• 2017-08-06 08:08:54
  • សេដ្ឋកិច្ច

ដឹងច្បាស់​ទេ​ អ្វី​ទៅជា​ចំណង​ទាំង ៥ ប្រការ ?

  • 2017-08-06 08:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រៀប​ការ​ គឺ​ជា​រឿង​មួយ​ដែល​បុរស​ ​និង​ស្ត្រី​ទាំង​អស់​ក្នុង​លោក​តែង​តែ​ជួប​ប្រទះ​ ហើយ​​នៅ​ពេល​បុរស​ ​និង​ស្ត្រី​សម្រេចចិត្ត​រៀប​ការ​ជាមួយ​គ្នា​ហើយ​នោះ​ ​ជីវិត​អាពាហ៍ពិពាហ៍​នេះ​នឹង​ប្រែ​ក្លាយ​ជីវិត​របស់​បុគ្គល​ពីរ​រូប​អោយ​ទៅ​ជា​ជីវិត​រួម​គ្នា​មួយ​។ ចាស់ៗ​សម័យ​បុរាណ លោក​តែងតែ​ប្រដៅ​កូន​ចៅ​ថា គ្រប់​មនុស្ស​ទាំងអស់ ​ដែល​កើតមក ​គឺ​នឹង​ត្រូវ​ជាប់​ចំណង ៥ ប្រការ។

លោក​តា លុន​ ជាអាចារ្យ​ស្នាក់​នៅ​កុដ៍​មួយ​ ក្នុង​វត្ត​សន្សំ​កុសល​បាន​ពន្យល់​ថា៖

  • ចំណង​ទី​​១ គឺ​​រូបសម្បត្តិ​ ស្ត្រី​ជា​ភរិយា​ថ្វី​ដ្បិតតែ​​មិន​សូវ​​​ស្អាត​ពី​ធម្ម​ជាតិ​​ក៏​ដោយ​ ប៉ុន្តែ​យើង​​គួរ​ចេះ​កែ​ច្នៃ​លម្អ​ឲ្យ​បាន​ស្អាត​សម​រម្យ​​។ ​ព្រោះ​បុរស​ជា​ស្វាមី​គ្រប់​រូប​តែង​ចង់​បាន​ភរិយា​ដែល​មាន​រូប​សម្រស់​ស្អាត​ល្មម​សម​គួរ​ចូល​ក្នុង​ចំណោម​នឹង​គេ​ចុះ​​កុំ​ឲ្យ​ស្វាមី​ខ្មាស​គេ។​ ​

  • ចំណង​ទី​២​ គឺ​​បុត្រ​ ជា​ការ​ពិត​ណាស់​ ពាក្យ​ចាស់​តែង​ពោល​ថា ​«ពេល​នៅ​កំលោះ​ស្រឡាញ់​ឪពុក​ម្ដាយ​ខ្លាំង​ជាង​គេ​ តែ​ពេល​មាន​ប្រពន្ធ​ស្រឡាញ់​ប្រពន្ធ​ខ្លាំង​ជាង​គេ ​លុះ​ពេល​មាន​កូន​ស្រឡាញ់​កូន​ខ្លាំង​គេ»​។​ ដូច្នេះ​ភរិយា​ទាំងឡាយ​ត្រូវ​បង្កើត​កូន​ និង​អប់រំ​ថែទាំ​កូន​ឲ្យ​បាន​ឆ្លាត​ស្អាត​ល្អ​គួរ​ជាទី​អាណិត​ទាក់​ចិត្ត​ស្វាមី​​ កុំ​ឲ្យ​ដាច់​ចិត្ត​ចុះ​ចោល​ ឬ​ទៅ​លួច​មាន​ប្រពន្ធ​ស្រី​ក្រៅ។​ ​​

  • ចំណង​ទី​៣៖ គឺ​ទ្រព្យ​សម្បត្តិ ​មិនមែន​គ្រប់​បុរស​ទាំង​អស់​សុទ្ធ​តែ​ទាមទារ​ទ្រព្យ​សម្បត្តិ​នោះ​ទេ ​ប៉ុន្តែ​​ការ​មាន​ទ្រព្យ​សម្បត្តិ​នេះ ​គឺ​ជា​ចំណង​ចិត្ត​ស្វាមី​ដ៏​រឹងមាំ​មួយ​ផ្នែក​ដែរ​សម្រាប់​ភរិយា​។ ​ដូច្នេះ​ ស្ត្រី​ទាំង​ឡាយ​​គួរតែ​ខិតខំ​ប្រឹងប្រែង​ ឈ្លាសវៃ​ក្នុង​ការ​រៀន​យក​ជំនាញ​សម្រាប់​ការងារ​អាជីព​ច្បាស់​លាស់​ និង​ស្វះ​ស្វែង​​រក​ទ្រព្យ​ ថែទាំ​ទ្រព្យ​សម្បត្តិ​ឲ្យ​បាន​ច្រើន​ទាំង​ក្នុង​ពេល​កំពុង​រួម​រស់​នៅ​ជាមួយ​ស្វាមី​ ឬ​មុន​ពេល​មាន​ស្វាមី​ ព្រោះ​ភាព​ក្រីក្រ​ជា​ប្រភព​នៃ​អមិត្តភាព​ និង​អរិភាព។​​

  • ចំណងទី​៤ គឺ​​ញាតិ​មិត្ត ចំណង​អាពាហ៍ពិពាហ៍​ ឬ​ទំនាក់​ទំនង​គ្រួសារ​នឹង​ស្ថិត​ស្ថេរ​គង់វង្ស​បាន​ប្រសិនបើ​ញាតិ​មិត្ត​ទាំង​សង​ខាង​ នៃ​ភាគី​ទាំង​ពីរ ​(ប្ដី​ប្រពន្ធ)​ មាន​សភាព​ល្អ​ប្រសើរ​។ ​ពេលខ្លះ​ទោះបី​ អ្នក​ទាំង​ពីរ​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នៅ​ក្នុង​ជីវិត​គូ​ស្រករ​ក្ដី​ ប៉ុន្តែ​ដោយសារ​ការ​មាន​ទំនាក់​ទំនង​ល្អ​រវាង​សមាជិក​គ្រួសារ​ទាំង​ពីរ​ វា​នឹង​ជួយ​ជំរុញ​ឲ្យ​ភាព​រកាំរកូស​របស់​ប្ដី​មាន​ទឹក​ចិត្ត​ទោរ​ទន់​ អាឡោះអាល័យ​មិន​ដាច់​ចិត្ត​ចោល​ប្រពន្ធ​។​​

  • ចំណង​ទី ៥ គឺ​សីល​ ឬ​ចរិយា​សម្បត្តិ​ ចំណុច​ចុង​ក្រោយ​នេះ​សំខាន់​ណាស់ ​បើ​ស្ត្រី​ជា​ភរិយា​ទាំង​ឡាយ​​មាន​គុណ​សម្បត្តិ​ទាំង​៤​ខាង​លើ​ហើយ​ ប៉ុន្តែ​ខ្វះ​ចរិយា​សម្បត្តិ​គឺ​សេចក្ដី​ថ្លៃថ្នូរ​ ប្រព្រឹត្ត​រៀប​រយ​ល្អ​ មាន​សុជីវធម៌​ ចេះ​ដឹង​ខ្ពស់​ទាប​ទាំង​សម្ដី​សំដៅ​កាយ​វិការ​ ចេះ​រៀបចំ​ទុក​ដាក់​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ ជា​ពិសេស ​​គឺ​ស្គាល់​ឪពុក​-ម្តាយ​ បង​ប្អូន​ ញាតិ​មិត្ត​​ទាំង​សង​ខាង​។

លោកតា​អាចារ្យ​ខាង​លើ ​ក៏​បាន​បញ្ញាក់​ថា ក្រុម​គ្រួសារ​ សាច់​សារ​ លោហិត ញាតិមិត្ត បងប្អូន កូនចៅ ប្រពន្ធ ប្ដី​ បើ​មាន​ធុរៈ​​ត្រូវ​ជួយ​មើល​ថែរក្សា​គ្នា​​ បើ​ឃើញ ញាតិមិត្ត ឬ សមាជិក​គ្រួសារ ជួប​ទុក្ខ​លំបាក យើង​ក៏​ស្ម័គ្រ​ចិត្ត​ចូល​ទៅ​ជួយ​សម្រាល​គ្នា ចេះ​រស់​​នៅ​ជុំ​គ្នា ​ចេះ​មើល​ថែ​រក្សាគ្នា គិត​ពី​ប្រយោជន៍​រួម និង សុខទុក្ខ ទាំង​អស់​គ្នា៕  

អត្ថបទ៖ ហេង ស្រីនាង

មតិយោបល់
អត្ថបទពេញនិយម