
- 2018-02-26 11:31:00
- ព័ត៌មាន
រឿងនេះធ្វើស៊ីអ្នកនៅផ្ទះជួលហ្មង! "ខ្មោចនៅផ្ទះជួល"
- 2018-02-26 11:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងនេះធ្វើស៊ីអ្នកនៅផ្ទះជួលហ្មង! "ខ្មោចនៅផ្ទះជួល"
ចន្លោះមិនឃើញ
មិនទាន់ទៅណា ឆ្ងាយពីរឿងខ្មោចទេ...នេះជាបទពិសោធន៍របស់លោក មីនា អ្នកខេត្តបាត់ដំបងស្ថិតក្នុងក្រុមការងារ Sabay ដដែល ព្រោះរកមិនទាន់បានការចូលរួមពីប្រិយមិត្ត។ រឿងនេះ មីនា លោកបានជួបនៅភ្នំពេញកាលពីប្រមាណ ៦-៧ ឆ្នាំមុនប៉ុណ្ណោះ ដែលបទពិសោធន៍នោះ បានធ្វើឲ្យលោកព្រឺឆ្អឹងខ្នងមិនតិច។ សូមស្តាប់ការការរៀបរាប់របស់លោកខាងក្រោម៖
ខ្ញុំបាទ ឈ្មោះ ម៉ៅ មីនា ជាអ្នករស់នៅខេត្តបាត់ដំបង បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំហើយ។ កាលពីប្រមាណ ៦ឆ្នាំមុន ខ្ញុំបានឡើងមកបន្តសិក្សាថ្នាក់មហាវិទ្យាល័យជំនាញពាណិជ្ជកម្ម នៅសាកលវិទ្យាល័យបៀលប្រាយ។ មិនចម្លែកទេ និស្សិតឡើងមកពីខេត្តមានជម្រើសមិនច្រើនទេ សម្រាប់ការស្នាក់នៅ ក្នុងនោះ បើមិននៅវត្ត គឺជួលផ្ទះស្នាក់នៅ។
អីចឹងខ្ញុំក៏ដូចគ្នា គឺបានទៅជួលផ្ទះមួយកន្លែងនៅក្នុងភូមិសាស្ត្រខណ្ឌចំការមន តម្លៃ ៥០ដុល្លារក្នុងមួយខែ ស្នាក់នៅជាមួយប្អូនស្រីម្នាក់ទៀត ហើយកាលណោះ ខ្ញុំ និងប្អូនស្រី គឺជាចំណូលថ្មីបំផុតហើយ។
ផ្ទះ ដែលខ្ញុំជួលនោះ គឺជាផ្ទះទាបជាប់ដីដែលមានបន្ទប់ជាប់ៗគ្នាប្រមាណជា១០បន្ទប់ ស្ថិតក្នុងដីឡូមួយកន្លែង ហើយនៅពីមុខបន្ទប់នីមួយៗ គឺសុទ្ធតែមានគ្រែឈើមួយៗគ្រប់បន្ទប់ដែលម្ចាស់ផ្ទះដាក់សម្រាប់ ឲ្យអង្គុយ ឬសម្រាកលេង។ ទៅស្នាក់នៅទីនោះ ប្រមាណជា ១ ខែ ដោយសារតែចាញ់អាកាសធាតុក្តៅស្អុះស្អាប់ក្នុងផ្ទះពេក ផ្សំនឹងទម្លាប់មិនសូវចូលចិត្តខ្យល់កង្ហារផង ខ្ញុំក៏សម្រេចចេញមកដេកនៅគ្រែមុខបន្ទប់។
នៅខាងក្រៅខ្យល់រហើយណាស់ យប់ណាក៏គេងលក់ស្រួលដែរ ដល់ទៅអីចឹង ខ្ញុំឆ្ងល់ថា ហេតុអ្វី ក៏គេគ្រប់គ្នាមិនចេញមកដេកខាងក្រៅ សុខចិត្តដេកខាងក្នុងស្អុះស្អាប់ចង់ងាប់ហ្នុង!។ ប៉ុន្តែចម្ងល់នេះ ក៏មិនជាខ្លាំងក្លាប៉ុន្មានដែរ ព្រោះម្យ៉ាងយល់ថា ប្រហែលជាពួកគេមិនទម្លាប់ដេកខាងក្រៅបន្ទប់ ឬក៏គេខ្លាចរឿងសុវត្ថិភាពផ្ទាល់ខ្លួនជាដើម។ ដូច្នេះខ្ញុំនៅបន្តដេកក្រៅបន្ទប់រហូតដល់ថ្ងៃខ្ញុំឈប់នៅ។
