- 2020-09-28 05:37:10
- ព័ត៌មាន
ស្វែងយល់អំពីប្រវត្តិប្រាក់រៀល និងយន្តការធ្វើឲ្យប្រសើរឡើងប្រាក់រៀល នៅកម្ពុជា
- 2020-09-28 05:37:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់អំពីប្រវត្តិប្រាក់រៀល និងយន្តការធ្វើឲ្យប្រសើរឡើងប្រាក់រៀល នៅកម្ពុជា
ចន្លោះមិនឃើញ
២០ មីនា ១៩៨០ - ២០ មីនា ២០២០ គឺជាខួបលើកទី៤០ឆ្នាំ ដែលកម្ពុជា បានដាក់ឲ្យចរាចរឡើងវិញនូវប្រាក់រៀល បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បានលប់បំបាត់នៃការប្រើប្រាស់ប្រាក់រៀល។
សូមចុចអាន៖ ការវិវត្ត ៤០ឆ្នាំ នៃតួនាទីប្រាក់រៀលក្នុងសង្គមខ្មែរ កូនខ្មែរគ្រប់រូបគួរយល់ដឹង
កាលពីព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២០ ធនាគារជាតិ នៃកម្ពុជាបានរៀបចំពិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ - ២០ មីនា ២០២០) ។ កម្មវិធីនេះ បានរៀបចំឡើងនៅ ផ្សារទំនើបអ៉ីអន ភ្នំពេញ (អ៉ីអន ១) ជាន់ផ្ទាល់ដី។
នៅអំឡុងនៃការប្រារព្ធទិវាប្រាក់រៀលនេះ តើប្រិយមិត្តបានយល់ដឹងអ្វីខ្លះពីប្រវត្តិ និងយន្ដការមួយចំនួន របស់រាជរដ្ឋាភិបាល ដែលបានខិតខំធ្វើឲ្យប្រាក់រៀលល្អប្រសើរឡើងវិញជាលំដាប់ នាពេលបច្ចុប្បន្ន?
ចង់ដឹងកាន់តែច្បាស់ Sabay សូមរំលឹកនូវកិច្ចសម្ភាសន៍មួយកាលពីពេលកន្លងមក រវាងអ្នកសារព័ត៌មាន Sabay និង លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដែលផ្ដោតលើវិធានបទ «ការផ្លាស់ប្ដូរផ្នត់គំនិត ជារឿងសំខាន់ ធ្វើឲ្យ "ប្រាក់រៀល" មានតម្លៃ» ដូចខាងក្រោម៖
Sabay៖ ក្រោយពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនាឆ្នាំ ១៩៥៣ កម្ពុជាបានបង្កើតប្រាក់រៀលលើកដំបូងរបស់ខ្លួន ហើយប្រាក់រៀលខ្មែរបានបាត់បង់រហូតដល់ចំណុចសូន្យនៅត្រឹមចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ដោយសារតែរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែ ប្រាក់រៀលបានចាប់ផ្ដើមបោះពុម្ព និង ដាក់ឲ្យចរាចរឡើងវិញនៅដើមឆ្នាំ ១៩៨០។ ចន្លោះឆ្នាំ ១៩៩១ ដល់ ១៩៩៣ នៅពេលអង្គការសហប្រជាជាតិបានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជា ប្រាក់ដុល្លារបានហូរចូលយ៉ាងគំហុកនៅប្រទេសកម្ពុជា គឺនៅពេលនោះហើយស្ថានភាពប្រាក់រៀលក៏ចាប់ផ្ដើមបាត់ទំនុកចិត្តបន្តិចម្ដងៗ តើលោកជំទាវអាចពន្យល់បានទេថា ការបាត់ទំនុកចិត្តប្រាក់រៀលដោយសារមូលហេតុអ្វី? ហើយស្ថានភាពប្រាក់រៀលនេះមានដំណើរដូចម្ដេចដែរមកដល់ឆ្នាំ ២០១៥ នេះ?
