• 2019-11-29 04:33:37
  • សេដ្ឋកិច្ច

ធនាគារដែលមានសាខាច្រើនជាងគេលំដាប់​ទី៣ នៅកម្ពុជា សម្ពោធសាខាគំរូថ្មី

  • 2019-11-29 04:33:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារហ្វីលីព (PhillipBank) បានប្រកាសបើកសាខាថ្មីមួយ ដែលស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សាខា​ថ្មីដែល​ត្រូវបានរចនាដ៏ពិសេសនេះ នឹងដើរតួនាទីជា​សាខាគំរូមួយ សម្រាប់រាល់សាខាទាំង ៨៩កន្លែងរបស់ខ្លួន នៅទូទាំងប្រទេស ក្រោយពីធនាគារនេះ បំពេញការរួមបញ្ចូលជាផ្លូវការតាមការគ្រោងទុកជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រេឌីត (Kredit)។

កម្មវិធីកាត់ខ្សែបូរណ៍សម្ពោធសាខាថ្មីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា មន្ត្រីតំណាងធនាគារជាតិនៃកម្ពុជា និងលោក Lim Hua Min អគ្គនាយកធនាគារហ្វីលីព។

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធសាខាថ្មីរបស់​ធនាគារហ្វីលីព

សាខាថ្មីមួយនេះ ដែលត្រូវបានរចនាជាមួយនឹងពណ៌ខៀវចាស់ និងពណ៌ទឹកក្រូចដ៏រស់រវើក តំណាងឲ្យការបោះជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍធនាគារហ្វីលីព (PhillipBank) ឲ្យទៅជាធនាគារពាណិជ្ជ ផ្តល់សេវាពេញលេញមួយ ដើម្បីបម្រើដល់​ក្រុមហ៊ុន​សាជីវកម្ម អាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម និងមីក្រូហិរញ្ញវត្ថុខ្នាតតូច ជាមួយនឹងការបម្រើសេវាកម្មទូទាំងប្រទេស។

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកធនាគារហ្វីលីព មានប្រសាសន៍ក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធសាខាថ្មីនេះ ថា៖ «សាខាគំរូរបស់យើង ដែលស្ថិតលើផ្លូវកម្ពុជាក្រោម បង្ហាញពីបំណងប្រាថ្នារបស់យើងឆ្ពោះទៅកាន់វិថីថ្មីក្នុងវិស័យធនាគារ ពោលគឺចាប់ពីរូបរាងដែលមានការកែប្រែថ្មី និងទាន់សម័យ រហូតដល់មុខងារថ្មីៗជាច្រើន ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់នូវបទពិសោធដល់អតិថិជនបន្ថែមទៀត ដូចជាសេវាអទិភាព (Phillip Priority) និងសេវាបម្រើអតិថិជន ដែលត្រូវបានគាំទ្រដោយប្រព័ន្ធធនាគារស្នូលថ្មីមួយ និងស្មារតីយកចិត្តទុកដាក់ខ្ពស់របស់បុគ្គលិកតាមសាខា»។

លោក Lim Hua Min អគ្គនាយកធនាគារហ្វីលីព

សាខាគំរូដែលស្ថិតនៅផ្លូវកម្ពុជាក្រោមនេះ ត្រូវបានអភិវឌ្ឍការសាងសង់ទាំងស្រុងដោយក្រុមមួយ ដែលដឹកនាំដោយលោក Andrew Liew អគ្គនាយករង ទទួលបន្ទុកផ្នែកធនាគារបុគ្គល នៃធនាគារហ្វីលីព។

បច្ចុប្បន្ន PhillipBank មានសាខាចំនួន ៦កន្លែង នៅរាជធានីភ្នំពេញ ស្របពេលដែលស្ថាប័នក្រេឌីត មាន ៨៣សាខា ទូទាំងប្រទេសកម្ពុជា។ ការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានទាំង២ នឹងធ្វើឲ្យ PhillipBank ក្លាយជាធនាគារដែលមានសាខាច្រើនជាងគេបំផុតទី៣ នៅកម្ពុជា ដែលបម្រើជូននូវរាល់សេវាធនាគារពាណិជ្ជទាំងអស់ ទៅកាន់អតិថិជន ទូទាំងប្រទេសកម្ពុជា។

លោក Andrew Liew អគ្គនាយករង ទទួលបន្ទុកផ្នែកធនាគារបុគ្គល នៃធនាគារហ្វីលីព

គ្រឹះស្ថានឯកជនដែលត្រូវបានរួមបញ្ចូលគ្នាថ្មីនេះ ដែលនឹងប្រតិបត្តិក្រោមការប្រើប្រាស់ឈ្មោះធនាគារហ្វីលីព (PhillipBank) នឹងជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយក្នុងតំបន់ ដោយមានទីតាំងច្រើនជាង ១៦ប្រទេស និងទ្រព្យសម្បត្តិក្នុងទឹកប្រាក់ច្រើនជាង ៣៥ពាន់លានដុល្លារអាមេរិក ក្រោមការគ្រប់គ្រងរបស់ខ្លួន។