រូបតំណាង យ៉ាង ណាក៏ដោយ កាលណោះ យូរៗម្តង រិទ្ធ ដែលជាអ្នកជួលបន្ទប់នៅក្នុងដីឡូជាមួយគ្នា តែងតែមកជជែកលេងពីនេះពី នោះ។ ម្តងម្កាល គេឆ្លៀតសួរថា “បងអ្ហែងគេងក្រៅអីចឹងលក់ស្រួលទេ “ ឬក៏ “បងឯងដែលឃើញអីអត់?” ជាដើម។ ខ្ញុំឆ្លើយ “មានអីលក់ស្រួលរាល់តែយប់…ឃើញស្អីបើដាក់លក់ៗទល់ៗភ្លឺហ្នឹង!”។ បានចម្លើយអីចឹង រិទ្ធ ក៏ឈប់សួរ ឯខ្ញុំក៏មិនចាប់អារម្មណ៍។
ប្រមាណជា១សប្ដាហ៍ក្រោយមក រិទ្ធ នៅតែមកសួរខ្ញុំនូវសំណួរដដែលទាំងសើចញឹមៗថា “បង…សួរម្តងទៀតមើល រាល់យប់…អត់ដែលឃើញអីសោះ?”។ ខ្ញុំនៅតែឆ្លើយដូចមុន ថាអត់ទេ។ ម្តងនេះ ខ្ញុំហាក់ចាប់អារម្មណ៍នឹងសម្ដីរបស់ រិទ្ធ ក៏ដេញសួរវិញ “យីមានរឿងអី រិទ្ធ ឃើញតែមកសួរខ្ញុំដដែលៗអីចឹង?”។ “បងឯងអត់ដឹងមែន ឬធ្វើមិនដឹង គឺ ខ្មោចលងណា…!” រិទ្ធ ឆ្លើយ។ ខ្ញុំភ្លាត់មាត់ “អីគេខ្មោច” ឯ រិទ្ធី បន្តទៀត “ត្រូវហើយខ្មោច…នៅទីនេះ…”។ “និយាយលេង និយាយមែន” ខ្ញុំសួរបន្ថែមទៀត។
រិទ្ធី ឆ្លើយទៀត “ខ្ញុំអត់និយាយលេងទេ បងអ្ហែងមិនដឹងទេអ្ហី នៅដីឡូយើងហ្នឹង ខ្មោចលងសម្បើមហើយ”។ គ្រាន់តែលឺប៉ុណ្ណឹង ខ្ញុំព្រឺក្បាលខ្ញាក រោមចាប់ផ្តើមបះ។ មកដល់ត្រឹមនេះ ខ្ញុំនឹកឃើញរឿងមួយ គឺយប់មួយ ម៉ោងប្រមាណជា ១-២ រំលងអាធ្រាត្រ ពេលក្រោកបត់ជើងតូច ខ្ញុំឃើញ ស្រីណា ដែលធ្វើការនៅបៀហ្គាដិន ជួលបន្ទប់ខាងចុងបង្អស់ខាងលិច ត្រឡប់មកពីធ្វើការ ស្លៀកពាក់សដើរកាត់មុខខ្ញុំ។
រូបតំណាង ពេលនោះជាការគួរសម ខ្ញុំសួរថា “ទើបត្រឡប់មកពីធ្វើការទេហ្អី អាណា?” តែនាងអត់ឆ្លើយមួយមាត់ ខ្ញុំគិតថា ប្រហែលជានាងធ្វើការហត់ពេក ខ្ជិលឆ្លើយ ឬក៏គិតថាខ្ញុំញ៉ែ ក៏ហីទៅ តែឆ្ងល់ថា ធ្វើការបៀរហ្គាដិន ចាំបាច់ស្លៀកសលើក្រោមអីចឹងដែរ! យ៉ាងណាក៏មិននឹកភ្នកទៅលើរឿងខ្មោចអីដែរ ព្រោះថា នៅកណ្តាលក្រុងទៅមានខ្មោចឯណា បើនៅភូមិស្រុកអីក្រែងមែន។
ខ្ញុំ ប្រាប់រឿងនេះទៅ រិទ្ធ ហើយសួរថា “តិចខ្មោចទេដឹង វ៉ី?” “ប្រហែលហើយ…!” រិទ្ធ ឆ្លើយ ហើយគេបន្តថា “អាឡូវ ចង់ដឹងច្បាស់ តោះទៅសួរស្រីណាទាំងអស់គ្នា ចាំខ្ញុំជូនទៅ”។ ខ្ញុំពីរនាក់ រិទ្ធ ដើរសំដៅទៅបន្ទប់ ស្រីណា។ រិទ្ធ ស្រែកហៅពីក្រៅ “ណាណា ខ្ញុំសុំសួរបន្តិច” “មានការអីបង” ស្រីណា សួរបក ខណៈដើរចេញមកមិនទាន់ដល់ទ្វារផង។ “កាលពីយប់ថ្ងៃសៅរ៍ម៉ោង ប្រហែល ១យប់ ខ្ញុំឃើញស្រីណា ដើរកាត់មុខខ្ញុំហើយខ្ញុំបានសួរថា ទើបមកពីធ្វើការមែន…តើស្រីណានៅចាំទេ?” “អត់…អត់ដឹងផង ខ្ញុំឈប់ធ្វើការនៅបៀហ្គាដិនយូរហើយតើ អត់មានត្រូវមកផ្ទះយប់ព្រលប់ទៀតទេ! តើមានរឿងអី?”។ “អត់…អត់មានរឿងអីទេ អរគុណ…!” ខ្ញុំឆ្លើយ ហើយក៏ដឹកដៃ រិទ្ធ ចេញមក។
ខ្ញុំ ព្រឺសម្បុរម្តងទៀត “ពុទ្ធោ រិទ្ធ ខ្ញុំជួបខ្មោច...! ” ខ្ញុំនិយាយទៅកាន់ រិទ្ធ។ “អីចឹងហើយបានខ្ញុំចេះតែមកសួរបងឯងហ្នឹង…ព្រោះបងឃើញស្រាប់ហើយ នៅហ្នឹង អត់មានអ្នកណាហ៊ានចេញដេកក្រៅបន្ទប់ទេ!” រិទ្ធ តបមកខ្ញុំ។
រិទ្ធ បន្តទៀតថា “អាឡូវចាំខ្ញុំប្រាប់បងឯង...នៅបន្ទប់ខាងកើតរំលងបន្ទប់បងឯងមួយបន្ទប់ហ្នឹង កាលពីមុនមានប្តីប្រពន្ធជនជាតិវៀតណាមពីរនាក់បានមកជួលនៅ ប៉ុន្តែក្រោយមក ប្រពន្ធបានស្លាប់ដោយសាររអិលជើងបោកក្បាលត្រូវនឹងជ្រុងចង្ក្រាន ហើយតាំងពីហ្នុងមក ខ្មោចស្ត្រីវៀតណាមនោះ ចេញលងមិនថាយប់មិនថាថ្ងៃឡើយ!”។
រិទ្ធ និទានបន្ត “ខ្ញុំប្រាប់បងឯង...ក្រោយពីប្រពន្ធស្លាប់ទៅ បុរសជាប្តី ឈប់នៅហ្នឹងទៀតហើយ តែមានប្តីប្រពន្ធខ្មែរមួយគូ និងកូនស្រីតូចម្នាក់ផង បានមកនៅ ប៉ុន្តែនៅបានតែ១ថ្ងៃប៉ុណ្ណោះ រើចេញវិញភ្លាម!”។ “មានរឿងអីកើតឡើងទៅ?” ខ្ញុំសួរទៅ រិទ្ធ។
រិទ្ធ ឆ្លើយ “មាន…ថ្ងៃមួយ នៅម៉ោងប្រមាណជា ១រសៀលហ្នឹង កូនស្រីម្ចាស់បន្ទប់ថ្មីហ្នឹងបានចូលបន្ទប់ទឹក ពេលចេញមកវិញ វាបានមកប្រាប់ម្តាយវាថា ម៉ាក់…ម៉ាក់ ពេលញ៉ុមកំពុងជុះអាចម៍មិញ មីងមួយនោះសក់វែង អង្គុយលើបង្គន់(ជញ្ជាំងបង្គន់ដែលខាងលើអត់ដំបូល តែមានដំបូលផ្ទះគ្រប់ពីលើខ្ពស់) សើចស្ញេញដាក់ញ៉ុម!។ លឺកូនស្រីប្រាប់ដូច្នេះ ម្តាយរត់ចូលទៅមើល អត់ឃើញមានអី ក៏យករឿងហ្នឹងមកនិយាយប្រាប់អ្នកនៅបន្ទប់ផ្សេងៗ ហើយត្រូវគេប្រាប់តាមដំណើររឿង។ គ្រាន់តែដឹងរឿងភ្លាមមិនបង្អង់យូរឡើយ ស្ត្រីនោះរៀបចំឥវ៉ាន់រើចេញក្នុងថ្ងៃនោះភ្លាមតែម្ដង”។