ជំទាវ ជា សិរី៖ ដើមឡើយនៅសម័យអាណានិគមនិយមបារាំង គឺយើងប្រើប្រាស់លុយរួមនៅឥណ្ឌូចិន តែ បន្ទាប់ពីបានឯករាជ្យនៅឆ្នាំ ១៩៥៣ ក្រោយមកយើងបានបង្កើតធនាគារកណ្ដាល ដើម្បីបោះពុម្ពលុយខ្លួន។ ជាហូរហែមកនៅឆ្នាំ ១៩៩១ យើងមានសន្ធិសញ្ញាទីក្រុងប៉ារីស និង ឆ្នាំ ១៩៩៣ មានការបោះឆ្នោត ហើយចន្លោះពេលហ្នឹង! គឺខាងអ៊ុនតាក់បានចូលមកច្រើន នៅពេលប្រទេសផ្លាស់ប្ដូររបបបែបនេះ លុយបរទេសក៏ចូលមកច្រើន ដល់អីចឹងប្រជាជនបាត់បង់ទំនុកចិត្តលើលុយរៀលព្រោះតែកត្តាប្រវត្តិសាស្ត្រ។ នៅក្នុងអំឡុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) ធនាគារជាតិនៃកម្ពុជាត្រូវបានបំផ្លាញ ហើយរូបិយវត្ថុត្រូវបានលុបបំបាត់ចោល ពោលគឺគ្មានទីផ្សារ គ្មានពាណិជ្ជកម្ម និង គ្មានសេរីភាពគ្រប់បែបយ៉ាង។
ព្រោះគាត់ធ្លាប់ជួបបទពិសោធន៍នៅឆ្នាំ ១៩៧៥ គឺក្នុងមួយថ្ងៃលុយរបស់គាត់បាត់បង់អស់រលីងតែម្ដង (លុយដូចក្រដាស) សូម្បីតែចោលនៅតាមផ្លូវក៏គ្មានអ្នករើសដែរ។ ដូច្នេះនៅពេលលុយដុល្លារចូលមកគាត់គិតថា ជាជម្រើសល្អបំផុតសម្រាប់ពួកគាត់ត្រូវតែទទួលយក ហើយស្របពេលដែលប្រទេសកម្ពុជាពុំមានច្បាប់ចាប់បង្ខំឲ្យពួកគេប្ដូរដុល្លារមកជាលុយរៀល ព្រោះអ្វីៗប្រទេសកម្ពុជាទើបចាប់ផ្ដើមឡើងវិញទាំងអស់ ហើយនៅពេលនោះប្រជាជនចាប់ផ្ដើមស្រឡាញ់លុយដុល្លារ។
ខ្ញុំចង់បញ្ជាក់ថា ដំបូងឡើយយើងចាប់ផ្ដើមឲ្យបើកចំហដោយសារតែ លុយរៀលយើងអត់ទាន់មានស្ថិរភាព សេដ្ឋកិច្ច អតិផរណា យើងនៅមិនទាន់នឹងនរ។ ទាំងនេះ គឺធ្វើឲ្យបាត់ទំនុកចិត្តប្រាក់រៀលនៅកម្ពុជា។ ប៉ុន្តែ ចាប់ពីឆ្នាំ ១៩៩៨ ប្រទេសកម្ពុជាមានស្ថិរភាពទាំងសេដ្ឋកិច្ច អតិផរណា និង នយោបាយ ដូច្នេះ ប្រជាជនគួរតែមានទំនុកចិត្តលើរូបិយវត្ថុជាតិឡើងវិញ។
Sabay៖ បើទោះបីជាសេដ្ឋកិច្ច ឈរលើអតិផរណា និង ស្ថានភាពនយោបាយមានភាពនឹងនរអស់រយៈពេលជាង ២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៨មក ប៉ុន្តែ ប្រទេសកម្ពុជានៅតែចរាចរប្រាក់ដុល្លារអាមេរិកច្រើន ព្រោះអ្នកទេសចរអាចប្រើវានៅស្ទើរគ្រប់ទីកន្លែង មិនថា សណ្ឋាគារ ភោជនីយដ្ឋាន រង្គសាល និង ផ្សារទំនើបរហូតដល់ចិញ្ចើមថ្នល់ចុងកាត់មាត់ញក។ ចំណែកទូ អេធីអឹម នៅទូទាំងប្រទេស ក៏បានផ្ដល់សេវាដកប្រាក់ដុល្លារ ដោយចំហ និង សេរី នេះមិនទាន់គិតដល់លុយ ដុង និង ប្រាក់បាតថៃនៅ ខេត្ត-ក្រុង កម្ពុជា តាមបណ្ដោយព្រំដែនផង។ តើលោកជំទាវ អាចវាយតម្លៃបានទេថា អ្វីខ្លះជាមូលហេតុ ឬជាកត្តាជំរុញទៅដល់បញ្ហានេះ?
ជំទាវ ជា សិរី៖ បើតាមខាងធនាគារជាតិធ្វើការអង្កេតមើលទៅឃើញថា កត្តាសំខាន់ គឺប្រជាជនទម្លាប់ចាយលុយដុល្លារ គឺបណ្ដាលមកពីកត្តាចិត្តសាស្ត្រច្រើនជាងសេដ្ឋកិច្ច។ គាត់មិនមែនមិនទុកចិត្តលុយរៀលទេ ប៉ុន្តែ គាត់អត់ធ្លាប់ ហើយគាត់ដឹងថា ថ្ងៃនេះ ថ្ងៃស្អែកអត្រាប្ដូរប្រាក់មានស្ថិរភាពល្អណាស់ ហើយបើប្រែប្រួលគឺខុសគ្នាតិចតួចទេ ព្រោះយើងរក្សាបានតម្លៃប្រាក់រៀលស្ថិរភាពក្នុងចន្លោះ៤ ០០០ រៀល ទៅ ៤០៥០ រៀល ក្នុង ១ ដុល្លារ ជិត ២០ ឆ្នាំមកហើយ។ ហេតុអ្វីពួកគាត់អត់ងាកមកចាយលុយរៀលវិញ? ដូចខ្ញុំនិយាយអីចឹង ទី១ គឺ ពួកគាត់គិតតែលុយដុល្លារ សុំានឹងចាយលុយដុល្លារ។ ទី២ នៅតាមផ្សារ ភោជនីយដ្ឋាន និយាយតែពាក្យដុល្លារ ពេលគិតលុយ ហើយអាជីវករអត់ចូលរួមលើកទឹកចិត្តចាយលុយរៀលទៀត។
Sabay ៖ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និង ក្រុមអ្នកវិភាគសេដ្ឋកិច្ចធ្លាប់លើកឡើងថា ការមិនមានរូបិយវត្ថុជាតិនឹងបណ្ដាលឲ្យប្រទេសមិនរីកចំរើន ដោយលើកលែងតែសម័យអង្គរ ដែលមិនមានចាយលុយតែរីកចម្រើន។ ប៉ុន្តែ ក្រោយពីសម័យនេះកន្លងផុតទៅ គឺប្រទេសមួយនេះបានធ្លាក់ចុះខ្សោយបន្តិចម្ដងៗ បើធៀបនឹងប្រទេសជិតខាងដែលមានរូបិយវត្ថុ។ ដោយឡែកបច្ចុប្បន្ន ប្រសិនបើលុយបរទេសចរាចរច្រើនសន្ធឹកសន្ធាប់បែបនេះ តើអាចនឹងប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?
