• 2019-07-24 04:44:32
  • ព័ត៌មាន

អាជីវកម្មបង្កើតថ្មីចំនួន ១១ ជុំគ្នាបង្ហាញផែនការខ្លឺមៗរបស់ខ្លួន ថ្ងៃស្អែកនេះ

  • 2019-07-24 04:44:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវកម្ម​បង្កើត​ថ្មី​ៗចំនួន​ ១១ នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ផែន​ការ​​របស់​ពួក​គេ នៅថ្ងៃ​ទី​ ២៥​ ខែ ​កក្កដា​ ២០១៩ នេះនៅអគារ Raintree ក្រោយ​​ត្រូវ​បាន​ជ្រើស​ឲ្យ​ចូល​រួម​ការ​បណ្ដុះ​បណ្ដាល​អាជីវកម្ម​ថ្មី​រយៈ​ពេល៣ខែ ដោយ​កម្មវិធី​ SmartScale by Seedstars ​កាល​ពី​ខែ​ ឧសភា កន្លង​ទៅ។

SmartScale by Seedstar គឺ​​ជា​កម្មវិធី​ជួយ​ពន្លឿន​ និង​ជម្រុញ​អាជីវកម្ម​ដែល​ទើប​បង្កើត​ថ្មី​នៅ​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Mekong Strategic Partner (MSP) ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​គ្រប់​គ្រង​ការ​វិនិយោគ និង​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញវត្ថុ ​និង Seedstars World ដែល​ជា​សហគមន៍​អន្តរជាតិ​សម្រាប់​សហគ្រិន​ និង​អាជីវកម្ម​បង្កើត​ថ្មីផ្នែក​បច្ចេកវិទ្យា​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ កម្មវិធី​នេះ​ក៏​មាន​ការ​គាំទ្រ​ពី​ គម្រោង Development Innovations របស់​ USAID និង​ក្រុមហ៊ុន​ Smart Axiata។

អាជីវកម្ម​បង្កើត​ថ្មី​ដែល​បាន​ជ្រើសរើស​សម្រាប់​កម្មវិធី SmartScale ជំនាន់​ទីមួយនេះ​រួមមាន៖

  • Bongpheak គឺជា​គេហទំព័រ​ការ​ងារ​ដំបូងគេ​នៅ​កម្ពុជា​ដែល​ផ្តោត​លើ​ការងារ​ជំនាញ​ទាប ។
  • Buyloy.com គឺជាផ្លេតហ្វម (Platform) ​ទិញ​ទំនិញអនឡាញប្រកប​ដោយ​ទំនុក​ចិត្ត​នៅ​ប្រទេស​កម្ពុជា ។
  • Impact Explorer ផ្សាភ្ជាប់​អ្នក​ធ្វើ​ដំណើរ​ជាមួយនិង​បទពិសោធន៍ដំណើរកំសាន្តដែល​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​សហគមន៍ និង​ធ្វើ​ឱ្យ​ជីវិត​​រស់​នៅ​កាន់​តែ​ប្រសើរ​ឡើងតាម​រយៈទេសចរណ៍ ។
  • DirexPlay បង្កើត​ហ្គេម​ចល័តដែល​ពោរពេញដោយភាព​សប្បាយ​រីករាយ និង​ផ្តល់​បទពិសោធន៍​លេងហ្គេម​ជាមួយ​មនុស្ស​ដទៃទៀត ។
  • First Womentech Asia មាន​បំណង​ធ្វើ​ទំនើបនីយកម្មប្រតិបត្តិការ​មន្ទីរពេទ្យ និង​អាជីវកម្ម​ផ្នែក​សុខាភិបាល។
  • Healthogo គឺជា​ផ្លេតហ្វម​សម្រាប់​អ្នក​ជម្ងឺទទួលបាន​ព័ត៌មាន​ផ្នែក​សុខភាព​ និង​ណាត់​ជួបជាមួយ​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​និង​គ្លីនិក ។​​
  • Kokopon គឺជា​ផ្លេតហ្វមដែលផ្តល់ព័ត៌មាន​អំពីការ​ផ្សព្វផ្សាយ​ និង​ការបញ្ចុះតម្លៃ​ទំនិញ​និង​សេវាកម្មផ្សេងៗ។
  • Muuve ធ្វើឱ្យ​ជីវិត​កាន់តែងាយស្រួល តាម​រយៈការ​សម្របសម្រួលការ​ដឹក​ជញ្ជូនម្ហូបអាហារ ។
  • RentKH Tech គឺជា​ផ្លេតហ្វម​អនឡាញ​សម្រាប់​លក់ និង​ជួល​អចលនទ្រព្យ។
  • BLOC គឺ​ជាផ្លេតហ្វម​ក្នុង​ស្រុក​សម្រាប់​ការ​លក់​ទំនិញ​អនឡាញ ​និង​ការដឹក​ជញ្ជូន។
  • Wayhome ផ្តល់​ដំណោះស្រាយ​យ៉ាង​ងាយ​ស្រួល​សម្រាប់អ្នក​ជួល ម្ចាស់​អគារ និង​ភ្នាក់ងារអចលនទ្រព្យ។

