- 2019-07-12 03:03:38
- ចរាចរណ៍
ស៊ីញ៉ូភ្លាមបត់ភ្លាមម៉េចដែរ?
- 2019-07-12 03:03:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីញ៉ូភ្លាមបត់ភ្លាមម៉េចដែរ?
ចន្លោះមិនឃើញ
“ខ្ញុំខឹងអាប៉ិមួយស្រាប់តែស៊ីញ៉ូភ្លាមបត់ភ្លាមហើយបានធ្វើឲ្យញ៉ុមដួលម៉ូតូ”។ វាជាសម្ដីរបស់យុវជនម្នាក់ឈ្មោះ សុខ រឿន ដែលធ្លាប់រងគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាគីម្ខាងទៀតបើកបរម៉ូតូ ដោយស៊ីញ៉ូភ្លាមបត់ភ្លាម។
សុខរឿន និយាយឆ្ការដៃឆ្ការជើងបណ្ដើរប្រាប់ Sabay ថា កាលពីពេលថ្មីៗនេះ លោកជួបគ្រោះថ្នាក់ក្នុងពេលបើកបរម៉ូតូ ដោយម៉ូតូដែលនៅមុខរបស់លោកពេលបត់ទើបស៊ីញ៉ូភ្លើង ដែលធ្វើឲ្យលោកចាប់ហ្រាំងមិនទាន់។ លោកបន្ដថា “ញ៉ុមបានឃើញញឹកញាប់ណាស់អ្នកបើកបរប្រភេទនេះ ស៊ីញ៉ូភ្លាមបត់ភ្លាម។
យុវជនឈ្មោះ ដេត រស់នៅម្ដុំបឹងត្របែកបានរៀបរាប់ដែរថា "ខ្ញុំក៏ធ្លាប់ជួបប្រទះបញ្ហានេះដែរ ហើយភាគច្រើន គឺអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី”។ លោកបាននិយាយថា នៅគ្រាដែលម៉ូតូឌុបឃើញភ្ញៀវ ពួកគាត់បានបត់ភ្លាមដើម្បីទៅដណ្ដើមភ្ញៀវនោះ។
អ្នកបើកបរម៉ូតូមួយរូបទៀត គឺកញ្ញា មុំ មូលី បាននិយាយដែរថា អ្នកបើកបរបត់ភ្លៀមមិនមើលមុខក្រោយ ឬស៊ីញ៉ូភ្លាមបត់ភ្លាម គឺបង្កគ្រោះថ្នាក់ដល់ខ្លួនឯងផង និងអ្នកដទៃផង ដែលធ្វើឲ្យអ្នកបើកបរទេនៅខាងក្រោយមិនអាចបញ្ឈប់ម៉ូតូទាន់ ដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍។ កញ្ញាបញ្ចេញទស្សនៈថា “ការបើកបរបែបនេះ គឺជាការបើកបរយានជំនិះដែលគ្មានសុជីវធម៌”។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះសុផាត រស់នៅខាងក្រោយវិទ្យាល័យសន្ធរម៉ុក បាននិយាយថា ការបើកបរមិនបានមើលឆ្វេងមើលស្ដាំ ហើយបត់ភ្លាមបែបនេះ គឺជាប្រការមិនល្អនោះទេ។ លោកបានបញ្ជាក់ថា ក្រៅពីអ្នកបើកបរស៊ីញ៉ូភ្លាមបត់ភ្លាម ក៏មានអ្នកបើកបរមួយចំនួនទៀត បត់យានជំនិះទាំងពុំបានស៊ីញ៉ូភ្លើង ឬងាកឆ្វេងស្ដាំនោះឡើយ។ លោកបានចាត់ទុកថា អ្នកបរទាំងនេះ គឺជាដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍។
យោងតាមរបាយការណ៍របស់ប៉ូលិសកន្លងមកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សស្លាប់មានចំនួន ៤ ទៅ ៥ នាក់ ក្នុង១ថ្ងៃ។ ជនដែលរងគ្រោះភាគច្រើនជាអ្នកបើកបរម៉ូតូ។
ផ្អែកតាមច្បាប់ចរាចរណ៍ផ្លូវគោកមាត្រា ២៦ បានចែងថា មុននឹងផ្លាស់ប្ដូរទិសដៅនៃយានរបស់ខ្លួនដូចជា ក្នុងការបត់ឆ្វេងឬស្ដាំពេលប្ដូរគន្លងផ្លូវពេលអែបខាង ដើម្បីឈប់ ឬ ចត អ្នកបើកបរត្រូវបន្ថយល្បឿន និងត្រូវជឿជាក់ជាមុនថា មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ហើយត្រូវឲ្យសញ្ញាយ៉ាងច្បាស់និង គ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃ ដែលកំពុងប្រើប្រាស់ផ្លូវនោះដែរ។
នៅពេលចេញដំណើរពីចំណតអ្នកបើកបរត្រូវឲ្យសញ្ញាយ៉ាងច្បាស់ និង គ្រប់គ្រាន់ជាដំណឹងដល់អ្នកដទៃដែលកំពុងប្រើប្រាស់ផ្លូវនោះ ដោយត្រូវជឿជាក់ថា ការចេញដំណើររបស់យានយន្តគ្មានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃឡើយ៕
ចុះ! ប្រិយមិត្តធ្លាប់ជួបប្រទះរឿងបែបនេះទេ ដែលម៉ូតូខ្លះស៊ីញ៉ូភ្លាមបត់ភ្លាម?
សូមចុចអាន៖ ទៅផ្លូវទេពផនប្រយ័ត្ន ស្ទះចរាចរណ៍
សូមចុចអាន៖ ស្ពានអ្នកលឿងបានតភ្ជាប់គ្នាហើយ!
សូមចុចអាន៖ យប់អីចឹងចរាចរណ៍គល់ស្ពានអាកាស ៧មករាខុសពីពេលថ្ងៃយ៉ាងម៉េចដែរ?