ជំទាវ ជា សិរី៖ តាមពិតទៅការចាយលុយដុល្លារមិនមែនជារឿងអាក្រក់នោះទេ ប្រាក់ដុល្លារក៏ជាផ្នែកមួយជួយលំនឹងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានៅក្នុងកាលៈទេសៈមួយ ប៉ុន្តែ ទម្លាប់ចាយលុយបរទេសច្រើនជាងប្រាក់រៀលយូរៗទៅនឹងប៉ះពាល់ដល់ឯករាជ្យភាពក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច និង គោលនយោបាយផ្សេងៗទៀត។ ខ្ញុំលើកឧទាហរណ៍ថា យើងចង់រក្សាស្ថិរភាពថ្លៃ តាមទ្រឹស្ដី គឺបើចរាចរលុយច្រើនជាងទំនិញ គឺទំនិញនឹងឡើងថ្លៃ អីចឹងធនាគារកណ្ដាលមានតួនាទីរក្សាស្ថិរភាពថ្លៃ (ធនាគារកណ្ដាលអ្នកទទួលខុសត្រូវក្នុងការបោះពុម្ពលុយ ដូច្នេះ ធនាគារដឹងថា លុយមានប៉ុន្មាននៅលើទីផ្សារ)។ ដូច្នេះ ធនាគារកណ្ដាលត្រូវប្រើគោលនយោបាយដកលុយពីទីផ្សារមកវិញ ដើម្បីឲ្យកាត់បន្ថយការឡើងថ្លៃជ្រុលពេក ឬ ចុះថោកពេក គឺត្រូវធ្វើម៉េចឲ្យល្មមសមរម្យ។ លុយរៀលធនាគារជាតិអាចគ្រប់គ្រងបាន ឯប្រាក់ដុល្លារ គឺធនាគារជាតិមិនអាចគ្រប់គ្រងបានទេ ព្រោះធនាគារមិនមែនអ្នកបោះពុម្ព ដូច្នេះធនាគារមិនដឹងពីទំហំចរាចរនៅលើទីផ្សារ។
Sabay៖ ប្រាក់ដុល្លារអាមេរិក គឺជា រូបិយប័ណ្ណសំខាន់បំផុត និង ជឿទុកចិត្តបាននៅក្នុងពិភពលោក។ ពាណិជ្ជកម្មអន្តរជាតិភាគច្រើនត្រូវបានធ្វើឡើងជាប្រាក់ដុល្លារ, ដូច្នេះតម្លៃរបស់វាមានឥទ្ធិពលយ៉ាងសំខាន់ និង ដោយផ្ទាល់នៅលើការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ដូច្នេះហើយ ប្រាក់ដុល្លារអាមេរិក គឺជា រូបិយប័ណ្ណបម្រុងដែលសំខាន់បំផុតនៅក្នុងពិភពលោក។ ក្នុងស្ថានភាពនេះ តើធនាគារជាតិនឹងមានយុទ្ធសាស្ត្រអ្វីខ្លះក្នុងការកាត់បន្ថយទម្លាប់ចាយលុយបរទេស? ដោយរបៀបណា ត្រូវមានយន្តការអ្វីខ្លះ?
