- 2020-05-25 09:15:00
- សេដ្ឋកិច្ច
ឱកាសល្អ! ដល់សហគ្រិនស្ត្រីខ្មែរពីមជ្ឈមណ្ឌលធនធានឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម
- 2020-05-25 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អ! ដល់សហគ្រិនស្ត្រីខ្មែរពីមជ្ឈមណ្ឌលធនធានឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម
ចន្លោះមិនឃើញ
ការរីករាលដាលជាសកលនៃវិបត្តិកូវីដ១៩ បានបណ្តាលឱ្យមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំងដល់បណ្ដាប្រទេស នៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) កំពុងរងគ្រោះពីការខាតបង់យ៉ាងច្រើន ហើយប្រជាជនកម្ពុជារាប់ពាន់នាក់កំពុងប្រឈមនឹងការបាត់បង់ការងារ។
នៅប្រទេសកម្ពុជា ស្រ្ដីដឹកនាំអាជីវកម្មប្រមាណ ៦១% ដែលក្នុងនោះ ៩៥% ជាអាជីវកម្មខ្នាតមីក្រូ និងមិនផ្លូវការ កំពុងរងគ្រោះ និងត្រូវការការគាំទ្របន្ថែមដើម្បីស្ដារអាជីវកម្មពួកគេឡើងវិញក្នុងអំឡុងពេលមានវិបត្តិ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ សហគ្រិនខ្មែរ (KE) ដែលត្រូវបានបង្កើតឡើងជាស្ថាប័នប្រតិបត្តិករ មួយនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រោមការគាំទ្រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រុមហ៊ុនស៊ីអ៊ិនវេសមិន ដែលជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលធ្វើការផ្តោតសំខាន់លើសមភាពយេនឌ័រ និងបង្កើតវគ្គសិក្សាអាជីវកម្មកម្រិតមូលដ្ឋាន និងមធ្យមសម្រាប់សហគ្រិនស្ត្រីខ្មែរ នឹងរួមសហការគ្នាបង្កើត “មជ្ឈមណ្ឌលធនធានឌីជីថល” សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម។
មជ្ឈមណ្ឌលធនធានឌីជីថល MSMEs គឺជាប្រភពមួយ ដែលផ្តល់នូវឧបករណ៍ គំរូឯកសារនិងធនធាន ដែលត្រូវបានរៀបចំឡើងសម្រាប់សហគ្រិនស្ត្រីខ្មែរ ដើម្បីផ្តល់ជាព័ត៌មាន និងការគាំទ្រផ្សេងៗដល់អាជីវកម្មរបស់ពួកគេ។ តាមរយៈមជ្ឈមណ្ឌលនេះ សហគ្រិនស្ត្រីខ្មែរ នឹងទទួលបានការគាំទ្រមួយទល់មួយរួមមាន ការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ការទទួលបានព័ត៌មាន ធនធាន និងគំរូឯកសារសំខាន់ៗដោយឥតគិតថ្លៃ និងសេរី ព្រមទាំងធនធានឌីជីថលជាច្រើនទៀតរួមមាន ការបង្រៀនតាមរយៈវីដេអូ និងវគ្គផ្សាយផ្ទាល់តាមហ្វេសប៊ុកជាមួយវាគ្មិនជំនាញនៅក្នុងវិស័យ។ លើសពីនេះទៅទៀត កម្មវិធីគណនេយ្យមូលដ្ឋានដំបូងបង្អស់នៅកម្ពុជា “កត់ត្រារៀល” (KOTRA Riel) នឹងត្រូវបានរៀបរៀងឡើង សម្រាប់សហគ្រាសខ្នាតមីក្រូ និងអាជីវកម្មដែលមានប្រតិបត្តិការជាសាច់ប្រាក់សុទ្ធ។ កម្មវិធីនេះមានសហការឧបត្ថម្ភថវិកាដោយ UN ESCAP និង UNCDF ។ អ្វីដែលសំខាន់បំផុតនោះគឺ ឧបករណ៍ គំរូឯកសារ និងធនធានទាំងអស់ដែលបានបង្កើតឡើងតាមរយៈ មជ្ឈមណ្ឌលធនធានឌីជីថលនឹងត្រូវបានដាក់អោយប្រើប្រាស់ដោយមិនគិតថ្លៃ និងដំណើរការជាភាសាខ្មែរ។
លោកស្រី Celia Boyd នាយកគ្រប់គ្រង ក្រុមហ៊ុនស៊ីអ៊ិនវេសមិន មានប្រសាសន៍ថា “ឧបករណ៍ គំរូឯកសារ និងធនធានទាំងនេះនឹងត្រូវបានបង្កើតឡើងសម្រាប់ម្ចាស់អាជីវកម្មខ្មែរ ជាភាសាខ្មែរ និងពាក់ព័ន្ធនឹងស្របតាមបរិបទកម្ពុជា” ។ លោកស្រីបន្ដទៀតថា“ធនធានទាំងនេះមានលក្ខណៈពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ន សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងប្រឈមនៅទូទាំងប្រទេស មិនថាជាអាជីវកម្មផ្លូវការ ឬមិនផ្លូវការ និងត្រូវបានរៀបចំឡើង ដើម្បីឱ្យម្ចាស់អាជីវកម្មទាំងនោះអាចបង្កើតទៅជាផែនការ អាចគ្រប់គ្រងហិរញ្ញវត្ថុ ទទួលបានការណែនាំ និងការគាំទ្រពីអ្នកជំនាញបច្ចេកទេសនិងគ្រូបង្វឹកអាជីវកម្ម និងជាចុងក្រោយ ពួកគេនឹងមិនមានអារម្មណ៍ថានៅម្នាក់ឯងក្នុងគ្រាលំបាកនេះ” ។ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ នៃសហគ្រិនខ្មែរ មានប្រសាសន៍ថា “ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។ ដូច្នេះការជំរុញសមត្ថភាពសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈបណ្តាញឌីជីថល ដូចជាមជ្ឈមណ្ឌលធនធានឌីជីថលមួយនេះ គឺជាគោលដៅចម្បងមួយ ក្នុងចំណោមគោលដៅសំខាន់ៗរបស់សហគ្រិនខ្មែរ ដើម្បីសម្រេចចក្ខុវិស័យមួយនេះ។”
លោកបណ្ឌិតបន្ដទៀតថា “ការបង្កើតមជ្ឈមណ្ឌលធនធានឌីជីថលនេះ គឺជាវិធានការឆ្លើយតបសំខាន់មួយ ដើម្បីគាំទ្រដល់សហគ្រិន ក្នុងការបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអាចជួយអោយសហគ្រិនទាំងនោះ ធ្វើការសម្រេចចិត្តលើផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ជាពិសេស នៅពេលដែលពួកគេត្រូវប្រឈមនឹងហានិភ័យណាមួយ។ មជ្ឈមណ្ឌលឌីជីថលនេះ នឹងផ្តល់ភាពងាយស្រួលដល់សហគ្រិនទាំងអស់ ក្នុងការស្វែករក ឧបករណ៍ គំរូឯកសារ និងធនធានគាំទ្រនានា បានទូលំទូលាយទូទាំងប្រទេស។” មជ្ឈមណ្ឌលធនធានឌីជីថលនឹងអាចស្វែងរកបានតាមរយៈបណ្តាញមួយចំនួន ចាប់ពីខែមិថុនាឆ្នាំ ២០២០ តទៅ។