• 2020-04-09 11:11:34
  • ព័ត៌មាន

ចូលរួម​ចុះ​ហត្ថលេខា​ ប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា

  • 2020-04-09 11:11:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងគោលបំណងជួយសង្រ្គោះសត្វឆ្កែ និងឆ្មានៅតំបន់អាស៊ីអាគ្នេយ៍ FOUR PAWS ជាអង្គការមិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅអូទ្រីស បានផ្តើមយុទ្ធនាការនៅថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ អំពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរសាច់ឆ្កែ និងឆ្មា ដោយអំពាវនាវបន្ថែមដល់សាធារណៈជន ចូលរួមក្នុងចលនាជាសកលដើម្បីបញ្ឈប់ជំនួញសត្ថដ៏សែនឃោរឃៅមួយនេះ។

ដើម្បីជួយសង្រ្គោះសត្វឆ្កែនិងឆ្មា អង្គការ FOUR PAWS បានពន្យល់ថា គឺត្រូវការ ១លានហត្ថលេខា ដើម្បីអំពាវនាវឱ្យមានការបញ្ឈប់ជំនួញនេះ ដោយគិតមកទល់ពេលនេះមានមនុស្សប្រមាណជាង ៦៥ម៉ឺននាក់រួចហើយ បានចុះហត្ថលេខាលើញត្តិ តាមរយៈវេបសាយ http://bit.ly/EndDCMT_KH

អង្គការនេះបន្តថា បន្ទាប់ពីមានការរីករាលដាលនៃជំងឺកូវីដ១៩(Covid-19) ទីក្រុងសិនជិន នៃសាធារណរដ្ឋប្រជាមានិតចិន បានហាមឃាត់ការបរិភោគសាច់ឆ្កែ និងឆ្មា ដែលជាផ្នែកមួយនៃការរឹតបន្ដឹងទូលំទូលាយលើការជួញដូរសត្វព្រៃ។ ប៉ុន្តែបើក្រលេកមើលទៅប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម កម្ពុជា និងប្រទេសឥណ្ឌូនេស៊ី ការហូបសាច់ឆ្កែនិងឆ្មា កំពុងតែមានការកើនឡើង។ ក្នុងនោះ អង្គការ បានព្រមានពីគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងររបស់មនុស្សដោយការរីករាលដាលនៃជំងឺឆ្កែឆ្កួតដែលមិនអាចគ្រប់គ្រងបានដែលជំងឺនេះ គ្រាន់តែជាជំងឺមួយក្នុងចំណោមជំងឺជាច្រើនទៀត។ លើសពីនេះទៀត សត្វភាគច្រើនតែងតែត្រូវបានលក់នៅតាមទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍ ដែលវាជាកន្លែងនៃប្រភពដើមនៃវីរុសកូរូណា។

ប្រភពខាងដដែលនេះនិយាយថា បើទោះបីជាប្រជាជនភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការជួញដូរសាច់ឆ្កែនិងឆ្មាក៏ដោយ ការជួញដូរសត្វប្រហែលជិត ១០លានក្បាលក្នុង១ឆ្នាំ នៅតែបន្តធ្វើអាជីវកម្មដដែល។ ការជួញដូរដែលកំពុងរីករាលដាល និងទីផ្សារសត្វរស់នៅទូទាំងអាស៊ីអាគ្នេយ៍ គឺខិតជិតទៅរកភាពមិនអាចគ្រប់គ្រងបាន។

ពាក់ព័ន្ធនិងរឿងខាងលើ លោកស្រីវេជ្ជបណ្ឌិត ខេតធឺរីន ភូលាក់ ដែលជាពេទ្យសត្វ និងជាប្រធានទទួលបន្ទុកសុខមាលសត្វអនាថា ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការហើយបិទទីផ្សារឃោរឃៅទាំងនេះទេ នោះជំងឺរាតត្បាតសកលបន្ទាប់អាចនឹងកើតមាននៅប្រទេសវៀតណាម កម្ពុជា ឬប្រទេសឥណ្ឌូនេស៊ី។ ជុំវិញបញ្ហានេះ អាជីវកម្មរីកដុះដាលទោះបីក្នុងកំឡុងពេលមានជំងឺរាតត្បាត អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ៧០ភាគរយ នៃភ្នាក់ងារបង្កជំងឺដែលបង្កឱ្យមានជំងឺទូទាំងពិភពលោក ត្រូវបានរកឃើញក្នុងរយៈពេល៥០ឆ្នាំកន្លងមក គឺកើតចេញពីសត្វ ហើយកូវីដ១៩ ក៏មិនខុសគ្នាដែរ។ ទោះបីជាមានហានិភ័យសុខភាពសាធារណៈក៏ដោយ ការជួញដូរសត្វ ហើយនិងម្ចាស់ភោជនីយដ្ឋានសាច់ឆ្កែនិងឆ្មាជាច្រើន បានរាយការណ៍ថា អាជីវកម្មនេះពិតជាមានការកើនឡើងក្នុងកំឡុងពេលមានជំងឺរាតត្បាត។

ជាមួយគ្នានេះ លោក ការ៉ាន់ គូគ្រិចចា ប្រធានគម្រោង សម្រាប់គម្រោងបញ្ចប់អាជីវកម្មសាច់ឆ្កែ និងឆ្មានៅអាស៊ីអាគ្នេយ៍ របស់អង្គការ FOUR PAWS មានប្រសាសន៍ថា នៅក្នុងទីក្រុងសិនជិន ប្រទេសចិន បានចាត់វិធានការវិជ្ជមានសម្រាប់ប្រជាជននិងសត្វរបស់ខ្លួនក្នុងការហាមឃាត់ការប្រើប្រាស់សាច់ឆ្កែនិងឆ្មា។ ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តដល់ប្រទេសកម្ពុជា វៀតណាម និងប្រទេសឥណ្ឌូនេស៊ី ឱ្យចាត់វិធានការស្រដៀងគ្នានេះដើម្បីធានាថាការជួញដូរសាច់សត្វឆ្កែនិងឆ្មាមិនមែនជាប្រភពនៃជំងឺតទៅទៀតដែលជាផ្នែកមួយនៃការការពារប្រជាជន និងសហគមន៍ពិភពលោកទាំងមូល៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី