• 2020-06-03 07:06:59
  • ព័ត៌មាន

ធ្លាប់ដឹងអត់ ! ដើមកោងកាងទឹកសាប ខុសប្លែកគ្នាពីដើមកោងកាងទឹកប្រៃដូចម្ដេចខ្លះ?

  • 2020-06-03 07:06:59
  • ចំនួនមតិ 1 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

ប្រជាជនស្ទើរតែទាំងអស់ប្រាកដជាគិតថា ដើមកោងកាងមានដុះតែនៅតាមមាត់សមុទ្រប៉ុណ្ណោះ ដោយភាគច្រើនមិនបានដឹងថា ពពួករុក្ខជាតិទាំងនេះក៏មានដុះលូតលាស់ផងដែរនៅក្នុងខេត្តសៀមរាប ខណៈទឹកដីដ៏សំខាន់របស់កម្ពុជាមួយនេះ គ្មានទឹកប្រៃដូចនៅតំបន់ឆ្នេរសមុទ្រសូម្បីតែបន្តិច។

ស្ថិតក្នុងសហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ ឃុំខ្នារពោធិ៍ ភាគខាងជើងនៃស្រុកសូទ្រនិគម ដើមកោងកាងសំបកក្រហមទាំងនេះបានគ្របដណ្ដប់លើផ្ទៃដីប្រមាណជាង ៩០ ហិកតា ប៉ុន្តែបើនិយាយពីសហគមន៍អភិរក្សព្រៃឈើទាំងមូលវិញ គឺមានផ្ទៃដីរហូតដល់ ១,០២២ ហិកតា ដែលត្រូវបានអ្នកស្រុកចាត់ទុកជាតំបន់រងខ្សែទឹកក្រោមដី ហូរធ្លាក់ពីតំបន់ភ្នំគូលែនបរមបព៌តដ៏ពិសិដ្ឋរបស់អាណាចក្រខ្មែរ។

នៅសងខាងស្ពាន ដើមកោងកាងដុះលូតលាស់ស្កេកស្កះ ឫសចាក់ច្រូងច្រាងប្រជ្រៀតគ្នាជាសហគមន៍ សំបកឆ្នូតៗក្រហមព្រឿងស្រោបដើមពីគល់រហូតដល់មែកដូចគេផាត់ពណ៌យ៉ាងស្រស់ឆើតឆាយល្អប្លែកនេត្រា ស្លឹកស្រួចត្រវែងពណ៌បៃតងចាស់ ប្រក់ពីលើដើមអាត្មាបានជាម្លក់ត្រឈឹងត្រឈៃ គួរជាទីរមណីយសម្រាប់ការដើរទស្សនារបស់ភ្ញៀវទេសចរ។

លោកអ្នកច្បាស់ជាឆ្ងល់ហើយថា តើដើមកោងកាងទឹកសាបនៅខេត្តសៀមរាបនេះ ខុសប្លែកគ្នាពីដើមកោងកាងនៅទឹកប្រៃយ៉ាងដូចម្ដេចខ្លះ? បើតាមអ្នកស្រុកចាស់ព្រឹទ្ធចាស់ព្រេងបានតំណាលថា គេឃើញមាដើមកោងកាងដុះដាលជាកូនព្រៃតូចមួយនៅតាមអូរខ្នារពោធិ៍ដែលមានទឹកធ្លាក់ពីភ្នំគូលែន តាំងពីយូរយាណាស់មកហើយ ប៉ុន្តែមិនច្រើនដូចពេលបច្ចុប្បន្ននេះឡើយ។

លុះចំណេរកាលក្រោយមក ដើមកាងកាងនេះក៏បានបែកកូនពូនចៅដុះរាលជាគុម្ភៗកាន់តែច្រើនទៅៗ រហូតក្លាយជាព្រៃកោងកាងទឹកសាបដ៏ធំតែមួយគត់នៅកម្ពុជា។ អ្វីដែលជាភាពខុសប្លែកគ្នាទៅនឹងដើមកោងកាងទឹកប្រៃនោះ ត្រង់ថាដើមកោងកាងនៅសៀមរាបនេះមានកម្ពស់ចាប់ពី ៨-១០ម៉ែត្រ គឺខ្ពស់ជាងដើមកោងកាងនៅមាត់សមុទ្រ រីឯស្លឹកវិញក៏រាងត្រវែងជាងដើមកោងកាងនៅសមុទ្រដែរ ចំណែកឫសរបស់វានោះទៀតសោត ក៏ឃើញដុះចេញពីតួដើមខ្ពស់ជាង វែងជាង និងច្រើនជាងផងដែរ។ សម្បុរដើមក៏មានពណ៌ក្រហមព្រឿងខុសពីដើមកោងកាងនៅមាត់សមុទ្រ ដែលមានពណ៌សម្បុរសពព្រុសផ្អុចៗ។

នៅពេលអ្នកដើរចូលទៅក្នុងបន្តិច អ្នកប្រហែលជាគិតថាដើមកោងកាងទាំង នោះដុះដូចគេដាំយ៉ាងអញ្ចឹង ព្រោះឃើញការដុះលូតលាស់របស់ពួកវា គឺមានសភាពត្រង់ស្រលូនទៅលើ និងភាគច្រើនមានរបៀបរៀបរយល្អ ប៉ុន្តែពួកវានេះមិនត្រូវបានគេដាំពីមុននោះឡើយ។ ថ្វីដ្បិតដើមកោងកាងទាំងនេះមិនធ្លាប់មានគេដាំពីមុនមកមែន ប៉ុន្តែប្រជាសហគមន៍បច្ចុប្បន្ននេះបាននិងកំពុងរៀបចំថ្នាលបណ្ដុះកូនកោងកាងជាបន្តបន្ទាប់ ដើម្បីរួមគ្នាដាំដុះបន្តឱ្យកាន់តែច្រើនទៀត ហើយក៏ទុកសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិពីចម្ងាយចូលរួមដាំដុះទុកជាអនុស្សាវរីយ៍ផងដែរ។

ប្រភព៖ មន្ទីរទេសចរណ៏ខេត្តបាត់ដំបង

អត្ថបទ៖ Tep Sovannmoly

មតិយោបល់