- 2020-02-17 08:27:43
- ចរាចរណ៍
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញប្លង់គម្រោងកែលំអប្រព័ន្ធចរាចរនៅស្តុបក្តាន់ ២
- 2020-02-17 08:27:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋបាលរាជធានីភ្នំពេញបង្ហាញប្លង់គម្រោងកែលំអប្រព័ន្ធចរាចរនៅស្តុបក្តាន់ ២
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញតាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនបានបង្ហាញប្លង់រង្វង់មូលក្ដាន់ពីរ ដែលនឹងចាប់ដំណើរការសាងសង់នៅដើមឆ្នាំ២០២០នេះ។
ការបង្កើតឲ្យមានរង្វង់មូលមួយកន្លែង នៅតំបន់ក្តាន់២ នេះរដ្ឋបាលរាជធានីភ្នំពេញក៏នឹងការពង្រីកទទឹងផ្លូវ ប្រវែង៣ម៉ែត្រកន្លះលើផ្លូវសហព័ន្ធរុស្ស៊ីបន្ថែមទៀត ចាប់ពីមុខទីស្តីការគណៈរដ្ឋមន្ត្រី រហូតដល់ស្ពានអាកាសតិចណូផងដែរ ដើម្បីរំដោះចរាចរណ៍ នៅតំបន់នេះឲ្យកាន់តែប្រសើរឡើង ខណៈដែលតំបន់នេះ ក្រោយពីបង្កើតឲ្យមានផ្លូវឆ្លងកាត់ចេញពីតំបន់បឹងកក់ បង្កឲ្យមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនោះ។
ការសម្រេចបែបនេះ បានបង្ហាញឲ្យឃើញក្នុងកិច្ចប្រជុំមួយ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អាជ្ញាធរដែនដី និងមន្ត្រីជំនាញ កាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ២០១៩ កន្លងមក។
លោក ឃួង ស្រេង បានឲ្យដឹងថា គម្រោងកែសម្រួលលំហូរ ចរាចរណ៍នៅតំបន់ក្តាន់២នេះ នឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅដើមឆ្នាំ២០២០នេះ ខណៈដែលតំបន់នេះ កំពុងប្រឈមការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
តាមរយៈការសិក្សាជាលក្ខណៈវិទ្យាសាស្ត្ររបស់ក្រុមនិស្សិតនៃវិទ្យាស្ថានបច្ចេកទេស កម្ពុជាបានបង្ហាញថា ក្នុងមួយថ្ងៃៗមានយានយន្តប្រមាណជាង៥ម៉ឺន៣ពាន់គ្រឿងបានឆ្លងកាត់នៅលើផ្លូវសហព័ន្ធរុស្ស៊ីត្រង់ចំណុចប្រសព្វក្តាន់២ ខណៈយានយន្តជាង៥ម៉ឺនគ្រឿងទៀត បានចេញដំណើរពីផ្លូវបឹងកក់ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ដែលធ្វើឲ្យចំណុចនេះ ប្រឈមការកកស្ទះជាប្រចាំស្ទើរពេញមួយថ្ងៃ។
លោកអភិបាលបានបញ្ជាក់ថា ជាមធ្យោបាយចំពោះមុខរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកែ លម្អចរាចរណ៍នៅតំបន់នេះ ដោយត្រូវបង្កើតជារង្វង់មូលត្រង់ចំណុចកា្តន់២ ដែលត្រូវចំណាយ តិចហើយស្ថាបនាលឿនរហ័ស ដោយពុំបាច់រង់ចាំការធ្វើផ្លូវក្រោមដីបានឡើយ។
លោកអភិបាលរាជធានីភ្នំពេញ ក៏បានពន្យល់អំពីមូលហេតុមួយចំនួនដែលធ្វើឲ្យចរាចរណ៍នៅត្រង់ចំណុចប្រសព្វក្តាន់២នេះមានការកកស្ទះជាប្រចាំផងដែរ ដោយលោកបញ្ជាក់ថាការធ្វើចរាចរណ៍ចេញពីតំបន់បឹងកក់ មកសហព័ន្ធរុស្ស៊ីច្រើនដោយសារ ការបិទផ្លូវរណប ម្ខាងនៅមុខទីស្តីការក្រសួងការពារជាតិ និងប្រព័ន្ធភ្លើងស្តុបមិនទាន់ល្អប្រសើរធ្វើឲ្យលំហូរ ចរាចរណ៍ណែនណាន់តាន់តាប់ ស្ទះខ្លាំង រហូតហៀទៅដល់មុខគណៈរដ្ឋមន្ត្រី ដូច្នេះត្រូវតែដោះស្រាយ បញ្ហានេះជាបន្ទាន់។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឲ្យដឹងថា គម្រោងកែលម្អ ប្រព័ន្ធ ចរាចរណ៍ឡើងវិញនៅត្រង់ចំណុចប្រសព្វក្តាន់២នេះ អាចធ្វើឲ្យប្រសើរឡើងអំពីលំហូរចរាចរណ៍ នៅតំបន់នេះរហូតដល់ជាង៤០ភាគរយ៕
រូបភាព៖ រដ្ឋបាលសាលារាជធានីភ្នំពេញ