• 2018-10-30 06:30:00
  • សេដ្ឋកិច្ច

៣ចំណុច ទៅភ្នំតាម៉ៅ បើមានគ្នាច្រើនរឹតតែសប្បាយ ចាយអស់តិចតួចទៀត

  • 2018-10-30 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧទ្យាន​ជាតិ​ភ្នំ​តាម៉ៅ គឺ​ជា​តំបន់​​កម្សាន្ត បែប​ធម្មជាតិ ​នៅ​តែ​ទទួល​ការ​ពេញ​និយម​សម្រាប់​ការ​សម្រាក​ និង​មើល​សត្វ​ព្រៃ​ចម្រុះ​ប្រភេទ។ ក្រៅ​ពី​ទស្សនាសត្វ​ព្រៃ ភាគច្រើន​ចូលចិត្ត​អ្នកទៅ​លេង​ទីនេះច្រើន អាស្រ័យ​ដោយ​មាន ៣​ចំណុច​អំណោយផល​នេះ។

១. អាហារ​ឈ្ងុយឆ្ងាញ់​ បរិយាកាស​ល្អ

នៅ​រឧទ្យានភ្នំ​តាម៉ៅ​ លោក​អ្នក​អាច​ភ្លក់​ម្ហូប​អាហារ​ដែល​មាន​រសជាតិ​ឆ្ងាញ់ បែប​ស្រុកស្រែ មាន​ដូចជា​មាន់​ដុត​ ត្រី​អាំង និង​ម្ហូប​កុម្ម៉ង់​ជា​ច្រើន​ទៀត គួបផ្សំ​នឹង​តម្លៃ​សមរម្យ។

មាន២ជម្រើស ទៅ​តាម​ចំណូលចិត្ត គឺ​អាច​ទិញ​ម្ហូប​អាហារ មក​ញ៉ាំ​នៅ​ក្នុង​តូប​តូច ធំ​ប្រក់​ស្បូវ ឬ​ក្រាល​កន្ទេល​លើ​ដី​ក្រោម​ដើម​ឈើ​ត្រជាក់​ល្ហឹម។

បើ​តាម​អ្នកស្រី មាស សារឿន អ្នក​លក់​បាយ​ម្ហូប នៅ​លើ​ភ្នំ​តាម៉ៅ បាន​ប្រាប់ Sabay ថា អ្នកស្រី​បាន​ចាប់​របរ​នេះ​ជាង​៥​ឆ្នាំ​មក​ហើយ។ ចំពោះ​តម្លៃ​មាន់​ស្រែ​សុទ្ធ ១ក្បាល តម្លៃ​៤០០០០​រៀល អាច​ច្នៃ​ធ្វើ​ម្ហូប ២មុខ ហើយ​ហូប​បាន ៥ ទៅ ៦នាក់។

ត្រី​អណ្ដែង​អាំង ១​ចង្កាក់ ៨០០០​រៀល បាយ ស​១​ឆ្នាំង ៥០០០​រៀល ក្ដាម​ស្រែ​ស្ងោរ ជ្រលក់​ទឹកត្រី​ម្ទេស ១ចាន ៥០០០​រៀល ជាដើម។ អ្នកលក់ខាងលើ បញ្ជាក់បន្តថា បាយថ្ងៃ១ ពេល សម្រាប់គ្នា ៤ ឬ៥នាក់ សរុបយ៉ាងច្រើន ៦ម៉ឺនរៀល តែហូបមួយឆ្អែត។

២. តម្លៃ​សំបុត្រ​ចូល​ទស្សនា​ និង​ការ​ធ្វើ​ដំណើរ​

លោក​អ្នក​នឹង​បាន​ឃើញ​តារាង​តម្លៃ​លម្អិត​និមួយៗ ដែល​បាន​កំណត់​ពី​សេវា មាន​ដូចជា ​អ្នក​ទេសចរណ៍​ខ្មែរ​ត្រូវ​បង់​ថ្លៃ​ម្នាក់ ២០០០​រៀល​ក្នុង​ម្នាក់ និង​រថយន្ត​ ចំនួន​១ ត្រូវ​បង់ ២០០០​រៀល​ដូចគ្នា ​សម្រាប់​ការ​ចូល​លេង​ម្ដង។ ចំណែក​ឯ​កូន​ក្មេង​ គឺ​មិន​តម្រូវ​ឲ្យ​ថ្លៃ​ទេ។ នេះ​ជា​តម្លៃ​សមរម្យ​មួយ​ដែល​អំណោយផល​ដល់​ក្រុម​អ្នក​ដើរ​លេង​មាន​គ្នា​ច្រើន​ ពិសេស​ក្មេង​តូច​ៗ ដែល​ចង់​ទៅ​លេង​សួន​សត្វ។ ការ​​ធ្វើ​ដំណើរ​​ពី​ភ្នំពេញ​តាម​រថយន្ត​ ​ប្រើ​រយៈពេល​ប្រហែល ៤៥​នាទី​ នឹង​ទៅ​ដល់។

សន្តិសុខ១រូប ប្រចាំការ​នៅ​ក្នុង​សួនសត្វ​ ប៉ុន្តែ​លោក​សុំ​មិន​បង្ហាញ​ឈ្មោះ​បាន​ប្រាប់ Sabay ថា​ជា​មធ្យម​មាន​ភ្ញៀវ​ទេសចរណ៍​ខ្ទង់​រយ ឬ​ពេល​ខ្លះ​ចូល​ដល់​ពាន់​នាក់ ភាគច្រើន​ជនជាតិ​ខ្មែរ ​បាន​មក​កម្សាន្ត​នៅ​ភ្នំ​តាម៉ៅ​ច្រើន ពិសេស​ក្នុង​ថ្ងៃ​ឈប់​សម្រាក ហើយ​បើ​គិត​ជា​ចំនួន​រថយន្ត​មាន​ប្រហែល​៣០០ ទៅ​៤០០ឡាន ឬ​លើស​នេះ​ក៏​មាន។ ​​

រូបថតពេលថ្ងៃត្រង់

៣. សត្វ​ព្រៃ​ចម្រុះ​ប្រភេទ

ការ​ទស្សនា​សត្វ​ព្រៃ​ជា​បំណង​ទី១​សម្រាប់​ភ្ញៀវខ្មែរ ពិសេស​កុមារ​តូច​ៗ​តែ​ម្ដង។ ទៅ​លេង​នៅ​សួន​សត្វ នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ លោក​អ្នក​អាច​មើល ឬ​ថតរូប សត្វ​ព្រៃ​ខុស​ៗ​គ្នា មាន​ដូចជា​ ទន្សោង ខ្លាឃ្មុំ​ពណ៌​ខ្មៅ ស្វា ទោច ឈ្លូស ខ្លា និង​សត្វ​ដទៃ​ទៀត។

សូម​បញ្ជាក់​ថា ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០០ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្ត​តាកែវ​ ដែល​មាន​ចម្ងាយ ៤០​គីឡូម៉ែត្រ តាម​ផ្លូវ​ជាតិ​លេខ ២ ពី​រាជធានី​ភ្នំពេញ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់