ជំទាវ ជា សិរី៖ រាជរដ្ឋាភិបាល និង ធនាគារជាតិ កំពុងរៀបចំយុទ្ធសាស្ត្រមួយដើម្បីលើកតម្កើងរូបិយវត្ថុ ជាតិ (ប្រាក់រៀល)។ អ្វីដែលសំខាន់ យើងនឹងជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនតាមរយៈការផ្លាស់ប្ដូរផ្នត់គំនិតមហាជន ប៉ុន្តែ យើងធ្វើសន្សឹម ។ បច្ចុប្បន្នធនាគារជាតិ កំពុងសហការជាមួយសមាគមសហគ្រិនវ័យក្មេងដែលមានសមាជិក ២០០-៣០០ នាក់ ដែលសមាគមនេះ មានឆន្ទៈចង់ឲ្យសមាជិកទាំងអស់ដាក់តម្លៃទំនិញជាលុយរៀល ហើយខាងធនាគារជាតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឆន្ទៈនេះ។
មួយវិញទៀត អ្វីដែលរាជរដ្ឋាភិបាលបានអនុវត្តកន្លងមក គឺប្រាក់ខែមន្ត្រីរាជការ ពន្ធ បង់ទឹក ភ្លើង គឺតម្រូវឲ្យប្រើប្រាស់ជាលុយរៀល។ ឯធនាគារជាតិ គឺបានព្យាយាមធ្វើយ៉ាងណាឲ្យប្រាក់រៀលមានភាពទាក់ទាញជាងមុន (ការរចនារូបភាពឲ្យមានភាពទាក់ទាញ) ពោលគឺការរចនាក្រដាសដោយបញ្ចូលរូបភាពបង្ហាញពីសង្គម សេដ្ឋកិច្ច វប្បធម៌ ដែលមានរូបភាពប្រាសាទ ជាដើម។ ហើយការបោះពុម្ពលុយថ្មីៗនេះ ដើម្បីជាផ្នែកមួយធ្វើឲ្យប្រជាជនកាន់តែស្រឡាញ់លុយរៀល និង មោទនភាពជាតិ។
Sabay៖ នៅត្រង់ចំណុចនេះមានការលើកឡើងថា ការបោះពុម្ពក្រដាសប្រាក់ កាលពីពេលថ្មីៗនេះ គឺទំនងជាចរាចរលុយនៅលើទីផ្សារ ឬ រដ្ឋកំពុងមានការខ្វះខាត តើលោកជំទាវមានយោបល់ឆ្លើយតប យ៉ាងដូចម្ដេច?
ជំទាវ ជា សិរី៖ តាមពិតទៅអត់មានខ្វះខាតទេ។ លុយរៀលជាក្រដាស ប៉ុន្តែ លុយខ្លះជាប្លាស្ទិក យើងក៏បានពិចារណាដែរអំពីលុយក្រដាស និង ប្លាស្ទិក ប៉ុន្តែ នៅកម្ពុជាគឺជាស្រុកក្ដៅ ហើយការចាយលុយរៀលភាគច្រើនមិនមែនចាយនៅក្នុងផ្សារទំនើបនោះទេ គឺចាយនៅតាមផ្សារតូចតាច (ផ្សារត្រី បន្លែ) វាអាចប្រឈមនឹងសំណើម ឆាប់ប្រឡាក់ ឆាប់ខូច ហើយអ្នកប្រើប្រាស់ខ្ពើម។ ដូច្នេះ ធនាគារជាតិត្រូវប្រមូលមកកម្ទេចចោល ដុតចោល (លុយក្រដាសងាយកម្ទេចជាងលុយប្លាស្ទិក) ហើយយើងនឹងជំនួសលុយថ្មី ហើយលុយថ្មី យើងបោះពុម្ពរូបភាពថ្មីៗ ប៉ុន្តែ តួលេខនៃការបោះពុម្ពលុយថ្មី គឺមិនឲ្យលើសចំនួននៃក្រដាសប្រាក់ដែលបានដុតចោលនោះទេ និង ពិនិត្យមើលស្ថិរភាពសេដ្ឋកិច្ច និង អតិផរណា ជាដើម។
