• 2019-04-09 05:13:00
  • ចរាចរណ៍

មន្ត្រី​ជាន់ខ្ពស់​ថា​អ្នក​បើក​បរ​ត្រីចក្រយានយន្ត​ក្នុង​ទីក្រុង​ពីរម៉ឺន​គ្រឿងគ្មាន​បណ្ណ​បើកបរ​

  • 2019-04-09 05:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជាន់​ខ្ពស់​គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវ​គោក​ឲ្យ​ដឹងអ្នក​បើក​បរ​ត្រីចក្រ​យាន​យន្ត​​​ជាង​​៩០​ភាគ​រយ​ដែលកំពុង​បើក​បរ​នៅ​រាជធានី​ភ្នំពេញ​ពុំ​មាន​បណ្ណ​បើក​បរ។

ឯកឧត្តម ស៊ុន ចាន់​ថុល រដ្ឋម​ន្ត្រីក្រ​សួង​សាធារណការ និង​ជា​អនុ​ប្រ​ធានគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវ​គោក​ ថ្លែក្នុង​កិច្ចប្រជុំ​ត្រួត​ពិនិត្យ​លទ្ធ​ផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ត្រីមាសទី១ ​ឆ្នាំ២០១៩ ​នា​​ព្រឹក​នេះថា​​ត្រី​ចក្រ​យានយន្ត​ដែល​កំពុង​បើក​បរ​ធ្វើ​អាជីវកម្មដឹក​អ្នក​ដំណើរ​ក្នុងរាជធានីភ្នំពេញ​មាន​ប្រហែល​ពីរ​ម៉ឺនគ្រឿងឬ៩៨​ភាគ​រយ​មិនមាន​បណ្ណ​បើក​បរ​នោះទេ។

ឯកឧត្តម​បបន្ថែម​ថា៖ «​អ្នក​បើក​បរតុកៗ​៩៣ភាគរយ​អត់​ស្គាល់​ច្បាប់ចរាចរណ៍ទេ​ អត់មាន​បណ្ណ​បើក​បរទេ​ គាត់បត់ គាត់​ចតតែ​ពាស...ពិនិត្យ​មើល​​ទៅ​កម្លាំង​(យានយន្ត​)១៥០ទៅ​២០០​សេសេ...​ឲ្យ​តែអ្នក​ធ្វើ​អាជីវកម្ម ដឹក​ទំនិញ ដឹក​អ្នក​ដំណើរ​ត្រូវ​តែមានបណ្ណ​បើកបរ»។

ឯកឧត្តម ស៊ុន ចាន់​ថុល បានស្នើ​ឲ្យ​មន្ត្រីពាក់ពន្ធ​រៀប​ចំបើក​វគ្គបណ្ដុះបណ្ដាល​រយៈពេល​បីខែ​ ដើម្បី​ឲ្យ​អ្នក​បើក​បរ​ទាំង​នោះបាន​រៀន និង​ប្រ​ឡង​យក​បណ្ណ​បើក​បរ។ ក្រោយ​រយៈពេល​បី​ខែ​ឯកឧត្តម​ថា​នឹង​មាន​ការ​ពិន័យ​តាម​ច្បាប់​ចំពោះ​អ្នក​មិនមាន​បណ្ណ​បើក​បរ។

ឯកឧត្តម​ឲ្យ​ដឹងថា​ក្នុង​មួយ​ឆ្នាំៗ​នៅ​កម្ពុជា​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ធ្វើ​ឲ្យ​ខាត​ដល់​សេដ្ឋកិច្ច​ប្រ​ហែល​៣៥០លាន​ដុល្លារ​អាមេរិក ដែលមានការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​រដ្ឋ ឯកជន និង​បាត់​បង់​កម្លាំង​ពល​កម្ម ជាដើម។

គួរ​បញ្ជាក់ថា​តាម​អនុក្រឹត្រ​ពិន័យ​អន្តរការណ៍​ចុះ​ខែមីនា ឆ្នាំ​២០១៧ ត្រង់មាត្រា​៦ ចែ​ងថាអ្នកបើក​បរ​ទោ​ចក្រ​យាន​យន្ត​សណ្ដោង​រ៉ឺម៉ក និង​ត្រី​ចក្រយាន​យន្ត​មិន​មាន​បណ្ណ​បើក​បរ​ត្រូវ​ពិន័យ​១៥ ០០០​រៀល៕

អត្ថបទ៖ ទូច សុខា

មតិយោបល់