- 2020-05-26 04:57:38
- ចរាចរណ៍
ឯកឧត្តម ស ថេត ជំរុញមន្រ្តីត្រូវផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានលឿន និងល្អបំផុត
- 2020-05-26 04:57:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្តម ស ថេត ជំរុញមន្រ្តីត្រូវផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋឲ្យបានលឿន និងល្អបំផុត
ចន្លោះមិនឃើញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្រ្តីត្រូវផ្ដល់សេវាសាធារណៈឲ្យបានលឿន រហ័សទាន់ចិត្ត និងត្រូវមានមន្រ្តីប្រចាំការ រង់ចាំផ្ដល់សេវា ២៤ម៉ោង លើ២៤ម៉ោង។ ឯកឧត្តមលើកឡើងបែបនេះ នៅក្នុង កិច្ចប្រជុំបូកសរុបការងារស្តីពី កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការបូកសរុបការងាររឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
ការប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែឧសភា និងទិសដៅការងារខែ មិថុនា ក៏ដូចជាការបូកសរុបការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីស្នងការរង លោក លោកស្រីអនុប្រធានផែនការងារជំនាញ លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរង ព្រមទាំងលោកនាយប៉ុស្តិ៍ទាំង ១០៥ ។
ក្រោយពីស្តាប់ការរាយការណ៍របស់លោកស្នងការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំរក្សា ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានយ៉ាងល្អ បទល្មើសជាច្រើនត្រូវបានបង្ក្រាប ហើយបទល្មើសមានការថយចុះច្រើន ជាពិសេសត្រូវផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឲ្យបានលឿន និងល្អបំផុត ហើយមន្ត្រីតាមការិយាល័យជំនាញ អធិការខណ្ឌ និងប៉ុស្តិ៍ទាំងអស់ត្រូវតែបើកទ្វារ ២៤ម៉ោង លើ២៤ម៉ោង ដោយមានមន្ត្រីប្រចាំការជានិច្ច ជាពិសេសឯកឧត្តមស្នងការ បានណែនាំដល់តាមបណ្តាអង្គភាពទាំងអស់ត្រូវតែធ្វើការត្រួតពិនិត្យកម្លាំងឲ្យបានជាប្រចាំ ម្យ៉ាងវិញទៀតឯកឧត្តមស្នងការបានសង្កត់ថាចំពោះមន្ត្រីណាដែកបាញ់បោះសេរីត្រូវតែចាប់ខ្លួនភ្លាមៗដេីម្បីយកមកអនុវត្តមកច្បាប់ ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ និងចូលរួមថែរក្សាសុខភាព ក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ។
ក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន ក៏បានកោតសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំប្រឹងប្រែងការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ ជាពិសេសបានធ្វើឲ្យបទល្មើសទូទៅ ក៏ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះច្រើន ។ ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះនៅតែអនុវត្តបន្តឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់អ្នក និងអ្នកដ៏ទៃ ។
ជាកិច្ចបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវមានភាពស្មោះត្រង់ គោរពវិន័យ ស្លៀកពាក់ឲ្យបានស្អាតសមជាកងកម្លាំង ក៏ដូចជាការកាត់សក់ខ្លីជាប្រចាំ ៕
ប្រភព និងរូបភាព៖ ស្នងការនគរបាលរាជធានីភ្នំពេញ