- 2019-02-16 04:37:45
- សេដ្ឋកិច្ច
ផ្សារសហគមន៍ទេសចរទន្លេបាទី គ្រោងនឹងដំណើរការមុនចូលឆ្នាំខ្មែរ
- 2019-02-16 04:37:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្សារសហគមន៍ទេសចរទន្លេបាទី គ្រោងនឹងដំណើរការមុនចូលឆ្នាំខ្មែរ
ចន្លោះមិនឃើញ
មានទីតាំងស្ថិតនៅរមណីយដ្ឋានទន្លេបាទី ក្នុងខេត្តតាកែវ ផ្សារសហគមន៍ទេសចរដ៏ធំមួយគ្រោងនឹងដាក់ឱ្យដំណើរការមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ នេះបើតាមប្រសាសន៍លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទីបានថ្លែងប្រាប់ sabay ។
លោកបានបន្តថា ផ្សារនេះមានទំហំប្រមាណ ៣០ ម៉ែត្រ គុណ ៥០ម៉ែត្រ ត្រូវបានសាងសង់ឡើងក្រោមគម្រោង “ចលនាភូមិថ្មី” ដែលឧបត្ថម្ភ ដោយទីភ្នាក់ងារកូរ៉េ ដើម្បីសហប្រតិបត្តិការអន្តរជាតិ (KOICA) សម្រាប់គម្រោងអភិវឌ្ឍន៍កសិកម្ម។ “ចលនាភូមិថ្មី” គឺជាគម្រោងសាកល្បង ដែល ប្រព្រឹត្តទៅបាន ដោយជំនួយឥតសំណងចំនួន ៨ លានដុល្លារអាមេរិក ដែលបានផ្ដល់ជូនកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយកូរ៉េខាងត្បូង ក្នុងអនុស្សរណៈនៃការយោគយល់គ្នានាពេលកន្លងមក ។ បច្ចុប្បន្ន ផ្សារបានសាងសង់រួចហើយ និងកំពុងដំណើរការចុះឈ្មោះប្រជាពលរដ្ឋ ដែលមានបំណងលក់នៅផ្សារខាងលើ។
លោកបានឱ្យដឹងទៀតថា ការដាក់ឱ្យដំណើរការផ្សារនេះនឹងក្លាយជាចលករថ្មីមួយ ឱ្យប្រជាកសិករកាន់តែមានទឹកចិត្ត និងការយល់ដឹងបន្ថែមពីរបៀបនៃការធ្វើស្រែចម្ការ ការចិញ្ចឹមសត្វ និងការប្រើប្រាស់ធនធានធម្មជាតិកាន់តែល្អប្រសើរជាងមុន។ “ដូច្នេះ ផ្សារសហគមន៍ទេសចរទន្លេបាទី អាចនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀតមកទស្សនានៅរមណីយដ្ឋានទន្លេបាទី”។
គ្រប់ផលិតផលទាំងអស់ ដែលដាក់លក់ក្នុងផ្សារសហគមន៍ទេសចរទន្លេបាទី ត្រូវតែជាប្រភេទបន្លែ ផ្លែឈើសុវត្ថិភាព និងផលិត ដោយសហគមន៍ផ្ទាល់។ នេះបើតាមលោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកបាទី។
គម្រោងអភិវឌ្ឍន៍ជនបទដោយប្រើវិធីសាស្ត្រ «ចលនាភូមិថ្មី» គឺមានសមាសធាតុចំនួន៣។ ទីមួយ គឺការរៀបចំគោលនយោបាយចលនាភូមិថ្មី ទីពីរ បង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលចលនាភូមិថ្មី និងទី៣ គឺការអភិវឌ្ឍន៍ភូមិគំរូចំនួន៣០ ក្នុងខេត្តតាកែវ ត្បូងឃ្មុំ និងខេត្តកំពង់ស្ពឺ។ ចលនាភូមិថ្មី គឺត្រូវឈរលើស្មារតីនៃការឧស្សាហ៍ព្យាយាម ការចេះជួយខ្លួនឯង និងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ភូមិដោយចិរភាព។
គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា(KOICA) និងក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ។ គម្រោងនេះ ក៏បានសាងសង់មជ្ឈមណ្ឌលចលនាភូមិថ្មីនៅខេត្តកំពង់ស្ពឺ ដែលមជ្ឈមណ្ឌលនេះ នឹងដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានផងដែរ៕