• 2019-09-08 06:56:00
  • សេដ្ឋកិច្ច

ការ​ពិត​៥​យ៉ាង​​ដែល​អ្នក​មិន​​បានដឹង​អំពី​ប្រទេស​​បារ៉ែន

  • 2019-09-08 06:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​នឹង​បើក​ទ្វារ​ស្វាគមន៍​បារ៉ែន​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ២០២២។ ក្រៅ​តែ​ពី​ដឹង​ថា​​បារ៉ែន​ជា​ប្រទេស​​នៅ​ឧបទ្វីប​អារ៉ាប់​ហើយ មនុស្ស​ភាគ​ច្រើន​មិន​សូវ​បាន​ដឹង​អំពី​ប្រទេស​នេះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​ពិត​៥​យ៉ាង​អំពី​ប្រទេស​អ្នក​មាន​មួយ​នេះ៖

១ វា​ជា​ប្រទេស​តូច​ជាង​គេ​បំផុត​លំដាប់​ទី​៣​នៅ​អាស៊ី

ប្រទេស​អាស៊ី​ដែល​តូច​ជាង​គេ​គឺ សិង្ហបុរី និង ម៉ាល់ឌីវ ហើយ​បារ៉ែន​គឺ​ជា​ប្រទេស​តូច​បំផុត​ទី​៣​នៅ​អាស៊ី វា​មាន​ផ្ទៃ​ដី​ត្រឹម៧៧៨ គីឡូម៉ែត្​ការ៉េ (របាយការណ៍ World Bank ឆ្នាំ​២០១៨)។ បារ៉ែន​មាន​ឈ្មោះ​ផ្លូវការ​ថា ព្រះរាជាណាចក្រ​បារ៉ែន។

បណ្តុំកោះ​នៃ​ប្រទេស​បារ៉ែន​មើល​ពី​លើ​លំហ

ប្រទេស​នេះ​គ្មាន​ព្រំប្រទល់​គោក​ជាប់​នឹង​ប្រទេស​ណា​ទេ វា​កើត​ចេញ​ពី​​ប្រជុំ​កោះ​ចំនួន ៨៤ ដែល​មាន​ឆ្នេរ​លាត​សន្ធឹង​ប្រមាណ ១៦០,៩ គីឡូម៉ែត្រ។ នេះ​បើ​តាម World Atlas។ បារ៉ែន​ស្ថិត​នៅ​ក្នុង​ ​ឈូង​សមុទ្រ​ពែរ្ស ភាគ​ខាង​ជើង​នៃ​​ប្រទេស​កាតា និង ស្ថិត​នៅ​​ទិស​បូព៌ា​នៃ​​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត។

២ បារ៉ែន​ទើប​ទទួល​ឯករាជ្យ​​ជាង​កន្លះ​សតវត្ស​មុន​ប៉ុណ្ណោះ

បារ៉ែន​ទើប​​​ទទួល​​បាន​ឯករាជ្យ​ពី​ពួក​ពែរ្ស (អ៊ីរ៉ង់) នៅ​ឆ្នាំ​១៩៧១ ពោល​គឺ​កាល​ពី ៤៨​ឆ្នាំ​មុន។

បារ៉ែន​បាន​ក្លាយ​ទៅ​ផ្នែក​នៃ​ទឹកដី​​របស់​ជនជាតិ​ពែរ្ស (អ៊ីរ៉ង់) នៅ​ដើម​សតវត្ស​ទី​១៧​ក្រោយ​ពួក​ពែរ្ស​បណ្ដេញ​​​អាណានិគម​ព័រទុយហ្គាល់​ពី​ទឹកដី​បារ៉ែន បន្ទាប់​ពី​ព័រទុយហ្គាល់​បាន​គ្រប់គ្រង​បារ៉ែន​អស់​រយៈ​ពេល​៨១​ឆ្នាំ (១៥២១-១៦០២)។

៣ បារ៉ែន​មាន​ន័យ​ថា "សមុទ្រ​២"

ប្រទេស​នេះ​យក​ឈ្មោះ​ពី​ភាសា​អារ៉ាប់ “al-Bahrayn” ដែល​ប្រែ​ថា "the two seasឬ សមុទ្រ​២"។

៤ បារ៉ែន​តូច​តែ​ជា​ប្រទេស​អ្នកមាន

របាយការណ៍​ឆ្នាំ​២០១៨​របស់​ធនាគារ​ពិភពលោក​បង្ហាញ​ថា បារ៉ែន​មាន​ប្រជាជន​ប្រមាណ ១,៦ លាន​នាក់​ ពោល​គឺ​តិច​ជាង​កម្ពុជា​១០​ដង តែ​​បារ៉ែន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អ្នក​មាន​នៅ​លើ​ពិភពលោក។ ចំណូល​ជា​មធ្យម​ដែល​ប្រជាជន​ម្នាក់​រក​បាន​ក្នុង​១​ឆ្នាំ (GDP per capita) មាន​ប្រមាណ ២៩,១៤៦ ដុល្លារ។

ផលិតផល​ប្រេង​ឆៅ​ និង ប្រេងឥន្ធនៈ​គឺជា​ការ​នាំចេញ​ចម្បង​របស់​បារ៉ែន។ ប្រទេស​នេះ​ផលិត​ប្រេង​ជា​មធ្យម​បាន​ ៤០,០០០ បារ៉ែល​ក្នុង​១​ថ្ងៃ។ ជារួម ប្រទេស​​នៅ​ឧបទ្វីប​​អារ៉ាប់​ភាគ​ច្រើន កើត​មក​នៅ​លើ​​​ទឹកដី​ដ៏​អំណោយ​ទាន​ជា​ដី​រ៉ែ ហើយ​អ្នក​ក្បែរ​ខាង​បារ៉ែន​ដូចជា កាតា អារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់​រួម​ជា​ដើម​សុទ្ធ​តែ​​ជា​ប្រទេស​ស្តេច​ប្រេង។

៥ ប្រើប្រាស់​ថាមពល​អគ្គិសនី​ច្រើន​បំផុត​លំដាប់​ទី​៣

​​​​ឧបទ្វីប​អារ៉ាប់​​តែង​មាន​អាកាសធាតុ​ក្តៅ​និង​សើម​ពេញ​មួយ​ឆ្នាំ ព្រោះ​សណ្ឋាន​ដី​ភាគច្រើន​ជា​ដី​ខ្សាច់។ ជាក់ស្តែង កាល​ពី​ខែ​មិថុនា​កន្លង​ទៅ បារ៉ែន​ជាប់​កំណត់​ត្រា​ជា​ប្រទេស​ក្តៅ​បំផុត​ក្នុង​ចំណោម​​​ប្រទេស​នៅ​ឈូង​សមុទ្រ​អារ៉ាប់។ វា​មាន​សីតុណ្ហភាព​ជា​មធ្យម​ក្នុង​ខែ​មិថុនា​គឺ ៣៦,៣ អង្សាសេ ហើយ​ក្តៅ​បំផុត​រហូត​ដល់​ ៤៥,៣ អង្សាសេ។

យោងតាម​ស្ថិតិ ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៨ បារ៉ែន​គឺ​ជា​អ្នក​ប្រើប្រាស់​ថាមពល​អគ្គិសនី​ច្រើន​​ជាង​គេ​បំផុត​នៅ​អាស៊ី ​នៅ​ពេល​​គិត​​ជា​មធ្យម​​​នូវ​ថាមពល​ដែល​មនុស្ស​​ម្នាក់ៗ​ប្រើប្រាស់​ (ប្រមាណ ១៦,៦៣៦.៥២ គីឡូវ៉ាត់ម៉ោង) និង ជា​ប្រទេស​ស្រេក​ឃ្លាន​ថាមពល​ខ្លាំង​លំដាប់​ទី​៣​នៅ​លើ​ពិភពលោក តាម​ពី​ក្រោយ​ អ៊ីស្លង់ និង ន័រវែស៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម