- 2019-06-29 01:01:00
- ព័ត៌មាន
អ្នកនិពន្ធ ម៉ីសន សុធារី៖ ដំណោះស្រាយបញ្ហាបាក់ទឹកចិត្ត គឺដាំដុះភាពវិជ្ជមាន ផ្តោតទៅអនាគតស៊ូប្រឹងជម្នះ
- 2019-06-29 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធ ម៉ីសន សុធារី៖ ដំណោះស្រាយបញ្ហាបាក់ទឹកចិត្ត គឺដាំដុះភាពវិជ្ជមាន ផ្តោតទៅអនាគតស៊ូប្រឹងជម្នះ
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នា ជៀសមិនផុតពីជួបរឿងខកចិត្ត ធ្លាក់ទឹកចិត្ត ឬបរាជ័យ ក្នុងជីវិត គ្រាន់តែក្រោមរូបភាពផ្សេងៗគ្នា។ អ្នកនិពន្ធ ម៉ីសន សុធារី ក៏ដូចគ្នាទម្រាំទទួលបានកេរ្ត៍ឈ្មោះក្នុងវិស័យនិពន្ធនេះ ស្រ្តីរូបនេះបានឆ្លងកាត់វេលាដែលវិះតែនឹងដួល ដែលអ្នកស្រីហៅថា "រណ្ដៅនៃភាពបរាជ័យ" ប្រសិនបើអ្នកស្រីមិនអាចជំនះវាបានទេនោះ។ ខាងក្រោមនេះជារឿងរ៉ាវមួយចំនួននៃ ការដក់ស្រង់ផ្ទាល់ពីសៀវភៅ "ទម្រាំក្លាយជាអ្នកនិពន្ធ" របស់ អ្នកស្រី ម៉ីសន សុធារី ។
បញ្ហានាគ្រានោះរបស់អ្នកស្រី គឺបញ្ហាធ្លាក់ទឹកចិត្ត...ដោយមិនបានលើកឲ្យចំថាធ្លាក់ទឹកចិត្តពីរឿងអ្វីខ្លះ ប៉ុន្តែអ្នកស្រីបានបញ្ជាក់តាមសំណេរក្នុងសៀវភៅ "ទម្រាំក្លាយជាអ្នកនិពន្ធ" ថា៖ "ចាប់ពីខ្ញុំបានឆ្លងកាត់បរាជ័យ និងការបដិសេធជាច្រើនក្នុងរយៈពេលមួយទសវត្សរ៍ពេញ ដូច្នេះ ទិដ្ឋភាពក្រោយៗមករបស់វាមិនអាចបំភ័យខ្ញុំដូចដែលវាបានធ្លាប់មានកាលពីដំបូងៗនោះទេ។ ខ្ញុំធ្លាប់ធុញថប់ ធ្លាក់ទឹកចិត្ត តែមិនបានយូរប៉ុន្មានឡើយ ប្រហែលដោយសារខ្ញុំជឿជាក់ថា ខ្ញុំនឹងទៅដល់កន្លែងមួយដែលខ្ញុំសម្លឹងជាយូរមកហើយ"។ នេះជាអ្វីដែលអ្នកនិពន្ធរឿង "ស្រទន់មន្តស្នេហ៍" ធ្លាប់បានជួបប្រទះ។
មិនមែនត្រឹមមួយឃ្លាខាងលើ តែថ្ងៃនេះ Sabay នឹងស្រង់ប៉ុន្មានឃ្លាថែមទៀត ដែលជាទស្សនៈផ្ទាល់ខ្លួនតាមរយៈសៀវភៅខាងលើ របស់អ្នកនិពន្ធ ម៉ីសន សុធារី សម្រាប់យកឈ្នះលើជីវិត និងតម្រង់គោលដៅទៅរកអនាគតដ៏មានតម្លៃ មកចែករំលែកទាំងអស់គ្នា។
ឃ្លាមួយនៅទំព័រទី ២១ បានលើកឡើងថា៖ "គ្រប់គ្នាមានក្តីសុបិន ប៉ុន្តែដើម្បីឱ្យក្តីសុបិនក្លាយមកជាការពិត ត្រូវមានការប្តេជ្ញាចិត្ត ការលះបង់ និងលត់ដំហើយតស៊ូ"។ ត្រង់នេះ ម៉ីសន សុធារី បានលើកឧទាហរណ៍ជាក់ស្តែងភ្ជាប់មកថា ចង់ក្លាយជាអ្នកនិពន្ធម្នាក់ មានគេស្គាល់ មានគេចង់បានសិទ្ធិ មានសៀវភៅបោះពុម្ព មានអ្នកគាំទ្រ ផ្ទាល់ខ្លួន ប៉ុន្តែមិនដែលចង់ធ្វើការលះបង់។ មិនដែលក្រោកមកសរសេរម៉ោង ៣ភ្លឺ មិនដែលរៀនបញ្ចប់សរសេរ ១០ទំព័រឱ្យបានមុនចូលដេក មិនដែលលះបង់ការចេញក្រៅដើរលេង មកជាការសរសេរវិញ មិនដែលព្រមផ្តល់ឱកាសឱ្យខ្លួនឯងក្នុងការសរសេរចប់ តើសុបិននោះសម្រេចទៅរួចដោយរបៀបណា?
រីឯនៅទំព័រទី ៨៧ បានលើកឡើងថា៖ "ចូរត្រៀមប្រយុទ្ធជាមួយការធ្លាក់ទឹកចិត្ត ហើយកុំខ្លាចវាពេកអី"។ ជារឿយៗ គេនាំគ្នានិយាយថា ការធ្លាក់ទឹកចិត្ត គឺបណ្តាលមកពី ភាពស្មុគស្មាញនៃការគិតច្រើនរបស់ខួរក្បាល តែខ្ញុំផ្ទាល់ខ្លួន ខ្ញុំជឿថា មនុស្សជាច្រើននៅក្នុងប្រទេសកម្ពុជា មានវិបត្តិផ្លូវចិត្ត ដោយសារកត្តាជាច្រើន ហើយវិបត្តិទាំងនោះ នាំទៅដល់ជំងឺធ្លាក់ទឹកចិត្ត គ្រាន់តែយើងទទួលស្គាល់វាឬអត់ ហើយអាចតតាំងយកឈ្នះវាបានដោយរបៀបណា?"។
អ្នកនិពន្ធ បន្តថា "ដំណោះស្រាយ ការព្យាបាលបញ្ហារបស់ខ្ញុំ មិនមានអ្វីក្រៅពីការថែទាំផ្នត់គំនិត ដាំដុះភាពវិជ្ជមាន និងផ្តោតទៅលើអនាគត។ អនាគតជាអ្វីដែលគ្មានការធានា ប៉ុន្តែយើងអាចកសាងវាពីពេលនេះតទៅ ហើយសម្រាប់ខ្ញុំ អនាគតគឺសេចក្តីសង្ឃឹម គ្មានសេចក្តីសង្ឃឹមគឺគ្មានអនាគតទេ"។
"នៅឆ្នាំ ២០១០ ខ្ញុំបានចូលរួមក្រុមហ៊ុន Sabay។ នៅខែ មេសា ឆ្នាំដដែល យើងបានបង្កើត news.sabay.com ដែលផ្ទុកនូវមាតិកាកីឡាជាតិដែលជាមាតិកាធំមួយក្នុងចំណោមមាតិកាគោលទាំង ៤របស់យើង។ កីឡាបាល់ទាត់ និងវីរជនលើសមរភូមិវាលស្មៅ បានចាប់កំណើតឡើងនៅកម្ពុជា ដោយសារយើងមានយុវវ័យរាប់លាននាក់គាំទ្រ និងចូលរួមលើកតម្កើង។ ក្រៅពីនេះ ខ្ញុំក៏បានជាសះស្បើយពីការធ្លាក់ទឹកចិត្ត នៅពេលបានធ្វើអ្វីមួយដែលជាកត្តាជំរុញទឹកចិត្តអ្នកដទៃ។ ម៉ីសន សុធារី បន្ថែម។
អ្នកនិពន្ធរូបនេះ ដាស់តឿនថា នៅពេលអ្នកនៅក្មេង ហើយមិនមានបន្ទុកច្រើន កុំមិនខ្វល់នឹងមុខមាត់ កេរ្ត៍ឈ្មោះអ្វីពេក អ្នកឱ្យតម្លៃសេរីភាពនៃការគិតជាចម្បង អ៊ីចឹងហើយ ការបង្កើតកម្លាំងជំរុញអារម្មណ៍ ក៏មិនបានពិបាកអ្វីពេកដែរ។
"ខ្ញុំគ្រាន់តែប្រាប់ខ្លួនឯងនៅពេលលំបាកៗថា គ្រប់គ្នាកើតមកត្រូវតែតស៊ូ ហើយដឹងច្បាស់ថា តើអ្វីដែលយើងកំពុងចង់ក្លាយទៅជា "...” នៅពេលអនាគត ហើយអនាគតនោះកៀក ឬឆ្ងាយ? ។ នេះជាវិធីតែមួយគត់ដែលធ្វើឱ្យអ្នកអាចឆ្លងកាត់បាន។
មួយវិញទៀត អ្នកនិពន្ធរឿង "ស្រទន់មន្តស្នេហ៍" រូបនេះបានឱ្យដឹងទៀតថា ការបង្កើតឱកាស អ្នកខ្លះហៅវាថា "PR=Public Relations ឬ Marketing ខ្លួនឯង" ក៏ជាចំណុចអាចជួយឱ្យអ្នកអាចជោគជ័យ ប៉ុន្តែដំណាក់កាលនេះអ្នកត្រូវការចំណាយ ហើយបើអ្នកមិនមានលុយចំណាយទេ អ្នកប្រហែលត្រូវការពេលវេលា និងកម្លាំង។
តួយ៉ាងកាលឆ្នាំ ២០០៥ ម៉ីសន សុធារី បានក្លាយទៅជាប្រធានផ្នែកផលិត នៅមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (Production Manager)។ អ្នកនិពន្ធរូបនេះទទួលខុសត្រូវគម្រោងច្រើន ដូច្នេះ ធារី បានស្វែងរកវិធីផ្លាស់ប្តូរទម្រង់ការផ្សាយមួយចំនួននៅក្នុងគម្រោងទាំងនោះ ឱ្យទៅជាការសរសេរសាច់រឿង ទាំងប្រឌិត ទាំងជីវិតពិត។
ម៉ីសន សុធារី បានឆ្លងកាត់ការងារផ្នែកសង្គមជាង ១០ឆ្នាំ ដោយបម្រើការនៅមណ្ឌលព័ត៌មានស្រ្តីកម្ពុជា។ រយៈពេលជាង ២០ឆ្នាំនៃជីវិតការងារ បានផ្តល់មកនូវជំនាញផ្នែកព័ត៌មាន ទាំងវិទ្យុ កាសែត និងទូរទស្សន៍ ចុងក្រោយគឺ អនឡាញ និងជាអ្នកនិពន្ធ ដែលមានស្នាដៃទាំងក្នុងប្រលោមលោក ជាសៀវភៅ និងវិវត្តទៅជាកុន ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍នានាទៀតផង៕