• 2019-07-15 09:35:34
  • សេដ្ឋកិច្ច

យ៉ាង​ហោចណាស់ប្រទេស​ប្រាំ​មួយ​នៅអាស៊ី​មាន​ផ្ទុះជំងឺ​ប៉េស្ដជ្រូកអាហ្វ្រិក​

  • 2019-07-15 09:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គិត​ត្រឹម​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៩ នេះ​ប្រ​ទេស​នៅ​តំបន់អាស៊ី​ចំនួន​ប្រាំ​មួយ​ត្រូវ​បាន​​រាយ​ការណ៍​ថា​កើត​មាន​ជំងឺ​ប៉េស្តជ្រូកអាហ្វ្រិក។

អង្គការ​ស្បៀងអាហារពិភព​លោកហៅ​កាត់​ថា​ FAO បាន​ផ្សាយ​លើគេ​ហទំព័រ​របស់​ខ្លួន​ថា​គិត​ត្រឹម​ថ្ងៃទី​១១ ខែ​កក្កដា នេះ​ប្រ​ទេស​មាន​ផ្ទុះ​ជំងឺ​ប៉េស្ត​ជ្រូកអាហ្រិក​មាន​ ចិន ម៉ុងហ្គោលី វៀតណាម កម្ពុជា កូរ៉េខាង​ជើង និង​ប្រ​ទេស​ឡាវ។

(ប្រភព៖ FAO)

ប្រ​ភព​ដដែល​បន្តថា​នៅ​ប្រ​ទេស​ចិន​ជំងឺនេះ​ផ្ទុះ​ឡើង​ដំបូង​នៅ​ថ្ងៃទី៣ ខែសីហា ឆ្នាំ​​២០១៨​បន្ត​រហូត​មកដល់​ពេល​នេះ ដែល​មាន​កើត​នៅ​យ៉ាង​តិច​៣២​ខេត្ត​ ក្រុង និង​តំបន់ ហើយ​ជ្រូក​ច្រើនជាង​១ ១៦០០ ០០០​ក្បាល​ត្រូវ​បាន​សម្លាប់។

ដោយឡែក​នៅ​ម៉ុង​ហ្គោលី​វិញ​ផ្ទុះ​ដំបូង​នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ២០១៩ ហើយ​ជ្រូក​ប្រហែល​ជា​១០​ភាគ​រយ​នៃជ្រូក​នៅ​ម៉ុងហ្គោលី​ត្រូវបាន​សម្លាប់។ ចំណែកកូរ៉េខាង​ជើង​វិញ​ត្រូវគេរាយការណ៍ថា​បាន​កើត​ឡើង​ជំងឺប៉េស្តជ្រូក​នេះ​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ២០១៩។

សម្រាប់ប្រទេស​វៀតណាម​វិញគេរាយការណ៍ថា​កើត​មាន​ដំបូង​នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ២០១៩ ហើយ​ខេត្ត​ ក្រុង​ដែល​កើតមាន​ចំនួន៦២ និង​​ជ្រូក​ប្រហែលជា​៣​លាន​ក្បាល​ត្រូវបាន​សម្លាប់។​ ងាកមក​ប្រ​ទេស​ជិតខាងង​វៀតណាម គឺ​ ឡាវ​ឯណេះ​វិញកើត​ឡើង​ដំបូង​នៅ​២០ ខែ​មិថុនា ឆ្នាំ​២០១៩។​

ចំណែក​កម្ពុជា​វិញ​ប្រភព​ខាង​លើ​ថាមាន​សេចក្ដីរាយការណ៍​ដំបូង​ពី​ជំងឺនេះ​នៅ​ថ្ងៃទី​២ ខែមេសា ឆ្នាំ២០១៩ នៅ​ខេត្ត​រតនគិរី និង​បាន​សម្លាប់ជ្រូក​នៅ​ខេត្ត​នោះអស់​១៩៧៩​ក្បាល ហើយ​នៅ​ថ្ងៃទី​២ និង ទី​៩ ខែ​កក្កដា នេះ​ក៏បាន​រាល​ដាល​ដល់ខេត្ត​ត្បូង​ឃ្មុំ ស្វាយ​រៀង និង​តាកែវ​ជាដើម។

ជំងឺប៉េស​ជ្រូកអាហ្វ្រិក​នេះ ជា​ជំងឺ​ដែល​ធ្វើឲ្យ​សត្វជ្រូក​ឈឺ​និងងាប់​១០០​ភាគរយ ប៉ុន្តែ​មិន​បង្កផល​ប៉ះពាល់ ឬឆ្លង​ដល់​មនុស្ស​នោះទេ បើទោះបីជាចៃដន្យ​បាន​ទទួលទាន​ចំសាច់ជ្រូក​កើត​ជំងឺ​នេះ​ក៏​ដោយ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់