
- 2018-12-19 02:57:34
- ជំនឿ
អ្នកតា៤ កន្លែងនៅកម្ពុជា ពូកែស័ក្ដិសិទ្ធិបំផុត ល្បីថា អ្នកអត់មានកូនទៅបន់ភ្លាមបានភ្លែត
- 2018-12-19 02:57:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកតា៤ កន្លែងនៅកម្ពុជា ពូកែស័ក្ដិសិទ្ធិបំផុត ល្បីថា អ្នកអត់មានកូនទៅបន់ភ្លាមបានភ្លែត
ចន្លោះមិនឃើញ
អប្បិយជំនឿតែងផ្សារភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាំងពីដើមរៀងមក។ ការបន់ស្រន់នៅតែជារឿងដែលប្រជាជនតែងធ្វើដូចជា ពេលធ្វើដំណើរតាមផ្លូវឆ្ងាយ អ្នកខ្លះទៀតបន់ស្រន់បួងសង្រួម ពេលមានហេតុការណ៍ផ្សេងៗ ខ្លះទៀតបន់ឲ្យកូនចៅសុខសប្បាយជាដើម។ ដោយមានជំនឿការបែរបន់បែបនេះហើយ ទើបគេសង្កេតឃើញថា មានទីសក្ការបូជាជាច្រើន បានសង់ឡើងដើម្បីបន់ស្រន់គោរពបូជា។
ខាងក្រោមនេះ ជាអ្នកតា និងព្រះអង្គ៤កន្លែង ល្បីពូកែស័ក្ដិសិទ្ធិណាស់បន់អ្វីក៏សម្រេចដូចបំណង៖
១. លោកតាម្ចាស់ភ្នំលាក់ខ្លួន
អ្នកមានជំនឿលើព្រហ្មញ្ញសាសនា នៅពេលបានទៅដល់ភ្នំគូលេន គឺមិនសូវរំលងបន់ស្រន់ពីលោកតាម្ចាស់ភ្នំលាក់ខ្លួន ព្រោះអ្នកបន់ភាគច្រើនសម្រេចបានដូចក្ដីប្រាថ្នា។ ភ្នំគូលេន ស្ថិត នៅ ក្នុង ស្រុកស្វាយលើ និង ស្រុកវ៉ារិន ចម្ងាយ ៦០គីឡូម៉ែត្រពីក្រុងសៀមរាប និងប្រហែល ២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។
លោក លេង ពិសិដ្ឋ អ្នកនាំភ្ញៀវនៅភ្នំគូលេន បានប្រាប់ថា ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានមកដល់ភ្នំគូលេន តែងតែមកបន់ស្រន់នៅព្រះអង្គធំ និង លោកតាម្ចាស់ភ្នំលាក់ខ្លួន ហើយអ្នកបួងសួងភាគច្រើនតែងបានសម្រេច។ "អ្នកខ្លះបន់បានកូន គឺបានដូចបំណង ហើយគេត្រឡប់មកវិញលេងភ្លេងខ្មែរថ្វាយលោកតា។ ខ្លះបន់រកស៊ីមានបាន និង ខ្លះបន់ប្រឡងជាប់សុទ្ធតែសម្រេច"។
ដោយការប្រាថ្នាតែងតែបានសម្រេចដូច្នេះហើយមនុស្សគ្រប់គ្នាតែងតែមកអុចធូបទានបន់ស្រន់លោកតា។ ម៉្លោះហើយអ្នកដែលមិនបានបួងសួងប្រាកដជាស្ដាយ ព្រោះលោកតាម្ចាស់ភ្នំពិតជាស័ក្ដិសិទ្ធិ ប្រចាំនៅលើភ្នំគូលេន។
២.លោកតា ព្រះភក្រ្ត៨
លោក ហ៊ុន វិចិត្រ ប្រជាពលរដ្ឋនៅជើងភ្នំប្រាសាទតាមាន់ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ បានប្រាប់ ថា អ្នកស្រុកក្ដី ភ្ញៀវទេសចរណ៍ក្ដី កងទ័ពក្ដីសុទ្ធតែជឿលើលោកតា ព្រះភក្រ្ត៨ ព្រោះបន់ស្រន់អ្វីតែងបានសម្រេច។