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកធនាគារហ្វីលីព បានថ្លែងថា៖ «នេះគឺជាថ្ងៃដ៏រំភើបសម្រាប់ធនាគារ PhillipBank កម្ពុជា ដែលរួមជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង ២ទៀតរបស់យើងនៅទីនេះ រួមមាន Phillip General និង Phillip Life នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ នូវរាល់សេវាហិរញ្ញវត្ថុ និងសេវាគ្រប់គ្រងទ្រព្យសម្បត្តិដ៏ទូលំទូលាយបំផុត ទូទាំងព្រះរាជាណាចក្រកម្ពុជា»។

អំឡុងពេលនៃការបើកឲ្យដំណើរការមិនផ្លូវការជាលើកដំបូងនៅឯសាខាគំរូថ្មីនេះ ការឆ្លើយតបរបស់អតិថិជនដ៏ច្រើនលើសលុប បានស្ថិតក្នុងកម្រិតជាវិជ្ជមាន។ ក្រោមការធ្វើអង្កេតរបស់ធនាគារ PhillipBank អតិថិជន ៩៦% បាននិយាយថា ពួកគាត់ ពេញចិត្តនឹងទីតាំងរបស់សាខានេះ ហើយភាគច្រើននៃអ្នកចូលរួមការស្ទង់មតិ បញ្ជាក់ថា ពួកគាត់ពេញចិត្តនឹងការរចនាថ្មី និងការធ្វើសហសម័យផ្សេងៗ។

ក្នុងការធ្វើការស្ទាបស្ទង់មតិដដែលលើអតិថិជន ១០០នាក់ នៅឯសាខាគំរូថ្មីនេះ ច្រើនជាង ៩៥% ក៏បានឆ្លើយតបផងដែរថា ពួកគាត់ពេញនឹងសេវាអទិភាព (Phillip Priority) ហើយ ភាគច្រើនបានបញ្ជាក់ថា ពួកគាត់នឹងណែនាំធនាគារនេះ ដល់ក្រុមគ្រួសារ ឬមិត្តភក្តិរបស់ខ្លួន។

លោក Andrew Liew បានបញ្ជាក់ថា ការរីកចម្រើនក្នុងអាជីវកម្ម នៅឯសាខាគំរូថ្មីនេះ បើគិតចាប់តាំងពីការបើកឲ្យដំណើរការសាកល្បងជាលើកដំបូង ពិតជាផ្តល់លទ្ធផលដ៏គួរឲ្យកត់សម្គាល់ ហើយការរីកចម្រើននេះត្រូវបានរំពឹងទុកថា នឹងបន្តកើនឡើងឥតឈប់ឈរ បន្ទាប់ពីការបើកសម្ពោធសាខាថ្មីនេះជាផ្លូវការនៅថ្ងៃនេះ។

ការបណ្តាក់ទុនរបស់ក្រុមហ៊ុន PhillipCapital នៅកម្ពុជា បានចាប់ឡើងចាប់តាំងពីឆ្នាំ២០០៩ ដែលនៅពេលនោះក្រុមហ៊ុនបានវិនិយោគក្នុងទឹកប្រាក់ជាលើកដំបូងរបស់ខ្លួនចំនួន ១០ម៉ឺនដុល្លារអាមេរិក ទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ First Finance ដែលត្រូវបានគេស្គាល់កាលពីពេលនោះថា ជា First Home។

បច្ចុប្បន្ន ការវិនិយោគរបស់ក្រុមហ៊ុននេះ នៅកម្ពុជា មានចំនួនទឹកប្រាក់ច្រើនជាង ១១០លានដុល្លារអាមេរិក ទៅលើវិស័យធនាគារ ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ក្រុមហ៊ុនធានារ៉ាប់រងលើអាយុជីវិត និងសេវាមីក្រូហិរញ្ញវត្ថុ។

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរី នៅកម្ពុជា បានថ្លែងអំឡុងពេលពិធីបើកសម្ពោធថា៖ «ទំនាក់ទំនងរវាងសិង្ហបុរ-កម្ពុជា មិនត្រឹមតែផ្តោតលើពាណិជ្ជ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ ខណៈដែលសហគមន៍សិង្ហបុរីនៅនេះ ក៏ផ្តោតជាសំខាន់​លើទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ផងដែរ។ ជាចុងបញ្ចប់ ខ្ញុំពិតជារីករាយណាស់ក្នុងការបញ្ជាក់ថា PhillipBank មានការប្តេជ្ញាចិត្តក្នុងការជួយដល់សហគមន៍កម្ពុជា ជាមួយនឹងគំនិតផ្តួចផ្តើមលើកម្មវិធីទំនួលខុសត្រូវសង្គមជាយុទ្ធសាស្ត្រ លើវិស័យពិការភាព និងសិល្បៈ ការអប់រំ និងសហគមន៍ការងារនៅតាមខេត្ត»។

ឯកអគ្គរដ្ឋទូតសិង្ហបុរីរូបនេះ បានបញញជាក់ថា ទំនាក់ទំនងដ៏ជិតស្និទ្ធ និងរឹងមាំរវាងសិង្ហបុរី និងកម្ពុជា ក្នុងគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់ នឹងបង្កើតឲ្យមានលទ្ធផលដ៏ល្អដល់អនាគតរបស់ប្រទេសទាំង២៕

លោក​ លន់​ សំអុល​ ប្រធាននាយកដ្ឋានត្រួតពិនិត្យធនាគារជាតិ

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់