- 2018-09-23 03:51:16
- សេដ្ឋកិច្ច
ខេត្តកោះកុង ជាប់ក្នុងបញ្ជី ៥កន្លែងល្អបំផុតនៅអាស៊ី សម្រាប់អ្នកចង់គេចចេញពីពិភពស្មុគស្មាញ
- 2018-09-23 03:51:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តកោះកុង ជាប់ក្នុងបញ្ជី ៥កន្លែងល្អបំផុតនៅអាស៊ី សម្រាប់អ្នកចង់គេចចេញពីពិភពស្មុគស្មាញ
ចន្លោះមិនឃើញ
បច្ចុប្បន្នមនុស្សរស់នៅជាមួយទូរស័ព្ទឆ្លាតវៃ ការប្រយុទ្ធប្រឆាំងតាមផ្លូវទៅកាន់កន្លែងធ្វើការ ចរាចរណ៍ដ៏មមាញឹក ការបំពុលបរិស្ថានដោយផ្សែងយានយន្តក្នុងទីក្រុង ហើយ និងការព្យាយាមធ្វើឲ្យមានតុល្យភាពជីវិត និង ការការរស់នៅក្នុងសង្គម ពិតជាធ្វើឲ្យជីវិតអ្នកទីក្រុងមានការតានតឹង។
សារព័ត៌មានដ៏ល្បីរបស់ហុងកុង The South China Morning Post បានលើកឡើងពី៥កន្លែងល្អបំផុតនៅអាស៊ី ដែលអ្នកអាចគេចចេញពីពិភពដ៏ស្មុគស្មាញ ត្រលប់ទៅកាន់ធម្មជាតិ អាចធ្វើឲ្យអ្នកភ្លេចទូរស័ព្ទ ភ្លេចស្ពាយការងារដ៏មមាញឹកពីការិយាល័យ នៅពេលដែលបានទៅដល់កន្លែងទាំងនោះ។
១ ឧទ្យានជាតិ Daisetsuzan ប្រទេសជប៉ុន
ជាស្ថានសួគ៌សម្រាប់អ្នកចូលចិត្តឡើងភ្នំ គ្របដណ្ដប់លើផ្ទៃដីជាង ២ ៣០០ គីឡូម៉ែត្រការ៉េ។ កំពូលភ្នំខ្ពស់បំផុតចំនួន ១៦ ដែលមានកម្ពស់ខ្ពស់ជាង ២ពាន់ម៉ែត្រ មានបឹង មានភ្នំភ្លើងដ៏ស្រស់ស្អាត ព្រៃ និង និទាឃៈរដូវ ដ៏កក់ក្តៅ។
វាជាជម្រកសត្វព្រៃដ៏សម្បូរបែប ដែលរួមមានខ្លាឃ្មុំពណ៌ប្រផេះ កញ្ជ្រោងក្រហមអេហ្សូ និង សត្វភីកា (ស្រដៀងទន្សាយ) ដែលមានទេសចរមិនច្រើនឡើយទៅទីនោះ។
នៅរដូវស្លឹកឈើជ្រុះទេសភាពប្រៀបបានក្រណាត់ពណ៌ទឹកក្រូចស្រស់និង ពណ៌ត្នោត ហើយសូម្បីតែនៅរដូវក្តៅ ឧទ្យាននេះត្រជាក់ស្រួលខ្លួន។
២ វាលខ្សាច់ Gurbantunggut ប្រទេសចិន
ជាមួយនឹងទេសភាពដូចភពព្រះអង្គារ ការមកទស្សនាវាលខ្សាច់ Gurbantunggut មានអារម្មណ៍ដូចជាការគេចខ្លួនទៅពិភពលោកផ្សេងទៀត។ ស្ថិតនៅខេត្តស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន វាជាវាលខ្សាច់ធំលំដាប់ទី២របស់ប្រទេស ដែលគ្របដណ្តប់លើផ្ទៃដី ៥ម៉ឺនគីឡូម៉ែត្រការ៉េ។
