• 2019-03-21 07:53:16
  • ព័ត៌មាន

កម្មវិធី SmartStart កំពុង​ស្វែង​រក​អ្នក​បង្កើត​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ វ័យ​ក្មេង​សម្រាប់​រដូវ​កាល​ទី 3

  • 2019-03-21 07:53:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata កំពុង​តែ​ប្រកាស​ស្វែងរក​​បេក្ខភាព​ថ្មី​ៗ​ សម្រាប់​រដូវ​កាល​ទី​3  ដោយសារ​ភាព​ជោគជ័យ​នៃ​ការ​ចាប់ផ្ដើម​កម្មវិធី SmartStart: Young Innovator Program កាល​ពី​ឆ្នាំ​កន្លង​មក​ ដែល​និស្សិត​ចំនួន ១២០​នាក់​ មកពីក្រុមចំនួន៣០​ បាន​បង្កើត​គំនិត​បច្ចេកវិទ្យា​របស់​ពួកគេ ជាមួយ​នឹង​ការ​គាំទ្រ​ពី​អ្នក​ជំនាញ​ និង​ប្រាក់​ឧបត្ថម្ភ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ Smart ដែល​ផ្ញើ​មក​កាន់​​អ្នក​សារព័ត៌មាន​​ថ្មីៗ​នេះ។

ប្រភពដដែល​បាន​សរសេរ​ទៀត​ថា ជា​ថ្មី​ម្ដង​ទៀត ក្រុមហ៊ុន Smart ជាមួយ​នឹង Impact Hub ភ្នំពេញ នឹង​ជួយ​ដល់​និស្សិត​សកល​វិទ្យាល័យ​កម្ពុជា​​​​​​​​​​​​​​​​​​​​វ័យ​ក្មេង​ ធ្វើឲ្យ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ពួកគេ​​ល្អ​ប្រសើរ ក្នុង​គោលដៅ​បង្កើត​គំនិត​ដ៏​ល្អ​នោះ ​ឱ្យ​ក្លាយ​ទៅ​ជា​ផលិតផល​ឌីជីថល​ពិត​ប្រាកដ និង​ក្លាយ​ជា​សហគ្រាស​បច្ចេកវិទ្យា​ទៅ​ថ្ងៃ​អនាគត។

ក្នុងរយៈ​ពេល​ជាង ៩​ខែ ក្រុម​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដំបូង នឹង​ត្រូវ​បាន​ជម្រុះ​នៅ​សល់​ត្រឹម ៥​ក្រុម។ ក្រុម​នីមួយៗ​ ទទួល​បាន​ទឹក​ប្រាក់ ៥ ០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​នេះ និង​កម្មវិធី​បណ្ដុះបណ្ដាល​រយៈ​ពេល​ ៦​ខែ ជាមួយ​នឹង​អ្នក​ប្រឹក្សា​ជំនាញ​ៗ នៅ​​ Impact Hub។

ក្រុម​ដែល​រីក​ចម្រើន​ជាងគេ​នឹង​ឈ្នះ​រង្វាន់​ធំ គឺ​ដំណើរ​ទស្សនៈ​កិច្ច​បច្ចេកវិទ្យា ទៅ​កាន់​ប្រទេស​សិង្ហបុរី ដើម្បី​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន Google ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Facebook ដែល​សុទ្ធ​សឹង​តែ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ធំៗ។ ក្រុម​ដែល​ឈ្នះ​កាល​ពី​ឆ្នាំ​មុន ឈ្មោះ​ថា សំចត ដែល​បាន​បង្កើត​កម្មវិធី​ទូរសព្ទ​ដៃ​សម្រាប់​ជួយ​សម្រួល​ឲ្យ​អ្នក​បើកបរ​អាច​ស្វែង​រក​កន្លែង​ចត​យានយន្ត​របស់​ពួកគេ​បាន​កាន់តែ​ងាយស្រួល​បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​បច្ចេកវិទ្យា​នៅ​ប្រទេស​សិង្ហបុរី​កាល​ពី​ដើម​ខែ។

លោក ឈុយ សុគន្ធថាណេត មក​ពី​ក្រុម សំចត​បាន​ពន្យល់​ថា៖ “វា​គឺ​ជា​បទ​ពិសោធ​ដ៏​អស្ចារ្យ​មួយ​ ក្នុង​ការ​ទស្សនា​ក្រុមហ៊ុន​ធំ ៗ នៅ​សិង្ហបុរី និង​យល់​ពី​ការ​ចាប់​ផ្ដើម​អាជីវកម្ម​នៅ​ក្នុង​តំបន់​ផងដែរ។ បទ​ពិសោធ​ដែល​យើង​ទទួល​បាន​ពី SmartStart ​គឺ​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​រក​ភាព​ជា​សហគ្រិន​របស់​យើង ទោះ​បី​ជា​យើង​នៅ​ជា​និស្សិត​សាកល​វិទ្យាល័យ​ក៏​ដោយ។ យើង​សូម​ផ្តល់​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ចំណង់​ចំណូល​ចិត្ត​ផ្នែក​បច្ចេកវិជ្ជា​ទំនើប ដើម្បី​ចូលរួម​ជាមួយ SmartStart ដូច​ដែល​យើង​បាន​ធ្វើ​ដែរ។