រិទ្ធ បន្ថែមថា “ហ្នឹងរឿងពេលថ្ងៃ ដល់ពេលយប់វិញ...កាលមុន អាវីដ វានៅបន្ទប់ជាប់បងឯងហ្នឹង រាល់យប់តែមកពីដើរលេងវិញ វាដេកតែលើគ្រែក្រៅហ្នឹង។ ប៉ុន្តែយប់មិញមួយ វាស្រាប់តែស្រែកភ្លាត់សំឡេងកណ្ដាលយប់ "ខ្មោចៗ...នៅចុងជើងៗ" វាថា ពេលកំពុងតែដេកៗ មានមនុស្សដាស់ឲ្យភ្ញាក់ លុះវាបើកភ្នែក ឃើញមនុស្សស្រីម្នាក់អង្គុយចុងជើង ដល់ពិនិត្យមើលទៅអត់មានក្បាល។ ខ្ញុំប្រាប់...អីចឹងហើយបានអត់មានអ្នកដេកនៅក្រៅ...មានរឿងច្រើន...ទាល់តែម្ចាស់ផ្ទះ និមន្តលោកមកធ្វើពិធីពីរបីដងឯណោះបានស្ងាត់។ ប៉ុន្តែនៅតែគ្មាននរណាហ៊ានដេកក្រៅដដែល ទើបឃើញមានតែបងឯងម្នាក់ហ្នឹង...ខ្ញុំប្រាប់គេ ហើយគេគ្រប់គ្នា...ចាំមើលតែប្រតិកម្មបងឯងទេ(សើច)”។
បានស្តាប់ការរៀបរាប់របស់ រិទ្ធ ខ្ញុំព្រឺសម្បុរគីង្គក់ នឹកមិនដល់សោះថា នៅកណ្តាលក្រុងក៏មានខ្មោចដែរ ហើយក៏នឹកមិនដល់ទៀតថា ជួបខ្មោចទាំងមិនដឹងខ្លួនដូច្នេះសោះ។ បើដឹងមុន កុំថាដល់ថ្នាក់មកដេកក្រៅ គឺមិនខ្ចីជួលផ្ទះហ្នឹងនៅតែម្តង ព្រោះខ្ញុំក៏កំពូលអ្នកខ្លាចខ្មោចដែរ កាលនៅស្រុក តែនៅលើផ្ទះខ្លួនឯងសោះហ្នឹង ពេលយប់ ម្នាក់ឯងក៏មិនហ៊ានឡើងដែរ។
យ៉ាងណា បើទោះដឹងរឿងហើយក្តី ប៉ុន្តែខ្ញុំនៅតែស្នាក់នៅផ្ទះនោះ និងនៅតែដេកខាងក្រៅដដែល ព្រោះក្រោយមក គ្រប់បន្ទប់ គេបានចេញមកដេកក្រៅទាំងអស់គ្នាហើយ ហើយក៏មិនដែលមានរឿងអីកើតឡើងដែរ រហូតដល់ខ្ញុំចាកចេញរៀបការប្រពន្ធ។
និយាយរឿងខ្មោចកណ្តាលទី ក្រុងនេះ ខ្ញុំធ្លាប់លឺអ្នករត់ម៉ូតូកង់បី និយាយថា នៅម្តុំគុកទួលស្លែង មានអ្នកនៅក្បែរៗអះអាងថា យប់ខ្លះនៅក្នុងអគារគុកទួលស្លែង គេលឺសំឡេងបិទបើកទ្វារ ឬសំឡេងអូសច្រវាក់ក្រោកក្រាកជាដើម ហើយមិត្តភ័ក្ដិខ្ញុំម្នាក់ក៏ប្រាប់ដែរថា ផ្ទះជួលមួយនៅម្តុំជិតសាកល ក៏ល្បីមានខ្មោចលងមិនណយដែរ អីចឹងប្រយ័ត្នអ្នកនៅផ្ទះជួល មិនដឹងថា មាននៅកន្លែងណាខ្លះទៀតទេ ហេសហេ…៕