វាលខ្សាច់នេះលាយឡំជាមួយកូនភ្នំ ដើមឈើខៀវស្រងាត់ បឹងទឹកប្រៃ ដូចបឹងអំបិលម៉ាណាស លាយឡំដោយសហគមន៍តូចៗរបស់ប្រជាជននៅលើវាលខ្សាច់ ធ្វើឲ្យទិដ្ឋភាពនោះកាន់តែអស្ចារ្យ។
៣ ខ្ពង់រាបម៉ាស្តាំង (Mustang) ប្រទេសនេប៉ាល់
អ្នកទេសចរភាគច្រើនធ្វើដំណើរទៅកាន់កំពូលភ្នំអេវ៉ារ៉េសដែលជាភ្នំខ្ពស់បំផុតក្នុងលោក និង Annapurna ធ្វើឲ្យជួរភ្នំហិមាល័យ មានប្រជាប្រិយភាពបំផុតនៅរដូវឡើងភ្នំ។
អ្នកទេសចរណាដែលចង់ឡើងទៅតំបន់ហាមឃាត់លើកំពូលភ្នំ ត្រូវតម្រូវឲ្យបង់ប្រាក់៥០០ ដុល្លារ សម្រាប់រយៈពេល១០ថ្ងៃដើម្បីចូលទៅកាន់តំបន់នោះ ហើយ ត្រូវអមជាមួយដោយមន្ត្រីរបស់ប្រទេសនេប៉ាល់ឡើងទៅតំបន់នោះជាមួយគ្នា។
៤ ខេត្តកោះកុង ប្រទេសកម្ពុជា
ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយនេះមានឆ្នេរសមុទ្រដ៏បរិសុទ្ធដែលមិនត្រូវបានប៉ះពាល់ដោយមនុស្សភាគច្រើន។ ការដើរលេងតាមមាត់បឹង ឬ ដៃសមុទ្រជាមធ្យោបាយពេញនិយមជាងគេក្នុងខេត្តកោះកុង។
ប្រសិនបើអ្នកចូលចិត្តការកម្សាន្តបែបនោះ អ្នកអាចស្នាក់នៅឲ្យបានច្រើនថ្ងៃដើម្បីដើរកម្សាន្តនៅកោះកុង ដែលជាតំបន់ព្រៃត្រូពិកដ៏ធំជាងគេបំផុតតំបន់អាស៊ីអាគ្នេយ៍។
ប្រភពខាងលើបានរៀបរាប់ថា បើទោះជាមានការកាប់ទន្ទ្រានព្រៃខុសច្បាប់ ក៏ប៉ុន្តែជម្រកសត្វព្រៃដ៏មានសក្ដានុពលរាប់សតវត្សនេះមានកន្លែងដ៏ល្អឯកជាច្រើនកន្លែងដែលសល់នៅក្នុងតំបន់អភិរក្ស។
៥ ជ្រលង Orkhon ប្រទេសម៉ុងហ្គោលី
មានទីតាំងស្ថិតនៅកណ្តាលប្រទេសម៉ុងហ្គោលី ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ធំសម្បើមគ្របដណ្តប់លើវាលស្មៅទំហំ ១២១ ០០០ ហិចតា។ ដីនេះក៏ជាតំបន់ជម្រកសំខាន់របស់ ចៀម ពពែ សេះ និង សហគមន៍អ្នកស្រុកផងដែរ។
អ្នកក៏អាចទៅស្នាក់នៅជាមួយគ្រួសារអ្នកស្រែចម្ការ សប្បាយជាមួយនឹងសត្វពាហនៈ។ នៅយប់មេឃស្រលះអ្នកនឹងបានមើលឃើញផ្កាយដ៏ស្រស់ស្អាតមុនពេលអ្នកចូលនិវត្តន៍។ អ្នកក៏អាចស្វែងយល់ពីតំបន់ដែលប្រពៃណីនៃការជិះសេះតរាប់ជំនាន់។ រីករាយនឹងទឹកជ្រោះកម្ពស់១៦ម៉ែត្រ នៅជ្រលង Orkhon៕