• 2019-12-13 03:38:33
  • សេដ្ឋកិច្ច

អភិបាលខេត្តកំពតចុះពិនិត្យការរៀបចំសណ្ដាប់ធ្នាប់ ត្រៀមបុណ្យសមុទ្រ

  • 2019-12-13 03:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសស់តែប៉ុន្មានថ្ងៃទៀត ពិធីបុណ្យសមុទ្រ នឹងខិតជិតចូលមកដល់ហើយ ដែលខេត្តកំពត​ត្រៀមធ្វើជាម្ចាស់ផ្ទះសម្រាប់លើកទី៨ជុំទី ២នៅចុងឆ្នាំ២០១៩នេះ។ ដើម្បីធ្វើឱ្យភាពប្រសើរ​ឡើងនូវសណ្ដាប់ធ្នាប់សាធារណៈ រួមនឹងសោភណភាព ការធ្វើអនាម័យ សម្អាតបរិស្ថានតាម​ដងផ្លូវ​ក៏ដូចសួនសាធារណៈក្នុងក្រុងកំពត សំដៅដល់ការធានាបាននូវសុខុមាលភាព​សាធារ​ណៈ និងភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំង ការរៀបចំនូវព្រឹត្តិ​ការណ៍​ទេសចរណ៍ធំៗប្រចាំឆ្នាំរបស់ខេត្ត ប្រកបដោយភាពជោគជ័យផងដែរ។

ឯកឧត្ដម ជាវ តាយ​ អភិបាល​នៃគណៈអភិបាលខេត្តកំពត កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្រុង សង្កាត់ ចុះពិនិត្យលទ្ធផល នៃការអនុវត្តការងារជាក់ស្ដែង ព្រមទាំងជំរុញដាក់វិធានការ​ពន្លឿនការអនុវត្តបន្តនៅតាម​ដង​ផ្លូវ​និងសួនសាធារណៈសំខាន់ៗក្នុងសង្កាត់នីមួយៗនៃក្រុងកំពត។​

ឯកឧត្ដមបានលើកឡើងថា ដោយមើលឃើញរយៈពេលកន្លងមកទាំងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង សង្កាត់ និងមន្ទីរអង្គភាព​ជុំវិញខេត្តតែងតែបានចូលរួមសហការអនុវត្តន៍យ៉ាងសស្រាក់សស្រាំនូវផែនការនៃយុទ្ធនាការរៀបចំសោភណភាព សណ្ដាប់ធ្នាប់សាធារណៈ និងសម្អាតអនាម័យ បរិស្ថានក្នុងក្រុងកំពត​ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ។

ឯកឧត្ដមអភិបាលខេត្ដបានលើកឡើងថា ដោយមើលឃើញនៅ​ភាពខ្វះចន្លោះសេសសល់មួយចំនួននៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ហើយការងារ​ទាំងអស់នេះគឺត្រូវការទាមទារឱ្យអាជ្ញាធរក្រុងសង្កាត់និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធត្រូវបង្កើនល្បឿនសហការគ្នា ជំរុញឱ្យបានលឿនដើម្បីធ្វើយ៉ាងណាឱ្យ​ការងារដែលនៅសេសសល់​ទាំងនេះ មានភាពល្អប្រសើរឡើងមួយកម្រិតទៀត។

រូបភាព Khmer Daily

ទន្ទឹមនេះ ចៅសង្កាត់នីមួយៗ និង​អភិបាល​​ក្រុងព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធត្រូវតែជំរុញអនុវត្តន៍​ការងារនៅសេសសល់ទាំង​នោះ​​រួមមាន​​ ដូចជា ការរៀបចំសណ្ដាប់ធ្នាប់នៃការចតរថយន្តធំៗលើដងផ្លូវសំខាន់ៗទៅ​តាម​របៀប និងការហាមឃាត់មិនឱ្យមានការសង់តូបលក់ដូរ ឬទុកដាក់ឥវ៉ាន់តាមចិញ្ចើមផ្លូវ​ឬដង​ផ្លូវ ការទប់ស្កាត់និងណែនាំឱ្យម្ចាស់ការដ្ឋានសំណង់ឬអ្នកលក់សំណង់ ទុកដាក់សម្ភារ​ឱ្យ​បានត្រឹមត្រូវក្នុងការដ្ឋាន ឬទីតាំងលក់ជៀសវាងដាក់លើផ្លូវឬចិញ្ចើមផ្លូវនិងការដាក់គម្របលូ ឱ្យធានាបាននូវគុណភាព សុវត្ថិភាព ស្អាតនៅតាមបណ្តោយដងផ្លូវរួមនិងបញ្ហាការសម្អាត ស្មៅនិងព្រៃតាមដងផ្លូវ បញ្ហាការទុកដាក់ធុងសំរាម បញ្ហាដីឡូតិ៍ដែលមានសំរាមព្រៃនិងស្មៅ បញ្ហាលូទឹក បញ្ហាផ្លាកយីហោរួម និងបញ្ហាមួយចំនួនទៀតដែលធ្វើឱ្យ​ប៉ះពាល់ និងខូចខាតនូវ​សណ្ដាប់ធ្នាប់របៀបរៀបរយ និងសុខភាពក្នុងក្រុងពិសេសតាមដងផ្លូវជាតិលេខ៣ ដែលជា​បញ្ហា​សំខាន់ត្រូវតែយកចិត្តទុកដាក់បំផុត។

ឯកឧត្ដម ជាវ តាយ ក៏បានថ្លែងអំណរគុណកោតសសើរដល់អាជ្ញាធរក្រុងសង្កាត់ រួមនិងមន្ទីរជំនាញពាក់ព័ន្ធដែលតែងតែមានការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ចំពោះការចូលរួមសហការគ្នាបានល្អក្នុងយុទ្ធនាការកែលម្អសោភណភាពសណ្ដាប់ធ្នាប់ និងអនាម័យ បរិស្ថានតាមដងផ្លូវក្នុងក្រុងកំពតកន្លងមកព្រោះការងារទាំងឡាយទទួលបានជោគជ័យ លុះ ត្រាតែមានការចូលរួមទាំងអស់គ្នាពីសំណាក់អាជ្ញាធរមន្ទីរជំនាញនិងប្រជាពលរដ្ឋ។

សូមបញ្ជាក់ដែរថា ខេត្តកំពតនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រជុំទី២ លើកទី៨ នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ៕

ប្រភព៖ Khmer Daily អត្ថបទ៖ ដៃគូសារព័ត៌មាន

មតិយោបល់