• 2020-07-15 09:54:47
  • សេដ្ឋកិច្ច

មិនធ្លាប់មាន​! គោយកទឹកដោះរាប់រយក្បាល ជិះយន្តហោះតាំង​ពីអូស្រ្ដាលី មកដល់ស្រុកខ្មែរ!

  • 2020-07-15 09:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វគោញីផើម ប្រភេទ Holstein heifers ចំនួន ៥៥០ក្បាល ត្រូវបាន​នាំចូល​ពីប្រទេស​អូស្រ្ដាលី មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពីខែកុម្ភៈ មីនា និងមេសា កន្លងទៅ។ បច្ចុប្បន្ន​ប្រភេទ​គោញី​យកទឹកដោះ​ដែល​ល្បីបំផុត​ក្នុងលោកនេះ កំពុង​បន្សុំា​ខ្លួន​យ៉ាងល្អ ទៅនឹងបរិកាសថ្មី នៅក្នុង​កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ដែលត្រូវបានសាងសង់​តាមបច្ចេកវិទ្យាដ៏ទំនើប លើផ្ទៃដី ៣០០ហិចតា នៅ​ជ្រលង​ភ្នំតាម៉ៅ ក្នុង​ខេត្ត​តាកែវ។

សត្វគោញីផើម ប្រភេទ Holstein heifers មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីខែកុម្ភៈ មីនា និងមេសា

កសិដ្ឋានគិរីសួគ៌ (Kirisu Farm) ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ និងជារោងចក្រកែច្នៃទឹកដោះគោ ដែលប្រើបច្ចេកវិទ្យាទំនើបថ្មីចុងក្រោយគេបង្អស់ ដែលបានឆ្លងកាត់ការអភិវឌ្ឍន៍ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កសិដ្ឋាននេះ មានខ្យល់អាកាសបរិសុទ្ធ ដីសំបូរជីវជាតិ និងភាពស្ងប់ស្ងាត់ល្អ ដែលអំណោយផលដល់ការចិញ្ចឹមគោដែលបាននាំចូលថ្មីទាំងអស់នោះ។ គោទាំងនេះស៊ី ពោត សណ្ដែក និងស្មៅប្រភេទផ្សេងៗ ដូចជាស្តៃឡូ (Stylo) មូមបាសា (Mombasa) ដែលដំា និងកែច្នៃដោយកសិដ្ឋានផ្ទាល់តែម្តង។

កសិដ្ឋាន មានផែនការពន្លឿនសកម្មភាពផលិត នាដើមឆ្នាំ ២០២០ ក្នុងគោលដៅផ្គត់ផ្គង់ទឹកដោះគោសុទ្ធបំផុតពីធម្មជាតិ សម្រាប់ពលរដ្ឋកម្ពុជាឲ្យបាននៅចុងឆ្នាំនេះ។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាននេះ បាន​បង្ហាញ​អារម្មណ៍សប្បាយរីករាយ ដែល​ក្រុមហ៊ុនអាច​សម្រេច​បាន​តាមផែនការ​ដែលបានគ្រោងទុក មុនពេលមានកូវីដ-១៩។ លោកក៏បានថ្លែងអំណរគុណដែលរាជរដ្ឋាភិបាល ដែលបានបង្កលក្ខណៈ​ងាយស្រួល​ ដល់ការនាំចូលសត្វគោ​ ក៏ដូចជា​សម្រួល​ការ​ផ្ដល់ទិដ្ឋាការ​ដល់​ក្រុមអ្នកជំនាញផ្នែកដាំដុះ និងអ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យាអន្តរជាតិ ចូលមក​កម្ពុជា​ផងដែរ។

លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd.

សូមបញ្ជាក់ថា ក្រុមហ៊ុន Khmer Fresh Milk បានកកើតចេញពីការចាប់ដៃគូរវាង Cambodia-Laos-Myanmar Development Fund II ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី តំណាងដោយក្រុមហ៊ុន Emerging Markets Investment Advisers (EMIA), មូលនិធិ Nexasia របស់ជប៉ុន ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និង ក្រុមស្ថាបនិកដែលទទួលបានជោគជ័យខ្ពស់ រួមមាន សហគ្រិនកម្ពុជា និងសហគ្រិនមកពីប្រទេសអ៊ីស្រាអែល។

អ្វីដែលគួរឲ្យកត់សម្គាល់ គឺក្រុមហ៊ុនបាន​ចាប់​ដៃគូផ្នែកបច្ចេកវិទ្យា​ ជាមួយ​ក្រុមហ៊ុន​ Afimilk របស់​អ៊ីស្រាអែល ដែល​ជា​​ក្រុមហ៊ុន​មួយក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតខាងបច្ចេកវិទ្យា និងគ្រប់គ្រងកសិដ្ឋានគោទឹកដោះ នៅលើពិភពលោក។ Afimilk បានទទួលជោគជ័យជាច្រើនមកហើយ ក្នុងការបង្កើត និងគ្រប់គ្រងគម្រោងអាជីវកម្មស្រដៀង គ្នានេះនៅទូទាំងពិភពលោក ក៏ដូចជាគម្រោងនៅប្រទេស វៀតណាម បង់ក្លាដែស និង ចិន។

