- 2020-01-06 04:50:06
- ចរាចរណ៍
ផ្លូវជាតិលេខ២ ចាប់ផ្ដើមសម្រុកឈូសឆាយ ខណៈពិធីសម្ពោធបើកការដ្ឋានឆាប់ៗនេះ
- 2020-01-06 04:50:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ២ ចាប់ផ្ដើមសម្រុកឈូសឆាយ ខណៈពិធីសម្ពោធបើកការដ្ឋានឆាប់ៗនេះ
ចន្លោះមិនឃើញ
ខណៈរដូវប្រាំងបានឈានមកដល់ ការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ២ បានចាប់ផ្ដើមឈូសឆាយពង្រីកចាប់ពីរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ រហូតដល់ប្រជុំជនផ្សារសំរោងយ៉ោង ក្នុងស្រុកបាទីខេត្តតាកែវ ហើយគិតត្រឹមសប្ដាហ៍មុននេះ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងប្រាប់ sabay ឱ្យដឹងថា ការឈូសឆាយពង្រីកកំពុងចាប់ផ្ដើមយ៉ាងសកម្ម ខណៈដំណោះស្រាយផលប៉ះពាល់ដីបងប្អូនប្រជាពលរដ្ឋត្រូវធ្វើជាបន្តបន្ទាប់ ដោយអនុវត្តតាមច្បាប់ផ្លូវថ្នល់ ហើយការសាងសង់នឹងត្រូវធ្វើឡើងតាមផ្លូវចាស់ ដោយមិនមានផ្លូវឡើយ បើទោះជាតាមកំណាត់ផ្លូវជាតិលេខ២ មានទីប្រជុំជនច្រើនយ៉ាងណា។
“អញ្ចឹងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងកំពុងដោះស្រាយផលប៉ះពាល់បណ្ដើរៗ និងត្រូវសាងសង់ពង្រីកតាមផ្លូវចាស់ ដោយមិនមានផ្លូវវៀងទេ”។
ដោយមិនទាន់អាចប្រាប់ពេលវេលាជាក់លាក់ លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ ឆាប់ៗនេះ។
តាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រគ្រោងនឹងចំណាយថវិកាប្រមាណ ៥៦លានដុល្លារអាមេរិក ក្រោមកម្ចីឥណទានពីរដ្ឋាភិបាលកូរ៉េ និងថវិការបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៨.៥លានដុល្លារអាមេរិក។
គម្រោងនេះ ឆ្លងកាត់រាជធានី-ខេត្តចំនួន៣ រួមមានខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តតាកែវ ដោយបែងចែកជា៣កំណាត់ផ្លូវធំៗមានដូចជា៖
- កំណាត់ទី១៖ ចាប់ផ្ដើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្រ្តីបីកួរស្រូវ ដែលមានប្រវែង ៨,៧គ.ម។ ពង្រីកពី ២គន្លង ទៅ ៤គន្លង ដែលនៅតំបន់ទីប្រជុំជន ប្រវែង ៤,៣គ.ម មានទទឹងផ្លូវ ១៥ម និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០,៥ម។ កំណាត់ផ្លូវនេះក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១២ស.ម។
- កំណាត់ទី២៖ ចាប់ផ្ដើមពីរង្វង់មូលស្ត្រីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១គ.ម ស្ថិតក្នុងតំបន់ជនបទ។កំណាត់ផ្លូវនេះមាន ២គន្លង និងទទឹង ១៣ម ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០ស.ម។
- កំណាត់ទី៣៖ ចាប់ផ្ដើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង ៩,៦គ.ម ស្ថិតក្នុងតំបន់ជនបទ។ កំណាត់ផ្លូវនេះ មានទំហំទទឹងផ្លូវសរុប ១៣ម ក្រាលបេតុងកៅស៊ូ (AC) ដែលមានកម្រាស់ ១០សង់ទីម៉ែត្រ។ ការស្ថាបនានេះ គ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ)៕