• 2019-10-04 08:08:24
  • សេដ្ឋកិច្ច

គ្រឹះស្ថានហិរញ្ញវត្ថុធំមួយ​នៅ​កម្ពុជា ចូលរួមឧបត្ថម្ភទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech Day 2019

  • 2019-10-04 08:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ឆ្នាំ២០១៩ (Cambodia Fintech Day 2019) ដែលរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ។

គោលបំណងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្ដូរព័ត៌មានគ្នា អំពីនិន្នាការទីផ្សារ និងការវិវឌ្ឍរីកចម្រើននៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាបទប្បញ្ញត្តិដែលទាក់ទិននឹងសេវាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។

កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាតំណាងពីមន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ និយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មជ្ឈដ្ឋានបណ្ឌិតបញ្ញវន្ត ព្រមទាំងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។

សូមបញ្ជាក់ថា FinTech ឬបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាកម្មវិធីកុំព្យូទ័រ ម្មវិធីតាមទូរសព្ទ (app) ឬដំណោះស្រាយផ្នែកបច្ចេកវិទ្យានានា ដែលត្រូវបានប្រើប្រាស់ ដើម្បីជាជំនួយ ឬផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ មានមោទនភាពដែលបានឧបត្ថម្ភកម្មវិធីទិវាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០១៩។ នេះជាព្រឹត្តិការណ៍ដ៏ឧត្ដុង្គឧត្ដមមួយ ដែលបានប្រមូលផ្ដុំប្រតិបត្តិករក៏ដូចជានិយ័តករនៅក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីជួបពិភាក្សាអំពីសារៈសំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ក្នុងការកំណត់ទិសដៅនៃប្រព័ន្ធហិរញ្ញវត្ថុនៃយុគសម័យសេដ្ឋកិច្ចថ្មី និងដើម្បីស្វែងយល់ឱ្យទាន់ពេលវេលានូវក្របខ័ណ្ឌបទប្បញ្ញត្តិថ្មីៗ កត្តាប្រឈម កាលានុវត្តភាព និងការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់»។

លោកបន្តថា «ចំពោះប្រាសាក់ យើងទទួលស្គាល់យ៉ាងខ្លាំងពីគុណសម្បត្តិនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះនឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនចំនួនប្រជាជនដែលទទួលបានសេវាហិរញ្ញវត្ថុ។ តាមន័យនេះហើយ បានជាយើងបានធ្វើការវិនិយោគយ៉ាងច្រើនទាំងពេលវេលា និងថវិកាដើម្បីចាប់យកអត្ថប្រយោជន៍នៃនិវានុវត្តន៍ថ្មីនេះ។ ហេតុនេះ ប្រាសាក់បានខិតខំធ្វើទំនើបកម្មរាល់ប្រតិបត្តិការរបស់ខ្លួនដោយបំពាក់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា ប្រព័ន្ធធនាគារស្នូលដ៏ទំនើប សេវាអេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត និងការប្រើលេខ QR កូដជាដើម»។

លោក សាយ សូនី បានបញ្ជាក់ថា បច្ចេកវិទ្យាទាំងនេះ បានជួយបង្កើនប្រសិទ្ធភាព សុវត្ថិភាព និងតម្លាភាពនៃសេវាហិរញ្ញវត្ថុ ដោយបានកាត់បន្ថយចំណាយ និងបង្កើនលទ្ធភាពកាន់តែច្រើនឱ្យប្រជាជនទទួលបានសេវាហិរញ្ញវត្ថុ។ បច្ចេកវិទ្យាហិរញ្ញវត្ថុបានជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុមានការរីកចម្រើនយ៉ាងខ្លាំង ដែលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកំពស់បរិយាប័ន្នហិរញ្ញវត្ថុ។

លោក សូនី បន្ថែមទៀតថា «បច្ចុប្បន្ននេះ យើងមានអតិថិជនជាង ៤១០ពាន់នាក់ ដែលពួកគាត់អាចប្រើប្រាស់សេវាហិរញ្ញវត្ថុប្រាសាក់ ដែលរួមមានសេវា ឥណទាន បញ្ញើសន្សំ ទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ ប្តូរប្រាក់ តាមរយៈការិយាល័យទាំង ១៨០សាខា អេធីអឹម និងសេវាធនាគារចល័តយ៉ាងងាយស្រួល»។

គួរកត់សម្គាល់ផងដែរថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០១៩ នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង ២៨០០លានដុល្លារអាមេរិក សម្ពៀត​ឥណទានច្រើនជាង ២៣៧០លានដុល្លារអាមេរិក បណ្តាញការិយាល័យ និងម៉ាស៊ីនអេធីអឹមទូទាំងប្រទេស សេវាហិរញ្ញវត្ថុឌីជីថល ដែលស្របតាមតម្រូវការអតិថិជន និងបុគ្គលិកជិត ៨២០០នាក់ ព្រមទាំងបានផ្តល់អគារបណ្ណាល័យចំនួន ៤០នៅតាមបណ្តាខេត្តនានានៅកម្ពុជា។ ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.prasac.com.kh

បើប្រិយមិត្ត​ត្រូវការកម្ចីពីប្រាសាក់ សូមអញ្ជើញទាក់ទងមកកាន់លេខទូរសព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទងមកកាន់សាខាប្រាសាក់ដែលនៅជិតលោកអ្នកបំផុត៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់