• 2018-06-26 09:32:06
  • ចរាចរណ៍

បើគេចមិនផុតពីផ្លូវលិចទឹក ចឹងគួរអនុវត្តរឿងទាំង ៦នេះ

  • 2018-06-26 09:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើលោកអ្នក​ចង់បើកបរនៅពេលមេឃភ្លៀងលិច ជំហាន​ដំបូង​គេ​បង្អស់​មុន​ពេល​បើកបរ អ្នក​គប្បី​ត្រួតពិនិត្យ​យានយន្ត​របស់​អ្នក​ដូចជា ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ហ្វ្រាំង ហ្គែរ ចង្កូត សម្បក​កង់​ សាំងជាដើម។ តទៅ​នេះ ​ជា​ចំណុច​ដែល​លោក​អ្នក​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ​ពេល​បើកបរ​យាន​យន្ត៖

១. ល្បឿនយានជំនិះ​

 ពេល​មេឃ​ភ្លៀង ឬ​ក្រោយ​ភ្លៀង ផ្លូវ​នឹង​សើម​មាន​ទឹក​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​យានយន្ត​របស់​អ្នក​រអិល។ ចៀសវាង​គ្រោះ​ថ្នាក់​កើត​មាន​ជា​យថាហេតុ អ្នក​គួរ​បន្ថយ​ល្បឿន​មក​កម្រិត​ល្មម​គួរ​សម។

២. ​រក្សា​គម្លាត​

ចម្ងាយ​រវាង​យានយន្ត​របស់​អ្នក និង​យានយន្ត​នៅ​ខាង​មុខ ឲ្យ​ឆ្ងាយ​ជាង​កម្រិត​ធម្មតា ព្រោះ​ថា​បើ​អ្នក​ជាន់​ហ្វ្រាំង​ឈប់ ឬ​ប្រថុចញ៉ុច​នោះ ​យាន​យន្ត​អ្នក​នឹង​មិន​រអិល​ជ្រុល​ទៅ​បុក​គូថ​យានយន្ត​ខាង​មុខ​ជា​មិន​ខាន​។

៣.​​ បើក​ភ្លើង

អ្នក​ត្រូវ​បើក​ភ្លើង​យានយន្ត​ពេល​ធ្វើ​ដំណើរ​មាន​ភ្លៀង​ធ្លាក់ ឬ​មេឃ​ងងឹត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​បុក​គ្នា​ដោយ​មើល​មិន​ឃើញ។

៤. ចាប់​ហ្រ្វាំង​អម​តិចៗ​

លោកអ្នក​គួរ​ចាប់​ហ្វ្រាំង​អម​តិចៗ​ពេល​បើកបរ​មេឃ​កំពុង​ភ្លៀង ឬ​លើ​ដង​ផ្លូវ​សើម​ជោគ​​ជាំ​ដោយ​ទឹក ព្រោះ​អាច​រអិល​ជ្រុល​ទៅ​បុក​អ្វីៗ​នៅ​តាម​ដង​ផ្លូវ។ បើ​បើកបរ​លឿន ស្រួល​មិន​ស្រួល​អាច​នឹង​ក្រឡាប់​ ឬ​រអិលដួល​ទៀត​ក៏​ថា​បាន។ អ្នក​ត្រូវ​ជាន់​ហ្វ្រាំង​​ពី​ចម្ងាយ​ជា​ការ​ប្រសើរ។

៥.ស្ថាន​ភាព​ផ្លូវ​

ពេល​មេឃ​កំពុង​ភ្លៀង​​ខ្លាំង​រហូត​លិច​ផ្លូវ​ហើយ​នោះ​​ លោក​អ្នក​គួរ​ឈប់​មើល​យានយន្ត​សិន ថា​តើ​អាច​ទោមុខ​រួច​ឬ​អត់? ឬ​គួរ​តែ​កុំ​បត់​ទៅ​តាម​ផ្លូវ​ផ្សេង​ផ្ដេស​ផ្ដាស​ជៀសវាង​ស្ទះ​ ឬ​យឺត​ការ​ធ្វើ​ដំណើរ​លើស​ដើម។ ដូច្នេះ បើ​ភ្លៀង​ខ្លាំង​ងងឹត សូម​ជ្រក​ភ្លៀង ឬ​រង់​ចាំ​ភ្លៀង​អន់​បន្តិច សឹម​ធ្វើ​ដំណើរ​បន្ត។

៦. ​ការពារ​ផ្គរ​រន្ទះ

ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជា​យថាហេតុ​ណា​មួយ​ដោយ​រន្ទះ ជា​ពិសេស​ដំណើរ​ផ្លូវ​ឆ្ងាយ អ្នក​គប្បី​ជ្រក​ភ្លៀង​សិន រួច​សឹម​បន្ត​ដំណើរ និង​គួរ​កុំ​ភ្លេច​បិទ​សេវា​ទូរសព្ទ ឬ ​អ៊ីនធើ​ណេត​ ផង​ណា៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់