ក្នុង​រយៈ​ពេល​៣​ខែ​ អាជីវកម្ម​ទាំង​១១​នេះ ​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ពី​គ្រូ​ណែ​នាំ​​(Mentor)​ចំនួន​ជាង​២០​នាក់។​ ការ​អប់រំ​នេះ ​គឺ​ក្នុង​បំណង​ត្រៀម​ខ្លួន​ពួក​គេ​សម្រាប់​ទទួល​ការ​វិយោគ​ ដោយ​ពង្រឹង​ភាព​សក្តិសមនៃ​ផលិតផល​សម្រាប់​ទីផ្សារ (Product-Market Fit) និង​លទ្ធភាព​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។

កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានមានប្រសាសន៍ថា៖​ «ទោះបី​ជា​ប្រព័ន្ធ Ecosystem របស់​អាជីវកម្មបង្កើត​ថ្មីនៅ​កម្ពុជា​ទើប​តែ​មាន​ការ​ចាប់​ផ្តើមនៅ​ឡើយ ប៉ុន្តែ​ស្ថាបនិក​អាជីវកម្ម​ក្នុង​ស្រុក​មាន​ការ​តាំងចិត្ត និង​ឆន្ទៈខ្ពស់នៅ​ក្នុង​ការ​រៀនសូត្រ។ យើង​ខ្ញុំមាន​សេចក្តី​រំភើប​រីករាយ​ក្នុង​ការ​ចូល​រួម​ចំណែក​ពង្រឹង​ប្រព័ន្ធ Ecosystem និង​ការ​រីក​ចម្រើនរបស់ក្រុម​អាជីវកម្ម​បង្កើតថ្មីមួយ​នេះ​​​​ តាម​រយៈកិច្ច​សហការ​ជាមួយ​ដៃ​គូ​របស់​យើង។»

កម្មវិធី​នេះ​មាន​ប្រធាន​បទ​ដូចជា វិធីសាស្រ្តកំណត់​អតិថិជននិង​ស្វែង​យល់​បញ្ហា​របស់​អតិថិជន យុទ្ធសាស្រ្តកំណើន និង​ការ​អនុវត្ត AARRR Funnel និង​យុទ្ធសាស្រ្តគៀរគរ​ទុន ។

កម្មវិធី​នេះ​មាន​វគ្គ​ថ្មីៗ​មួយ​ចំនួនដូចជា សិក្ខាសាលាជាមួយ​គ្រូណែនាំ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក កិច្ច​ប្រជុំ​មួយ​ទល់​នឹង​មួយ​ជាមួយគ្រូ​ផ្នែក​សហគ្រិនភាព (Entrepreneur in Residence) អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​ដៃគូ​នៅ​ក្នុង​ប្រព័ន្ធ Ecosystem ការ​សម្តែង​នៃ​ការ ​ធ្វើ​បទសម្ភាសន៍​ជាមួយ​អតិថិជន និង​ពេល​វេលា​ជំនួយបន្ថែម​សម្រាប់​ដោះស្រាយ​បញ្ហាទាក់ទិន​នឹង​អាជីវកម្ម​របស់​ខ្លួន។

លោក Feiruz Ikhwan ជានាយក​ហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បាន​ថ្លែង​ថា៖ «កម្មវិធី SmartScale នេះរួម​មាន​ធាតុផ្សំ​ជា​ច្រើន​ដែល​ចាំបាច់​ក្នុង​ការ​ជម្រុញ​គំនិត​ និង​ពង្រឹង​សមត្ថភាព​អាជីវកម្ម​នៅ​ក្នុង​ស្រុកឱ្យ​កាន់​តែ​ប្រសើរ​ឡើង ។ ខ្ញុំ​សង្ឃឹម​ថា​ ការ​ធ្វើ​បទ​បង្ហាញ​ផែន​ការ​អាជីវកម្ម (Demo Day) នឹង​បង្ហាញ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិអំពី​វិស័យ​អាជីវកម្ម​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ ដែល​កំពុង​មាន​ការ​រីក​លូតសាស់​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។»

Demo Day នឹង​​ប្រព្រឹត្ត​នៅ​ថ្ងៃ​បិទ​កម្មវិធី​ SmartScale by Seedstarters នៅថ្ងៃទី​ ២៥​ ​ខែ​ កក្កដា​ ២០១៩ នេះ។ ​ថ្ងៃ​បិទបញ្ចប់​នេះ​ នឹង​មិន​ត្រឹម​តែផ្តល់​ឱកាស​ដល់​​វិនិយោគិន​ជាតិ​និង​អន្តរជាតិ បាន​ស្គាល់អាជីវកម្ម​បង្កើត​ថ្មី​របស់​កម្មវិធី SmartScale ប៉ុណ្ណោះ​ទេ​​ ក៏​ជា​ឪកាស​ដ៏​ល្អ​មួយ​សម្រាប់​អាជីវកម្ម​​បង្កើត​ថ្មី​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​វិនិយោគិន កម្មវិធី​ពន្លឿន​អាជីវកម្ម សាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និង​រាជរដ្ឋាភិបាល​ផងដែរ។

ការ​ចូល​រួម​ Demo Day​ គឺ​ឥត​គិត​ថ្លៃ​​ ហើយ​បើ​អ្នក​ចង់​ចូល​រួម​ អ្នក​ត្រូវ​ចុះ​ឈ្មោះ​តាម​រយៈ​ SmartScale KH

អត្ថបទ៖ សុខ វេងឈាង

មតិយោបល់