំ​ភ្លើត​ភ្លើន​តាម​​គ្នា​ រហូត​បក​ក្រោយ​លែង​រួច​។​ រឿង​អាស្រូវ​ ក្នុង​វិស័យ​ដីធ្លី​បាន​កើត​មាន​ឡើង​​ស្ទើរ​រាល់​ថ្ងៃ​ ខណៈ​អ្នកខ្លះ​បោះ​ទុន​ទៅ​ដឹង​តែ​ទទួល​បាន​ប្រាក់​ចំណេញ​​ទីបំផុត​រក​ច្រក​ចេញ​អត់​ឃើញ​។ “អញ្ចឹង​ភ្ជាប់​ទៅ​នឹង​សំនួរ​ហ្នឹង​ យុវជន​គួរ​ កសាង​សមត្ថភាព​ជា​បុគ្គល​ម្នាក់​ ​ដែល​ល្អ​សិន ​ហើយ​នៅ​​ពេល​ដែល​យើង​ជា​បុគ្គល​ដែល​ល្អ​ និង​ពូកែ​ នៅ​ពេល​ដែល​យើង​ទៅ​រក​របរ​អី របរ​ហ្នឹង​ក៏​ល្អ​ដែរ​។ ​ខ្ញុំ​ធ្លាប់​ មាន​គេ​សួរ​ខ្ញុំ​ថា​ លោក ​សម្បត្តិ ​លោក ​សម្បត្តិ​ ឯង​ស្រាវ​ជ្រាវ​ច្រើន​ជាង ​មុខ​របរ​អី​ដែល​ល្អ​ជាង​គេ​? ខ្ញុំ​ឆ្លើយ​ថា ​តាម​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​ មុខរបរ​ណា​ក៏​ល្អ​ដែរ ឱ្យ​តែ​មនុស្ស​ហ្នឹង​ល្អ ​សម្រាប់​មុខរបរ​ហ្នឹង។​អញ្ចឹង​ខ្ញុំ​នៅ​តែ​ឱ្យ​តម្លៃ​លើ​មនុស្ស​ជា​អាទិភាព​ទី​១”។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ​ការ​រក​ស៊ី​បើ​សិន​យើង​មាន​មនុស្ស​ល្អ ប៉ុន្តែ​ខ្លួន​យើង​មិន​ល្អ ​តែ​មាន​មនុស្ស​​ម្នាក់​ទៀត​ល្អ ​ចាប់​ដៃ​គ្នា​ធ្វើ​​ នឹង​អាច​ទទួល​បាន​ជោគជ័យ​។ ប៉ុន្តែ​បើ​មិន​ច្បាស់​ទេ​ ទោះ​បី​មាន​លុយ​ គឺ​បាន​ត្រឹម​យក​លុយ​ទៅ​បោះ​ចោល​ប៉ុណ្ណោះ។ យុវជន​គួរ​ឆ្លុះ​កញ្ចក់​​មើល​ស្នូល​រឹង​មាំ​ និង​ខ្លឹម​រឹង​មាំ​សម្រាប់​ខ្លួនឯង​មាន​ហើយ​ឬ​នៅ?​យុវជន​ខ្លះ​បាន​មើល​រំលង​ចំណុច​ទាំងអស់​នេះ និង​ផ្អើល​តាម​គ្នា​។ ដូច្នេះ​​ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​រៀន​សម្លឹង​មើល​​ឱ្យ​បាន​វែង​ឆ្ងាយ ​និង​​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់​លាស់​៕​

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម