• 2019-09-25 08:51:44
  • ព័ត៌មាន

វិចិត្រករ​ផ្តុំ​គ្នា​គូរ​រូប​សៀវភៅ​រឿង​កុមារ​ទាក់​ទង​នឹង​អាជីព​ទាំង​ ១១ នៅ​ខេត្ត​បាត់ដំបង​

  • 2019-09-25 08:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ អង្គការ​មូលនិធិ​អាស៊ី​ប្រចាំ​កម្ពុជា​ បាន​រៀប​ចំ​កម្មវិធី​បង្កើត​សៀវភៅ​រឿង​សម្រាប់​កុមារ​ (BookLab) ក្រោម​គម្រោង​របស់​ Let’s Read ដែល​មាន​រយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ឯ​ខេត្ត​បាត់ដំបង​ ដោយ​មាន​ការ​ចូល​រួម​ពី​ វិចិត្រករ​ នាយក​សិល្បៈ​ និង​អ្នក​ដឹក​នាំ​សិក្ខា​សាលា​។

ក្នុង​កំឡុង​ពេល​ពីរ​ថ្ងៃ​នៅ​ខេត្ត​បាត់ដំបង​ សៀវភៅ​រឿង​កុមារ​ទាក់ទង​នឹង​អាជីព​ទាំង​ ១១ ត្រូវ​បាន​វិចិត្រករ​ ដែល​ប្រកប​ទៅ​ដោយ​ទេពកោសល្យ​យ៉ាង​ល្អ​ឯក​ ព្យាយាម​គូរ​រូប​ផ្សេងៗ ទាក់​ទង​នឹង​អាជីព​ទាំង​ ១១ ឲ្យ​ត្រូវ​ទៅ​នឹង​បរិបទ​របស់​កុមារ​ មុន​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​លើ​បណ្ណាល័យ​ឌីជីថល​ Let’s Read ។

កម្មវិធី​សៀវភៅ​រឿង​កុមារ​ ដែល​ធ្វើ​ឡើង​នៅ​ ហ្វារ​ពន្លឺ​សិល្បៈ​ខេត្ត​បាត់ដំបង​ជា​លើក​ដំបូង​នេះ​ មាន​ការ​ចូល​រួម​ពី​ លោក​យី សុងគី ប្រធាន​មន្ទីរ​អប់​រំ​ខេត្ត​បាត់ដំបង​ លោក​ Kyle Barker នាយក​រង​កម្មវិធី​សៀវភៅ​សម្រាប់​អាស៊ី​ នៃ​អង្គការ​មូលនិធិ​អាស៊ី​ DJ Nana ទូត​សុឆន្ទៈ​ (CSR Ambassador) នៃ​ក្រុមហ៊ុន​ Smart Axiata និង​ លោក​ ពៅ កាំង ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ Starbucks Cambodia។

ក្នុង​នោះ​ លោក​ Kyle Barker បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​លោក​បង្កើត​គម្រោង​នេះ​ឡើង​ គឺ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​បរិបទ​នៃ​ប្រទេស​កម្ពុជា​ ដែល​កំពុង​ស្ថិត​ក្នុង​យុគ​សម័យ​បដិវត្ត​ឧស្សាហកម្ម​លើក​ទី​ ៤។​

លោក​ថា​ ៖«ហើយ​សៀវភៅ​ទាំង​នេះ​នឹង​ជួយ​កុមារ​បង្កើត​ចំណាប់​អារម្មណ៍​ក្នុង​ការ​ស្វែង​រក​អាជីព​នៅ​ក្នុង​វិស័យ​ស្ទែម ដែល​រួម​មាន​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា»។

បញ្ជាក់​ដែរ​ថា​ គម្រោង Let’s Read គឺ​ជា​កិច្ច​ផ្ដួច​ផ្ដើម​ឡើង​ដោយ​អង្គការ​មូលនិធិ​អាស៊ី​ ហើយ​ក៏​ជា​គម្រោង​ដែល​កំពុង​រីក​ដុះ​ដាល​យ៉ាង​លឿន​ ដោយ​ពឹង​ផ្អែក​ទៅ​លើ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​មូលនិធិ​អាស៊ី ​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ ១៨ ប្រទេស​ជា​មួយ​នឹង​សហគមន៍​​កសាង​បណ្ណាល័យ​ឌីជីថល​ ជា​ភាសា​ក្នុង​តំបន់​។

ចំណែក​សៀវភៅ​ផលិត​នៅ​ក្នុង​កម្មវិធី​នេះ​ និង​សៀវភៅ​ផ្សេងៗ​ ដែល​មាន​ស្រាប់​ នៅ​លើ​បណ្ណាល័យ​ឌីជីថល​ សាធារណ​ជន​អាច​រក​អាន​ ទាញ​យក​ ព្រីន​ និង​ចែក​ចាយ​បាន​ដោយ​សេរី​តាម​រយៈ​ www.letsreadasia.org

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី