• 2017-11-23 04:58:34
  • សេដ្ឋកិច្ច

​ម្ចាស់​អគារ​៤២​ជាន់​ ប្រើ​តែមួយ​ក្បាច់ទេ​ដើម្បី​ទាញ​ទំនុក​ចិត្ត​អ្នក​ភ្នំពេញ​ឡើង​វិញ​

  • 2017-11-23 04:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពីលេច​ដំណឹង​គម្រោងអគារភ្លោះ​កប់ពពក​កម្ពស់​៤២ជាន់នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ​ បានផ្អាក​ការ​សាងសង់​ដល់​ទៅពីរដង​បន្ទាប់​ពី​បើក​ការ​ដ្ឋានរួច​ ​ប្រជាពលរដ្ឋ​នៅរាជធានីភ្នំពេញ​ហាក់​អស់​ជំនឿ​ថា ​គម្រោង​នេះនឹង​ក្លាយ​ជាគម្រោង​ដ៏អស្ចារ្យ​ដំបូងគេ​នៅកម្ពុជា​ដូច​ការផ្សព្វផ្សាយទៀតហើយ ​ដោយ​ឃើញ​ការ​សាងសង់​បាន​សម្រាក​ម្ដងហើយ​ម្ដងទៀត។

ទន្ទឹមនឹង​ការទុកចោល​សំណង់​កណ្ដាល​ក្រុង​រយៈពេលជិត​ ១០ឆ្នាំ​ ក្រុមហ៊ុន​ YON WOO ដែលជា​ម្ចាស់​គម្រោង​អភិវឌ្ឍអគារ​ ​Golden Tower 42 ​បានចេញ​មុខបញ្ជាក់ការ​ចាប់ផ្ដើម​ជាថ្មីម្ដង​ទៀត​ ក្រោយពី​ទទួលបាន​ដៃគូសាងសង់​ថ្មីពី​ប្រទេសចិន​ ដោយ​គ្រោងនឹង​បន្តការ​ដ្ឋាន​នៅឆ្នាំ​២០១៨​ខាងមុខនេះ​។ ​ជាមួយគ្នា​នេះ ម្ចាស់​គម្រោងពី​ប្រទេស​កូរ៉េ​ លោក Kim Tae Yeon ​ក៏​បានថ្លែង​ប្រាប់ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ កាល​ពីម្សិល​មិញថា​ ​ក្រុមហ៊ុន​នឹងមិនលក់​ឬជួល​អគារណា​មួយ​ឲ្យ​អតិថិជន​នោះទេ​ ដរាបណា​ការសាង​សង់​មិនទាន់​បញ្ចប់​។

​«នៅពេល​ដែលយើង​ចាប់ផ្ដើម​សាងសង់​ឡើងវិញ​...យើងមិន​បើកលក់​នោះ​ទេ​ រហូតដល់​ការ​សាងសង់​បញ្ចប់​ ហើយ​ភ្ញៀវមាន​ទំនុកចិត្ត​...យើង​នឹងធ្វើ​ប្រជាជន​ស្រុកខ្មែ​រឃើញថា​ ​អគារ​របស់​យើង​គឺពិសេស​ជាងគេ​ និង​គុណភាព​គឺល្អ​»។ ​នេះជា​ការអះអាង​របស់​ម្ចាស់​គម្រោង ខណៈ​ដែលកន្លង​មកអគារនេះ​បានលក់ឲ្យ​អតិថិជន​ប្រមាណជា ២០ភាគរយ។

លោក​ Kim ​បានបន្ត​ថា​ ​ការចាប់​ផ្ដើមឡើង​វិញនៃ​គម្រោង​អគារ​ភ្លោះនេះ​ បង្ហាញ​ការវិវត្ត​វិស័យ​អចលនទ្រព្យ​នៅកម្ពុជាមាន​ភាពល្អ​ប្រសើរ​។ ​ ​ក្រុមហ៊ុន​នឹងបន្ត​អភិវឌ្ឍ​គម្រោងដូចជា ​ផ្សារទំនើប​ពីជាន់ទី ១ ដល់ទី៣ហើយ ​អគារ​ការិយាល័យ​ពីជាន់​ទី៤​ ដល់​ ១២ និងអគារ​ស្នាក់នៅ​បែប​ខុន​ដូចាប់​ជាន់​ទី១៤ទៅ​ ដែលមាន​ចំនួន​ ៣៩០យូនីត​ និង​មាន​ចំណត​យានយន្ត​ក្រោមដី​ចំនួន ៥ជាន់​ផងដែរ​។ ​លោក​បន្ថែម​។

​កាលពីឆ្នាំ​២០០៨ ​ក្រុមហ៊ុន​អភិវឌ្ឍន៍កូរ៉េ ​បាន​ចំណាយ​ទុន១៤០លាន​ដុល្លារ ​ដើម្បី​សាងសង់​អគារ​ដ៏ខ្ពស់​កប់​ពពកនេះ​ ហើយ​កាលពី​ថ្ងៃទី​ ២២ខែវិច្ឆិកា​ ឆ្នាំ ២០១៧​ បាន​ប្រកាស​បន្ថែម​ទុន​ ១០០​លានដុល្លារ ដើម្បី​បន្តការដ្ឋាន​ឡើងវិញ ​ដោយនឹង​បញ្ចប់​នៅចុងឆ្នាំ​ ២០១៩​៕​ ​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់