• 2019-10-16 10:27:59
  • ចរាចរណ៍

ផ្លូវ​ថ្មី​១ខ្សែ ជួយ​ឲ្យ​អ្នក​នៅ​​កំបូល​ និង​ពោធិសែនជ័យ​ ​ទៅ​ AEON​ 2 កាន់តែជិត​ជាងមុន

  • 2019-10-16 10:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាង​លិចរាជធានីភ្នំពេញ​ ដូច​ជាអ្នកនៅខណ្ឌ​កំបូល​ និង​ពោធិសែនជ័យ​ នឹង​មាន​ជម្រើស​ផ្លូវ​ថ្មី​មួយទៀត​សម្រាប់​ធ្វើ​ដំណើរនា​ពេល​ដ៏ខ្លី​ខាងមុខ គឺ​​កំណាត់ផ្លូវ​ ៩២​ ភ្ជាប់​ពី​ចំណុច​ផ្លូវ​ឧកញ៉ា​ទ្រីហេង​ ដល់​ផ្លូវ​១០៥​ K ​ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែនសុខ។

លោក​ ម៉ូវ​ ម៉ានិត​ អភិបាល​ខណ្ឌសែនសុខ​ ដែល​បាន​ចុះ​ពិនិត្យ​ការ​ស្ថាបនា​ កាលពី​ព្រឹក​ថ្ងៃទី១៦ ខែតុលា​នេះ បាន​ឲ្យ​ដឹង​ថា ​ផ្លូវ​ដែល​កំពុង​ស្ថាបនា​នេះ ​គឺ​តភ្ជាប់​ពី​សង្កាត់​ក្រាំងធ្នង់​ មក​សង្កាត់គោកឃ្លាង ចម្ងាយ ​២៧០០ម៉ែត្រ។​ សម្រាប់​ផ្លូវ​ថ្មី​នេះ​ នឹង​ជួយ​បញ្ចៀស​ចរាចរណ៍​បាន​ច្រើន​ពី​ផ្លូវ​សហព័ន្ធ​រុស្សី​ ព្រោះ​អ្នក​ចង់​ធ្វើ​ដំណើរ​ទៅ​លេង​ AEON​ ២​ អាច​បត់​ចូល​តាម​មុខ​ប្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ តាមច្រក​ក្លោង​ទ្វារ​វត្តតាំងកសាង មក​ចេញ​ជិត​ផ្លូវ​ហាណូយ​តែ​ម្ដង។​

អភិបាល​ខណ្ឌ​ សែនសុខ​ លោក​ ម៉ូវ​ ម៉ានិត​ ចុះពិនិត្យ​ការ​ស្ថាបនា​កំណាត់ផ្លូវ ៩២

ចំណែក​លោក​ ឈីម​ ឈានី​ តំណាង​បុរី​ភ្នំពេញ​ថ្មី​ ដែល​ជា​អ្នក​ស្ថាបនា​ផ្លូវ​ខាង​លើ​នេះ បាន​​ឲ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​នេះ​គឺ​រួចរាល់​បាន​ ៥០%​ ហើយ​ អាច​នឹង​ចំណាយ​ពេល​ប្រហែល​ ២ខែ​ទៀត ដើម្បី​​បញ្ចប់​ការ​ស្ថាបនា​ទាំង​ស្រុង​តែ​ម្ដង។​ ចំពោះ​ផ្លូវ​ដែល​កំពុង​ស្ថាបនា​នេះ​ គឺ​មាន​ទទឹង​១២ម៉ែត្រ​ កម្រាស់ ​២តឹក និង​មាន​ដាក់​លូ​ទំហំ​១ម៉ែត្រ​តាម​បណ្ដោយ​ផ្លូវ​ថែម​ទៀត​ផង។​ ការ​ចំណាយ​លើ​ការ​ស្ថាបនា​នេះ​ប្រហែល​ជិត​ ២លាន​ដុល្លារ។​

តំណាង​បុរី​ភ្នំពេញ​ថ្មី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ផ្លូវ​ដែល​កំពុង​ស្ថាបនា​នេះ​នឹង​អាច​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ៗ​នោះ ​ឲ្យ​បាន​ស្រួល​ជាង​មុន​ ព្រោះ​ពី​មុន​ជា​ផ្លូវ​ដី​ តូច​ចង្អៀត​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់