- 2020-01-18 03:34:45
- ព័ត៌មាន
មិនខ្វល់គេថាការងារតូចតាច ស្ត្រីខ្មែរម្នាក់តស៊ូពីកូនជាងធ្វើក្រចកដល់ឈ្នះពានក្លាយជាថៅកែហាងល្បី
- 2020-01-18 03:34:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្វល់គេថាការងារតូចតាច ស្ត្រីខ្មែរម្នាក់តស៊ូពីកូនជាងធ្វើក្រចកដល់ឈ្នះពានក្លាយជាថៅកែហាងល្បី
ចន្លោះមិនឃើញ
«ចង់រកឃើញភាពរីកចម្រើនក្នុងអាជីព ដំបូងយើងត្រូវជឿជាក់ថាយើងអាចធ្វើបាន ទោះជាលំបាកយ៉ាងណាក៏ដោយ ដាក់ចិត្តស្រលាញ់មុខរបរនោះ ប្រឹងឲ្យអស់លទ្ធភាព និងបន្តរៀនសូត្រមិនឈប់ឈរ។ សម្រាប់ខ្ញុំ ការងារធ្វើ និងរចនា ក្រចកប្រៀបបាននឹងសិល្បៈមួយ ដែលទាមទារជំនាញច្បាស់លាស់ ការយកចិត្តទុកដាក់ខ្លាំង និងការច្នៃប្រឌិតថ្មីៗឲ្យទាន់សម័យកាល ទើបអាចឈរជើងរឹងមាំក្នុងទីផ្សារបាន»។
ខាងលើនេះជាការលើកឡើងរបស់អ្នកនាង ជូ ដែលបច្ចុប្បន្ន គឺជាថៅកែស្រីអាជីវកម្មធ្វើក្រចក Queen Nail និងជាគ្រូបង្រៀនធ្វើក្រចក ដែលមានឈ្មោះបោះសំឡេងក្នុងទីផ្សារទាំងនៅភ្នំពេញ និងខេត្តសៀមរាប។ មានការទទួលស្គាល់ក្នុងវិស័យរចនាក្រចក ជាមួយបទពិសោធន៍ធ្វើក្រចកជាង ១៤ឆ្នាំមកនេះ អ្នកគ្រូរចនាក្រចក វ័យ ២៧ឆ្នាំរូបនេះ បានចែករំលែកគន្លឹះជោគជ័យក្នុងអាជីពនេះថា៖
« បច្ចុប្បន្នហាងរចនាក្រចករីកដូចផ្សិត ដូច្នេះភ្ញៀវមានជម្រើសច្រើន។ ចង់ឲ្យភ្ញៀវមករកយើង គឺយើងត្រូវតែមានកេរ្តិ៍ឈ្មោះល្អ ធានាគុណភាព និងទំនុកចិត្ត ។ បើយើងមិនប្រយ័ត្ន ផ្ដល់សេវាមិនល្អ ហើយគុណភាពការងារអន់ យើងនឹងបាត់បង់អតិថិជន ពិសេសសម័យនេះ ធ្វើបានល្អគឺល្បីរហ័ស តែបើធ្វើអន់ ខុសចិត្តភ្ញៀវ ក៏ខូចឈ្មោះរហ័សដែរ»។
«អ្វីដែលខ្ញុំតែងផ្ដាំទៅកូនសិស្ស និងកូនជាងខ្ញុំទាំងអស់ គឺមុនចាប់កាន់ដៃភ្ញៀវ ចាប់ផ្ដើមធ្វើក្រចក ត្រូវសម្រួលអារម្មណ៍ ធ្វើចិត្តឲ្យស្ងប់ Relax ស្រលាញ់ដៃភ្ញៀវដូចដៃខ្លួនឯង និងផ្ចិតផ្ចង់ឲ្យអស់លទ្ធភាព ព្រោះគ្រឿងធ្វើក្រចកតូចល្អិតៗ ពិបាកចាប់ ឬបិទខ្លាំងណាស់។ សំខាន់មួយទៀត គឺត្រូវពន្យល់ភ្ញៀវឲ្យយល់ពីដំណាក់កាលនីមួយៗនៃការធ្វើក្រចក និងការរចនាម៉ូដមួយនោះដែលភ្ញៀវស្រលាញ់»។
មុនក្លាយខ្លួនជាគ្រូជំនាញធ្វើក្រចកដូចបច្ចុប្បន្ននេះ អ្នកគ្រូ ជូ បានបង្ហើបឲ្យដឹងថា អ្នកគ្រូបានចាប់ផ្ដើមពីកូនជាងតូចតាចតាមផ្សារ ដែលកាលនោះមូលហេតុដែលចាប់យកជំនាញនេះដោយសារតែតម្រូវការជីវភាព ព្រោះថាជំនាញធ្វើក្រចកនេះ រៀនតែ ៤ខែ អាចចេញធ្វើការរកលុយបានហើយ។
«ខ្ញុំ និងប្អូនស្រីកំព្រាម្ដាយឪពុកតាំងពីក្មេង ហើយត្រូវលោកតា និងពូយកមកចិញ្ចឹម។ ដោយឃើញស្ថានភាពគ្រួសារលំបាក ខ្ញុំក៏ឈប់រៀនហើយមករៀនធ្វើក្រចកតាំងពីអាយុ ១៣ ឆ្នាំមកម្ល៉េះ។ ខ្ញុំប្រឹងរហូតបើកហាងខ្លួនឯងបាន ហើយប្អូនស្រីខ្ញុំ ក៏ឈប់រៀនដែរមកជួយធ្វើក្រចកនៅហាងខ្ញុំ។ អាណិតប្អូនណាស់ គេស្រលាញ់ការសិក្សាចង់រៀនបានខ្ពស់ដូចគេឯង។ ឃើញដូច្នេះខ្ញុំក៏ប្រឹងពង្រឹងជំនួញ ហើយជួយឲ្យប្អូនត្រលប់ចូលរៀនតាមបំណង រហូតដល់ទទួលបានសញ្ញាប័ត្រផ្នែកគូសប្លង់ស្ថាបត្យកម្ម»។
ទោះពីដំបូងមិនបានប៉ងចាប់ជំនាញនេះចេញពីចិត្ត តែអ្នកគ្រូ ក៏តែងប្រាប់ខ្លួនឯងថាឲ្យស្រលាញ់ និងច្បាស់លាស់ជាមួយវា ហើយត្រូវតែប្រឹងសម្រួចវា ដូចពាក្យចាស់ពោលថា «ចេះអី ចេះឲ្យប្រាកដ លុយរត់រក» ។ ដូច្នេះជាច្រើនឆ្នាំមកនេះ អ្នកគ្រូ ជូ បានអភិវឌ្ឍខ្លួនពី កូនជាងក្រចកធម្មតា មកជាមេជាង ក្នុងពេលជាមួយគ្នា អ្នកគ្រូបានចំណាយទាំងប្រាក់កាស និងពេលវេលារៀនសូត្រពីក្រៅប្រទេស នូវជំនាញរចនាតុបតែងក្រចក រៀននៅថ្នាក់ផ្ទាល់ផង រៀនតាមអនឡាញផង ដើម្បីដុសខាត់ជំនាញមួយនេះឲ្យមុតស្រួច និងទាន់សម័យកាល។
រហូតដល់ដើមឆ្នាំ ២០១៩ ថៅកែស្រី Queen Nail បានសម្រេចជោគជ័យធំមួយទៀត លើការបើកថ្នាក់បង្រៀនធ្វើ និងតុបតែងក្រចក ដោយមកដល់បច្ចុប្បន្ននេះ កូនសិស្សដែលទទួលបានជំនាញរចនាក្រចកពី Queen Nail មិនតិចជា ២០០នាក់ឡើយ។
« អ្វីដែលខ្ញុំមានថ្ងៃនេះ មិនទាន់អាចហៅថាជាជោគជ័យនៅឡើយទេ ខ្ញុំនៅត្រូវរៀនសូត្រច្រើនទៀត។ ទោះយ៉ាងនេះក្តី តែខ្ញុំក៏សប្បាយចិត្តដែលខ្ញុំបានចាប់ផ្ដើមពីគ្មានអ្វីទាល់តែសោះ ដោយប្រើកម្លាំង និងសមត្ថភាពខ្លួនឯងពិតៗ រហូតទទួលបានលទ្ធផលដូចសព្វនេះ។ ហើយខ្ញុំចង់ផ្ដាំផ្ញើទៅក្មេងជំនាន់ក្រោយទាំងអស់ សូមកុំគិតថាខ្លួនកើតមកក្រ ធ្វើអ្វីក៏មិនបាន តាមពិតទៅការលំបាកនឹងបង្រៀនយើងឲ្យចេះប្រឹង ដូចជាការធ្វើក្រចកនេះអីចឹង វាមើលទៅតូចតាចមែន តែមិនមែនអ្នកណាក៏ចេះតែធ្វើបានដោយគ្មានជំនាញឡើយ សំខាន់ទីផ្សារធ្វើ និងរចនាក្រចក មានទូទាំងពិភពលោក មិនមែនតែស្រុកខ្មែរទេ»។
បច្ចុប្បន្នថ្នាក់បង្រៀនធ្វើក្រចក Queen Nail មានសិស្ស ចាប់ពី ២០នាក់ ទៅ៥០នាក់ ក្នុងមួយថ្នាក់ ដែលមាន ២ ទីតាំង ៖