• 2019-10-03 04:01:04
  • សេដ្ឋកិច្ច

ផលិតផល​កសិ​ឧស្សាហកម្មដ៏​មាន​គុណភាពរបស់​កូរ៉េ ត្រូវ​បាន​តាំង​បង្ហាញ​នៅ​កម្ពុជា

  • 2019-10-03 04:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការតាំងបង្ហាញផលិតផលកសិឧស្សាហ៍កម្ម ដ៏មានគុណភាពខ្ពស់បំផុតរបស់ប្រទេសកូរ៉េ ដែលហៅកាត់ថា Agri-Food Korea 2019 ក៏ដូចជាការប្រារព្ធនូវទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េ (The National Day of Republic of Korea reception) ត្រូវ​បាន​ធ្វើឡើងនាថ្ងៃទី០២ ខែតុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េ ជាអ្នកផ្តួចផ្តើម និងដឹកនាំព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលនេះ ដោយមានការអញ្ចើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផងដែរ។ គោលបំណងសំខាន់ គឺដើម្បីប្រារព្ធពីទិវាបុណ្យជាតិរបស់សាធារណរដ្ឋកូរ៉េ និងជារឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

លោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីសាធារណរដ្ឋកូរ៉េ

អ្វីដែលកាន់តែពិសេសបន្ទាប់ពីការប្រារព្ធទិវាបុណ្យជាតិសាធារណរដ្ឋកូរ៉េរួចមក ក៏នៅមានកម្មវិធីតាំងបង្ហាញផលិតផលកសិឧស្សាហ៍កម្មដ៏មានគុណភាពខ្ពស់ប្រចាំប្រទេសកូរ៉េ Agri-Food Korea 2019។

គោលដៅមួយផ្សេងទៀត គឺចង់ផ្តល់ឱកាសជូនបណ្តាញពាណិជ្ជកម្មជាច្រើនដោយធ្វើការជួបជុំគ្នា និងផ្សារភ្ជាប់ទំនាក់ទំនងគ្នាជាមួយនឹងក្រុមហ៊ុនក្នុងស្រុកទៅកាន់រោងចក្រ សហគ្រាស និងអ្នកចែកចាយផលិតផលជាច្រើននៅប្រទេសកូរ៉េទៀតផង។

សូមបញ្ជាក់ថា ក្រុមហ៊ុនចំនួន ២០ ​បានចូលរួមក្នុងព្រឹត្តិការណ៍ Agri-Food Korea 2019 ដោយមានការតាំងបង្ហាញនូវផលិតផលកសិឧស្សហ៍កម្មដ៏ច្រើនសម្បូរបែបរួមមានដូចជា យិនស៊ិន, ផ្លែឈើ, ភេសជ្ជៈ, ផលិតផលជំនួយសុខភាព និងផលិតផលជាច្រើនប្រភេទទៀតផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ព្រឹត្តិការណ៍ Agri-Food Korea 2019 រៀបចំដោយស្ថាតទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយធ្វើការសហការជាមួយនឹងក្រុមហ៊ុនកសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្ម ពាណិជ្ជកម្មអាហារកូរ៉េ Korea Agro-Fisheries and Food Trade Corporation (aT) ព្រមទាំង Korea Trade-Investment Promotion Agency(KOTRA) ផងដែរ។

គួរ​បញ្ជាក់ផងដែរថា មានក្រុមហ៊ុនក្នុងស្រុកប្រមាណជាង ៥០ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ ដោយក្រុមហ៊ុនទាំងអស់នោះបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅផលិតផលជាច្រើនប្រភេទ។ ជារួមក្នុងចំណោមកិច្ចប្រជុំក្រុមហ៊ុនពាណិជ្ជកម្មជាង ១៥០ អនុស្សរណៈយោគយល់ (MOU) ចំនួន ៥ ត្រូវបានចុះហត្ថលេខា។

ក្រៅពីកិច្ចប្រជុំពាណិជ្ជកម្ម និងការភ្ជាប់ទំនាក់ទំនងជាមួយគ្នា ក៏នៅមានកម្មវិធីបង្ហាញផ្សេងៗនៅស្តង់ Miracle bar ជាមួយនឹងស្រាក្រឡុកជាច្រើនប្រភេទ ច្រើនរសជាតិផ្សំពីផ្លែឈើ Omija និង Yuza ដោយរួមផ្សំជាមួយនឹងផលិតផលក្នុងស្រុកជាច្រើនផងដែរ។ លើសពីនេះទៅទៀតក៏មានការបង្ហាញនូវការចម្អិនម្ហូបដោយប្រើគ្រឿងផ្សំរបស់ប្រទេសកូរ៉េដូចជា៖ Gochujang នៅកំឡុងពេលព្រឹត្តិការណ៍តែម្តងដោយកំពូលមេចុងភៅដ៏ល្បីឈ្មោះមកពីអន្តរជាតិ Chef Nicholas Tang ទៀតផង។ ដោយឡែកសម្រាប់រូបមន្តចម្អិនម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងអស្ចារ្យនេះក៏ត្រូវផុស (Post) ចូលក្នុងហ្វេសប៊ុក (Facebook: Nhamnhamkfood) ដែលរៀបចំដោយក្រុមហ៊ុន aT ដើម្បីជួយដល់ប្រជាជនកម្ពុជាទទួលបាននូវបទពិសោធន៍នៃរសជាតិមុខម្ហូបដ៏អស្ចារ្យថ្មី…ប្លែកមិនធ្លាប់មានពីមុនមក។

នៅចុងបញ្ចប់នៃព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះលោក Kim Jimin ឯកអគ្គរដ្ឋទូតស្តីទីនៃសាធារណរដ្ឋកូរ៉េមានភាពសប្បាយរីករាយ និងរំភើបក្រៃលែងក្នុងការទទួលស្វាគមន៍នូវក្រុមហ៊ុនក្នុងស្រុកដើម្បីស្វែងយល់ និងទទួលបានបទពិសោធន៍ថ្មីពីផលិតផលកសិឧស្សាហ៍កម្មជាច្រើនប្រភេទផងដែរ។ លោក ឯកអគ្គរដ្ឋទូតស្តីទី Kim Jimin ក៏បានបន្ថែមទៀត និងសង្កត់​ធ្ងន់ថា ព្រឹត្តិការណ៍នេះគឺជាឱកាសដ៏មានតម្លៃបំផុតក្នុងការរឹតចំណងមិត្តភាពឱ្យមានភាពកាន់តែរឹងមាំ បង្កើនទំនុកចិត្តក៏ដូចជាភាពស្មោះត្រង់រវាងប្រទេសទាំងពីរផងដែរ។

“សាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាគឺជាសញ្ញាណនៃកិច្ចសហការ, អភិវឌ្ឍន៍ទ្វេភាគីដ៏ល្អឥតខ្ចោះដែលមានស្រាប់ដោយប្រទេសទាំងពីរមានបច្ចេកវិទ្យា និងបច្ចេកទេសក្នុងការផលិតអាហារ។ ជាពិសេសប្រទេសកម្ពុជាមានលក្ខខណ្ឌល្អប្រសើរដែលអាចឱ្យសាធារណរដ្ឋកូរ៉េ និងកម្ពុជាអាចជួយគាំទ្រគ្នាទៅវិញទៅមកបានដោយរលូនផងដែរ”៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់
អត្ថបទថ្មី