លោក ហ៊ុន វិចិត្រ បាននិយាយថា ប្រជាពលរដ្ឋមិនថាជិតឆ្ងាយតែងតែមកបន់ស្រន់ ហើយខ្លះបានមកបន់ស្រន់សុំកូនក៏សម្រេចតាមសេចក្ដីប្រាថ្នាផងដែរ។ "អ្នកជិតខាងក្បែរៗនេះ បានមកសុំកូន ហើយបានសម្រេច"។
ប្រាសាទតាមាន់ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ មានចម្ងាយប្រមាណជា ៨៥ គីឡូម៉ែត្រ ពីទីរួមខេត្ត។
៣. ទីសក្ការបូជាពុទ្ធមាតា
ទីសក្ការបូជាពុទ្ធមាតា ស្ថិតនៅក្នុងវត្តភ្នំបាក់ត្រាលើ ល្បីស័ក្ដិសិទ្ធិបន់ស្រន់បានដូចបំណងដែលធ្វើឲ្យមនុស្សគ្រប់គ្នា មកបណ្ដាខេត្តជិត ឆ្ងាយ រហូតពលរដ្ឋខ្មែររស់នៅក្រៅប្រទេសមកបន់ស្រន់ក៏មាន។ ទីសក្ការបូជានេះ ស្ថិតនៅភូមិបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ព្រះតេជគុណ សង្ឃរតោ ទេព សុផល ជាព្រះចៅអធិការវត្តភ្នំបាក់ត្រាលើ មានសង្ឃដីកាថា មានមនុស្សជាច្រើនមកពីបណ្ដាខេត្តជិត ឆ្ងាយ រួមទាំងអ្នកក្រៅប្រទេសមកបន់ស្រន់ភាគច្រើនបានសម្រេចតាមក្ដីប្រាថ្នា។ ប្រាថ្នាភាគច្រើនសុំរកស៊ីមានបាន និង ចង់បានកូន ហើយមានពុទ្ធបរិស័ទនៅក្រៅប្រទេសមួយចំនួនបន់ចង់បានកូនសម្រេចដូចប្រាថ្នា។
៤.បារមីព្រះអង្គខ្មៅនៅលើភ្នំតូច
បារមីព្រះអង្គខ្មៅនៅលើភ្នំតូច ស្ថិតនៅឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានពុទ្ធបរិស័ទជិតឆ្ងាយជឿលើការបន់ស្រន់ជារឿយៗ។ អ្នកភូមិមានរឿងក្ដី អយុត្តិធម៌ នឹងមកស្បថឲ្យព្រះអង្គជួយរកយុត្តិធម៌ ហើយបើអ្នកស្បថបំពាននឹងកាច់ភ្លាមខ្លះវង្វេងវង្វាន់ ខ្លះរហូតបាត់បង់ជីវិតក៏មាន។
លោក ជុំ ប្រជាពលរដ្ឋរស់នៅជើងភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបុរី និយាយថា អ្នកស្រុកមង្គលបុរីតែងមានជំនឿលើព្រះអង្គខ្មៅ នៅសាលាឆាន់លើភ្នំ ព្រោះព្រះអង្គស័ក្ដិសិទ្ធិណាស់។ គ្រប់គ្នាបន់ស្រន់ភាគច្រើនទទួលបានជោគជ័យ ហើយបានមកលាបំណន់វិញ។ តែបើមិនលាបំណន់ទេគឺអាចនឹងមានបញ្ហាវិញ ហើយអ្នកខ្លះឈ្លោះគ្នា ឬសង្ស័យអំពីការលួចទ្រព្យ ឬមិនទុកចិត្តគ្នាជាដើម ក៏មកធ្វើពិធីស្បថស្បែដែរ។
រមណីយដ្ឋានភ្នំតូចគឺជាភ្នំប្រវត្តិសាស្ត្រមួយដែលអ្នកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានចាត់ទុកជាកន្លែងគោរពបូជាបម្រើលើវិស័យព្រះពុទ្ធសាសនា ដោយនៅលើភ្នំមានវត្តអារាម និងជាទីតាំងស្ងប់ស្ងាត់សម្រាប់ឲ្យតាជី ដូនជី ឡើងទៅធ្វើសមាធិតាំងអារម្មណ៍រៀនធម៌៕