ក្រុមហ៊ុននេះប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត និងគោលការណ៍ការពារបរិស្ថាន ដើម្បីធានាថា​កសិដ្ឋាន អាច​ដំណើរការប្រកបដោយចីរភាព និងផលិតផលទឹកដោះគោរបស់ខ្លួន ត្រូវបានផលិតឡើងស្របទៅតាមស្តង់ដារអន្តរជាតិខ្ពស់បំផុត ដើម្បីធានាទំាងអនាម័យ និងគុណភាពផលិតផល។

លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk បានឲ្យដឹងថា ទោះបីមានការព្រួយបារម្ភ អំពីផលប៉ះពាល់ នៃវីរសុកូវីដ-១៩ ទៅលើសុខភាព និងវិបុលភាពនៅប្រទេសកម្ពុជាក៏ដោយ ក៏ក្រុមការងារកសិដ្ឋាននេះ មិនដែលគិតចង់ពន្យារពេលបើកដំណើរគម្រោងអាជីវកម្មនេះឡើយ សូម្បីតែម្ដង ហើយ ការបង្កើតស្តង់ដារថ្មីសម្រាប់កសិកម្ម និងផ្ដល់អាហារូបត្ថម្ភកាន់តែល្អ នៅកម្ពុជា។

លោក ជី សិលា ដៃគូសហស្ថាបនិក ក្រុមហ៊ុន Khmer Fresh Milk

លោក សិលា បានមានប្រសាសន៍ថា ៖ «កសិដ្ឋានគិរីសួគ៌ (Kirisu Farm) មានចក្ខុវិស័យយូរអង្វែង ក្នុងការនាំយកទឹកដោះគោសុទ្ធពីធម្មជាតិ បច្ចេកទេសកសិកម្ម និងការកែច្នៃចំណីអាហារលំដាប់ពិភពលោក មកកាន់កម្ពុជា ហើយយើងមិនគិតអំពីផលចំណេញមួយភ្លែតៗនោះទេ។ យើងបាននាំយកបច្ចេកវិទ្យាទំនើបៗ ហើយយើងកំពុងធ្វើការជាមួយអ្នកជំនាញកសិកម្មជនជាតិអ៊ីស្រាអែល លើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផ្នែកដំាដុះល្បីៗនៅលើពិភពលោក ដើម្បីជួយពួកយើងលើការដាំដុះ របៀបមើលថែរក្សាសុខភាពគោ និងកែច្នៃទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីកសិដ្ឋានគិរីសួគ៌ (Kirisu Farm) ឲ្យមានគុណភាព ខ្ពស់តាមស្ដង់ដារអន្តរជាតិនេះ។»

បុគ្គលិកភាគច្រើនរបស់កសិដ្ឋាននេះ គឺជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្ដង ហើយក្រុមហ៊ុនបានឲ្យដឹងថាខ្លួននឹងចែកចាយទឹកដោះគោសុទ្ធដោយឥតគិតថ្លៃពីកសិដ្ឋាននេះជូនដល់ក្រុមគ្រួសារ និងមន្ត្រីរាជការក្នុងមូលដ្ឋាន ដើម្បីចូលរួមជាជំនួយពីផលប៉ះពាល់នៃវិបត្តិ កូវីដ-១៩ និងដើម្បីជាការតបស្នងសងគុណចំពោះប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រដល់កសិដ្ឋាននេះ។

លោក ជី សិលា បាននិយាយថា៖ “សម្រាប់ខ្ញុំនេះគឺជាសុភមង្គល និងជាក្ដីសង្ឈឹមមួយ ហើយខ្ញុំពិតជាចង់ឃើញ ស្នាមញញឹមរបស់ក្មេងៗ នៅពេលដែល ពួកគេភ្លក្សរសជាតិទឹកដោះគោសុទ្ធជាលើកដំបូង។ ទឹកដោះគោនេះមានរសជាតិខុសពីទឹកដោះគោដែលមានលក់នៅស្រុកខ្មែរយើងកន្លងមក។ យើង​ឲ្យ​គោទាំងនេះស៊ីចំណីអាហារដែលជាគ្រាប់ធញ្ញជាតិដែលដាំក្នុងស្រុក ដើម្បីបំប៉នបន្ថែម ទៅលើចំណី ដែលដាំនៅក្នុងកសិដ្ឋានផ្ទាល់ ហើយទឹកដោះគោនៅទីនេះ ត្រូវបានកែច្នៃនៅឯរោងចក្រដ៏ទំនើបរបស់យើង។ ដូច្នេះយើងអាចផលិតបាននូវទឹកដោះគោសុទ្ធបំផុតដែលប្រជាជនកម្ពុជាមិនធ្លាប់ បានភ្លក្សពីមុនមក ហើយយកវាទៅលក់នៅភ្នំពេញ និងនៅទូទាំងប្រទេសតែម្ដង ដោយចំណាយពេលត្រឹមតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។”

ផលិតផលពីកសិដ្ឋានគិរីសួគ៌ (Kirisu) នឹងគ្រោងដាក់លក់ទឹកដោះសុទ្ធធម្មជាតិ និងយ៉ាអួរស្រស់របស់ខ្លួន នៅតាមផ្សារទំនើប មីនីម៉ាត ភោជនីយដ្ឋាន និងហាងកាហ្វេនានា នាពេលខ្លីខាងមុខនេះ៕

មតិយោបល់