និស្សិត​មហាវិទ្យាល័យ​វ័យ​ក្មេង​ និង​អ្នក​ដែល​មាន​បំណង​ចង់​ដាក់​ពាក្យ​ក្នុង​កម្មវិធី​នេះ ​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ ​ដាក់​ពាក្យ​តាមរយៈ​អន​ឡាញ​នៅ​គេហទំព័រ smartstart.com.kh។ និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ចូល​សិក្សា​បន្ថែម​ពី​កម្មវិធី​នេះ​បាន​​នៅ​សប្ដាហ៍​នេះ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ ដើម្បី​ទទួល​បាន​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​អំពី SmartStar។

កម្មវិធី SmartStart គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន ដែល​ក្រុមហ៊ុន Smart កំពុង​តែ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​យុវជន​កម្ពុជា​វ័យ​ក្មេង ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​កាន់តែ​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជំរុញ​ដល់​ការ​បង្កើត​កម្មវិធី​ផ្នែក​បច្ចេកវិទ្យា​ក្នុង​ស្រុក​ផងដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​នឹង​កម្មវិធី SmartStart សូម​តាមដាន ទំព័រ​ហ្វេសប៊ុក​របស់ “Smart For Cambodia” នៅ​តាម​គេហទំព័រ​នេះ https://www.facebook.com/smartforcambodia  ឬ​ក៏​ចូល​មក​កាន់​គេហទំព័រ​នេះ www.smartstart.com.kh

អំពី​ក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd គឺជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឈាន​មុខ​គេ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​នា​ពេល​បច្ចុប្បន្ន​​បាន​នឹង​កំពុង​បម្រើ​អតិថិជន​ច្រើន​ជាង​៨ (ប្រាំបី) លាន​នាក់ ក្រោម​ស្លាក​សញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជា​បុត្រសម្ព័ន្ធ​នៃ​ក្រុមហ៊ុន​មេ មាន​ឈ្មោះ​ថា Axiata Group Berhard ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេ​វា​ទូរ​គ​ម​នា​​គ​​ម​ន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នានា​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខ​គេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​។​ នា​ឆ្នាំ២០១៤ Smart គឺជា​ប្រតិបត្តិ​ករ​ដំបូង​​បង្អស់​ក្នុង​ព្រះ​​​រាជា​ណា​ច​​ក្រ​​កម្ពុជា​ដែល​បាន​នាំ​មក​​នូវ​​បច្ចេកវិទ្យា​ទូរគមនាគមន៍​សេវា 4G LTE ហើយ​ក៏​បាន អភិវឌ្ឍន៍​​ខ្លួន​​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​តាមរយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា 4G+ (LTE Advanced) នា​ដើម​ឆ្នាំ ២០១៦ និង​នា​ដើម​ឆ្នាំ​២០១៧ ក៏​បាន​ធ្វើ​ការ​ណែ​នាំ​នូវ​សេវា​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​គឺ 4G+ HD Voice ឬ VoLTE ដែល​សេវា​នេះ បាន​ធ្វើ​ឲ្យ Smart កាន់​តែ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ជាមួយ​នឹង​បច្ចេកវិទ្យា​ដ៏​សម្បូរ បែប​រូមមាន៖ សេវា​បច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G Smart បាន​នឹង​កំពុង​ផ្ដល់​សេវា​គ្រប​ដណ្ដប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង​៩៨ (កៅ​សិប​ប្រាំបី) ភាគរយ នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ដើម្បី​ឲ្យ​កាន់តែ​ទំនើប​ទាន់​សម័យ​ស្រប​ទៅ​តាម​បរិបទ​សង្គម​រស់​នៅ ក្រុមហ៊ុន Smart បាន​នឹង​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​​ទៅ​ជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​សេវា​កម្ម​ឌីជីថល​ជាច្រើន​ក្នុង​នោះ​រួមមាន៖ ការ​ចាប់​ដៃគូ​ជា​មួយ​ភាគី​អន្តរជាតិ​ដែល​មាន​ឈ្មោះ​ល្បី​រន្ទឺ​នានា​ដូចជា៖ Universal Music,​ Apple, Facebook និង iflix ហើយ​ក៏​មាន​សេវា​កម្ម​បែប​ឌីជីថល​នានា​ទៀត​ដូចជា​ SmartLuy, Smart Insurance, SmartPay, Pleng by Smart និង SmartNas។​ ក្រុមហ៊ុន Smart មាន​ទស្សនៈ​វិស័យ​យ៉ាង​ម៉ុតមាំ​នឹង​ក្លាយ​ខ្លួន​ជា​ប្រតិបត្តិ​ករ​បែប​ឌីជីថល​ឈាន​មុខ​គេ​បង្អស់ ស្រប​ពេល​គ្នា​ផង​ដែរ​ទៅ​នឹង​ការ​ដើរ​តួ​នាទី​​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិក​សរុប​ប្រមាណ​ជាង ១ ០០០ (មួយពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិក​ក្នុង​ស្រុក និង​និយោជិក​បរទេស។ Smart បាន​នឹង​កំពុង​យក​ចិត្ត​ទុក​ដាក់​ជាទី​បំផុត​ចំពោះ​អតិថិជន បុគ្គលិក​និយោជិក​របស់​ខ្លួន និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា តាម​រយៈការ​នាំ​មក​នូវ​សេវា​បច្ចេកវិទ្យា​លំដាប់​ពិភពលោក, បទ​ពិសោធ​បែប​ឌីជីថល​ល្អ​ឥត​ខ្ចោះ និង​ពិសេស​គឺ​ការ​ចូល​រួម​យ៉ាង​សកម្ម​ទៅ​លើ​ការងារ​ទទួល​​ខុស​ត្រូវ​សង្គម៕

អត្ថបទ៖ ពាណិជ្ជកម្ម

មតិយោបល់