- 2019-09-26 23:30:00
- ជំនឿ
សម្ដេចសង្ឃបិណ្ឌបាត៖ «កូនចៅបើទៅស្រុក សូមកុំបង្កើតបំណុលឲ្យឪពុកម្ដាយ»
- 2019-09-26 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដេចសង្ឃបិណ្ឌបាត៖ «កូនចៅបើទៅស្រុក សូមកុំបង្កើតបំណុលឲ្យឪពុកម្ដាយ»
ចន្លោះមិនឃើញ
ប្រពៃណីដ៏ល្អផូរផង់មួយ គឺនៅអំឡុងសម្រាកបុណ្យភ្ជុំបិណ្ឌ កូនចៅជិតឆ្ងាយតែងនាំគ្នាទៅលេងស្រុកកំណើត។ ប៉ុន្តែអ្វីដែលជាកំហុសឆ្គងនោះ គឺកូនចៅខ្លះពេលទៅដល់ស្រុក ជូនលុយកាក់ឪពុកម្ដាយបន្តិចបន្តួចហើយ ក៏នាំគ្នាផឹកស៊ីឱ្យឪពុកម្ដាយបម្រើទាំងខ្លួនឯង និងពួកម៉ាកបនភឿន។ មិនតែប៉ុណ្ណោះ កូនខ្លះផឹកស៊ីរហូតជំពាក់ចិន ទុកឱ្យឪពុកម្ដាយសងគេ។
សម្ដេចសង្ឃបានបិណ្ឌបាតដល់កូនចៅទាំងឡាយ ដែលធ្លាប់ធ្វើបែបនេះ សូមឈប់ធ្វើតទៅទៀត ព្រោះជាអំពើបាប និងមិនគប្បីសោះឡើយ។ ពេលទៅលេងស្រុកកំណើតសូមខេមរបុត្រគ្រប់រូប មេត្តាកុំទៅឲ្យឪពុកម្ដាយបម្រើ ហើយកុំទៅបង្កើតបំណុលឲ្យឪពុកម្ដាយជាអ្នកសងគេ។ នេះគឺជាបិណ្ឌបាតរបស់សម្ដេចឧត្ដមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្តវិមានតេជះ ហៅវត្តស្រះចក។
«ជូនឪពុកម្ដាយបួន ដប់ ម្ភៃម៉ឺនរៀល ហើយក៏នៅទីនោះយូរថ្ងៃអ៊ីចឹងទៅ ក៏ឲ្យម្ដាយឪពុកហ្នឹងប៉ាវរហូតតែម្ដង។ តាំងពីបាយទឹក តាំងពីនំចំណី ត្រីសាច់ រហូតដល់ អាការសាហាវ (ស្រា) អីទៀតឯនោះ ដើម្បីជប់លៀងខ្លួន។ ដល់ពេលដែលត្រលប់មកវិញ ម្ដាយជំពាក់គេមួយលាន ពីរលានដោយសារតែកូនទៅលេង (អា) កន្លែងត្រង់ហ្នឹង ដែលពុទ្ធបរិស័ទទាំងអស់គួរពិចារណា យកសតិមកប្រើ យកសម្បជញ្ញៈមកប្រើ»។
ការបិណ្ឌបាតរបស់សម្ដេច ឈឹង ប៊ុនឈា បែបនេះ ដោយសារកន្លងមកត្រូវបានកត់សម្គាល់ឃើញថា មានអ្នកខ្លះនាឱកាសបុណ្យទាន ដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌជាដើម ពេលទៅលេងស្រុកកំណើត បន្ទាប់ពីបានជូនលុយកាក់តិចតួចដល់ឪពុកម្ដាយហើយ ក៏នាំគ្នាផឹកស៊ីសប្បាយ អស់មាន់អស់ទាឪពុកម្ដាយ ហើយក៏ត្រូវឲ្យឪពុកម្ដាយធ្វើបាយទឹកម្ហូបអាហារ ដល់ខ្លួន ថែមទាំងមិត្តភ័ក្ដិបនភឿនរបស់ខ្លួនទៀត។ ពេលខ្លះក៏ស្រវឹងកើតជម្លោះបង្កើតជាក្ដីកង្វល់ដល់ឪពុកម្ដាយមួយជាន់ទៀត។ ពេលពួកគេត្រឡប់ទៅវិញ ក៏បន្សល់ទុកនូវបំណុលឱ្យឪពុកម្ដាយចាស់ជរាជាអ្នកសងគេជំនួសខណៈជីវភាពរបស់ពួកគាត់ខ្សត់ខ្សោយស្រាប់។
ខ្លឹមសារដ៏សំខាន់បំផុតមួយ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺបង្កើតសាមគ្គីភាព សាងបុណ្យកុសល សាងក្តីល្អដល់គ្នា និងគ្នា ជាពិសេសដល់លោកអ្នកមានគុណ ទាំងនៅរស់ និងស្លាប់ទៅហើយ តាមរយៈការធ្វើទានជាដើម។ រីឯទង្វើទាំងឡាយរបស់កូនចៅមួយចំនួន ដូចដែលបានលើកឡើងខាងដើមនេះ គឺជាទង្វើផ្ទុយទាំងស្រុងពីខ្លឹមសារ នៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