• 2019-11-15 06:34:28
  • ចរាចរណ៍

​​តើ​​កម្ពុជា​​​គ្រោង​ថវិកា​ប៉ុន្មាន​ ដើម្បី​សាង​សង់​ស្ពាន​វែង​ជាង​គេ ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​​នៅ​ដើម​ឆ្នាំ​​ក្រោយ​​?

  • 2019-11-15 06:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្រោង​​ស្ពាន​ថ្មី​ប្រវែង​ជិត​ ៤​​គីឡូ​ម៉ែត្រ​នៅ​ចំ​កណ្ដាល​​ប្រទេស ​ឆ្លង​កាត់​ទន្លេ​ ៣​ នៅ​ពី​ក្រុង​កំពង់​ឆ្នាំង​ ទៅ​​កាន់​ទី​រួម​ស្រុក​កំពង់​លែង ​និង​សាង​សង់​​ផ្លូវ​ជាតិ​លេខ​ ៥០​C ប្រវែង​៥៧​គីឡូ​ម៉ែត្រ​ ​ពី​ស្រុក​កំពង់​លែង ​ខេត្ត​កំពង់​ឆ្នាំង​​ឆ្ពោះ​ទៅ​​កាន់​ក្រុង​ស្ទឹង ​សែន​ ខេត្ត​កំពង់ធំ ​នឹង​ត្រូវ​ចាប់​ផ្ដើម​សាង​សង់​​នៅ​ដើម​ឆ្នាំ​២០២០​ ខាង​មុខ​ ខណៈ​ខ្ទង់​​ការ​​សាង​សង់​គ្រោង​ចំណាយ​​ប្រមាណ ២០០​​លាន​ដុល្លារ​អាមេរិក។

ឯកឧត្ដម​ ខាន់  ម៉ាណេ ប្រធាន​ក្រុម​ការងារ​អន្តរ​ក្រសួង​​​គម្រោង​សាង​សង់​ស្ពាន​​​ខាងលើ​​  កន្លង​មក​ក្នុង​ពេល​ជួប​សំណេះ​សំណាល​ទៅ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ច្រណូក ​ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ពេល​​កន្លង​មក​​​បាន​ឱ្យ​​ដឹង​ថា​​ ​គម្រោង​ខាង​លើ​ចំណាយ​ថវិកា​ប្រមាណ​ ២៥០​លាន​ដុល្លារ ​ក្នុង​នោះ​ធ្វើ​​ស្ពាន​​​២០០​លាន​ដុល្លារ​​ និង​ធ្វើ​ផ្លូវ​៥០​លាន​ដុល្លារ។

​គម្រោង​ខាង​​លើត្រូវ​កសាង​ស្ពាន​ឆ្លង​ទន្លេ​ ដែល​មាន​ប្រវែង​៣៩០០​ម៉ែត្រ ​ចេញ​ពី​ក្រុង​កំពង់​ឆ្នាំង ​ឆ្លង​កាត់​ទន្លេ​​​ ៣​ មក​កាន់​ទី​រួម​ស្រុក​កំពង់​លែង​ នឹង​កសាង​ផ្លូវ​លេខ៥០C ​មួយ​ខ្សែ​ទៀត ​ពី​ទី​រួម​ស្រុក​កំពង់​លែង ​ទៅ​កាន់​ក្រុង​ស្ទឹង​សែន ​ខេត្ត​កំពង់​ធំ​ ដែល​មាន​ប្រវែង​៥៧​គីឡូ​ម៉ែត្រ​។ ​ការ​កសាង​ផ្លូវ​ប្រវែង​៥៧​គីឡូ​ម៉ែត្រ​នេះ​ ត្រូវ​កសាង​ស្ពាន​ចំនួន៥​កន្លែង​ទៀត​មាន​ប្រវែង​ពី​៥០ម៉ែត្រ​ទៅ​១០០​ម៉ែត្រ  ​និង​កសាង​លូ​ប្រអប់​ចំនួន​១៥៩​កន្លែង​ផង​ដែរ ​​។

ឯកឧត្ដម ​ស៊ុន ​ចាន់ថុល ​​ទេសរដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ក្នុង​ពិធី​​តែង​តាំង​ប្រធាន​មន្ទីរ​សាធារណ​ការ​ និង​ដឹកជញ្ជូន​ ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ដើម​ខែ​នេះ​​ ​បាន​ថ្លែង​​ថា​ ​គម្រោង​​សាង​សង់​ស្ពាន​​ និង​ផ្លូវ​​នេះ ​កន្លង​មក​ក្រសួង​បាន​សហការ​ជាមួយ​អន្តរ​ក្រសួង​សិក្សា​ផល​ប៉ះពាល់​អំពី​បរិស្ថាន​ជិត​ចប់​ជា​ស្ថាពរ​ហើយ​ ដែល​នៅ​ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ក្រសួងសាធារណការ​ និង​ចរចា​តម្លៃ​កសាង​ជាមួយ​ក្រុមហ៊ុន​ចិន​ ដើម្បី​ឈាន​ទៅ​ដំណើរ​ការ​កសាង​ស្ពាន​ថ្មី ​និង​ផ្លូវ៥០C​។

នៅ​ក្នុង​ឱកាស​បើក​ពិធី ​បុណ្យ​ទន្លេ​លើក​ទី​៥ នៅ​ខេត្ត​កំពង់​ឆ្នាំង​កាល​ពី​ពេល​​កន្លង​ទៅ​​នេះ ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រកាស​ជូនដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​ ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​កំពង់​ឆ្នាំង​ទាំងអស់​ឱ្យ​បាន​ដឹង​អំពី​គម្រោង​សាងសង់​ផ្លូវ​ប្រវែង​ជាង ៥៧ គីឡូម៉ែត្រ ពី​ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់ ក្រុង ស្ទឹងសែន នៃ​ខេត្ត​កំពង់ធំ​​។​ ​

បច្ចុប្បន្ន​​កម្ពុជា​​​មាន​ស្ពាន​​វែង​ជាង​គេ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​គឺ​ស្ពាន​អ្នក​លឿង​មាន​ប្រវែង ​២,២១៥ ​ម៉ែត្រ ​ដែល​ចំណាយ​ថវិកា​សាង​សង់​ប្រមាណ​ជា​១៣០ លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ សុផល

មតិយោបល់
អត្ថបទពេញនិយម