**Sabay៖ ដើម្បីកាត់បន្ថយការចាយលុយបរទេស និង លើកកម្ពស់ប្រាក់រៀលឡើងវិញ លោកជំទាវបានបញ្ជាក់រួចហើយថា កត្តាសំខាន់ គឺការផ្លាស់ប្ដូរផ្នត់គំនិត នូវទម្លាប់ចាយលុយបរទេស ដូច្នេះ ខ្ញុំបានប្រទះឃើញវីដេអូផ្សព្វផ្សាយមួយដែលមានចំណងជើងថា "ខ្ញុំស្រលាញ់ លុយរៀល! យល់ដឹងអំពីការចាយវាយលុយរបស់ជាតិ"។ តើនោះជាវីដេអូផលិតឡើងដោយធនាគារជាតិឬយ៉ាងណា? ហើយវីដេអូមានខ្លឹមសារសំខាន់អ្វីដែរ? **
ជំទាវ ជា សិរី៖ តាមពិតទៅ វីដេអូនេះយើងផលិតឡើងយូរឆ្នាំមកហើយប្រហែលជាចន្លោះឆ្នាំ ២០១០-២០១១ ដែលបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍មួយចំនួន ដូច្នេះ ការលើកកម្ពស់ប្រាក់រៀលនេះ យើងមិនមែនទើបតែចាប់ផ្ដើមនោះទេ គឺ យើងធ្វើយូរមកហើយ ប៉ុន្តែ ថ្មីៗនេះ សាធារណជន ហាក់ចាប់អារម្មណ៍វីដេអូនេះឡើងវិញ។
Sabay៖ តើវីដេអូនេះ នឹងយកទៅផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍សាជាថ្មី ឬ ចាក់ផ្សាយតំបន់ណាមួយ ដើម្បីជាផ្នែកមួយលើកកម្ពស់ប្រាក់រៀលឬយ៉ាងណា?
ជំទាវ ជា សិរី៖ វីដេអូដែលមានរយៈពេល ៤០ នាទីនេះ ក្រៅពីផ្ដល់ជាសារដល់ប្រជាជនខ្មែរឲ្យស្រឡាញ់ប្រាក់រៀល ក៏ចង់បង្ហាញអំពីប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ប៉ុន្តែ កន្លងមកនៅបណ្ដាញស្ថានីយទូរទស្សន៍មួយចំនួនបានលើកឡើងថា វីដេអូនេះវែងពេក ហើយកាលនោះមានចាក់ខ្លះ អត់ខ្លះ ហើយអ្នកមើលក៏មិនចង់មើលវីដេអូនេះដែរ ប៉ុន្តែ ឥឡូវយើងបានកែសម្រួលឲ្យខ្លី គឺនៅសល់ត្រឹម ២នាទី ប៉ុន្តែ យើងនៅមិនទាន់ដឹងថា នឹងយកទៅចាក់បណ្ដាញផ្សព្វផ្សាយណានៅឡើយទេ ព្រោះយើងទើបធ្វើបច្ចុប្បន្នកម្មវីដេអូនេះ។
Sabay៖ ប្រជាជនកម្ពុជាមានទំនុកចិត្តលើហាងឆេងប្រាក់ដុល្លារច្រើនជាងប្រាក់រៀល តើឧបសគ្គចម្បងអ្វីខ្លះ ដែលលោកជំទាវរំពឹងថា នឹងធ្វើឲ្យប៉ះពាល់ដល់ផែនការលើកកម្ពស់ ប្រាក់រៀលខ្មែរ? ហើយត្រូវការពេលវេលាយូរប៉ុណ្ណាក្នុងការកែប្រែឥរិយាបថរបស់ប្រជាជនខ្មែរលើបញ្ហានេះ?
លោកជំទាវ ជា សិរី៖ ដូចខ្ញុំនិយាយអីចឹង យើងកំពុងចង់ផ្លាស់ប្ដូរផ្នត់គំនិត ហើយកត្តាចិត្តសាស្ត្រវាអត់មានរង្វាស់អ្វីវាស់បាននោះទេ ហើយបើយើងដាក់កំណត់ពេលជាក់លាក់ ឧទាហរណ៍យើងកំណត់ ២០១៧ លុយដុល្លារនៅក្នុងប្រព័ន្ធធនាគារធ្លាក់នៅសល់ប៉ុន្មានភាគរយនៃប្រាក់បញ្ញើសរុបអីចឹង! ខ្ញុំគិតថា នឹងមានមតិអវិជ្ជមានច្រើនចំពោះបញ្ហានេះ។ ដូច្នេះ យើងអត់កំណត់ពេលវេលាជាក់លាក់ យើងចង់ឲ្យគាត់ផ្លាស់ប្ដូរបន្តិចម្ដងៗ ប៉ុន្តែ អ្វីដែលយើងមិនអាចឈប់បាន គឺការពន្យល់ និង ផ្សព្វផ្សាយ។
Sabay៖ ទោះបីជាយ៉ាងណាក៏ដោយ តើធនាគារជាតិមានបានដាក់ក្រុមគោលដៅណាមួយដើម្បីឲ្យមានការផ្លាស់ប្ដូរដែរទេ? ឧទាហរណ៍ថា ក្រុមហ៊ុនមួយចំនួននៅទីប្រជុំជនតែងតែបើកប្រាក់ខែជាលុយដុល្លារ ឬ ក្រុមគោលដៅអ្នកសហគ្រិន ដែលតែងតែដាក់លក់ផលិតផលជាប្រាក់ដុល្លារ ឬ ក្រុមគោលដៅនៅតាមទីជនបទ ដែរទេ?
ជំទាវ ជា សិរី៖ និយាយរួមនៅតាមទីជនបទយើងមិនបារម្ភនោះទេ ព្រោះភាគច្រើនពួកគាត់ចង់បានលុយរៀលច្រើនជាងដុល្លារ គឺលើកលែងតែតាមភោជនីយដ្ឋានធំៗ ឬ ផ្ទះសំណាក់ សណ្ឋាគារប៉ុណ្ណោះ។ ប៉ុន្តែ នៅតំបន់ទីប្រជុំជន ភ្នំពេញ និង សៀមរាប សម្បូរអ្នកចាយលុយដុល្លារ។ ឧទាហរណ៍អ្នកនៅភ្នំពេញគឺពួកគាត់ទៅណាមកណាឃើញតែគេដាក់ស្លាកលក់ដូរជាលុយដុល្លារ ដូច្នេះ ក្រុមគោលដៅដែលយើងចង់ផ្លាស់ប្ដូរមុនគេ គឺក្រុមអាជីវករ ដោយចង់ឲ្យពួកគាត់ដាក់លក់ទំនិញ ជាប្រាក់រៀល។
Sabay ៖ តើលោកជំទាវមានអ្វីចង់លើកឡើងបន្ថែមទៀតទេជុំវិញការលើកកម្ពស់ប្រាក់រៀលនៅកម្ពុជានេះ?
ជំទាវ ជា សិរី៖ សំខាន់យើងចង់ឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមស្វែងយល់អំពីតម្លៃនៃប្រាក់រៀល ហើយចូលរួមអនុវត្តលើកកម្ពស់ប្រាក់រៀលនៅកម្ពុជា។ ការប្រើប្រាស់ប្រាក់រៀលគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និង សង្គមជាតិ។ ប្រាក់រៀលបានជួយលើកស្ទួយអត្តសញ្ញាណជាតិ កសាងជំនឿទុកចិត្តជំរុញសាមគ្គីភាព និង បណ្ដុះការបង្រួបបង្រួម និង ស្មារតីជាតិនិយមនៅក្នុងប្រទេស។
ចំពោះសេដ្ឋកិច្ច ចរាចរណ៍ប្រាក់រៀលកាន់តែច្រើននឹងជំរុញប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ។ ធនាគរជាតិនៃកម្ពុជាមានលទ្ធភាពកាន់តែច្រើន ក្នុងការគ្រប់គ្រងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង អភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដោយសារការផ្គត់ផ្គង់រូបិយវត្ថុមានទំនងទំនងយ៉ាងស្និទ្ធទៅនឹងផលិតកម្មនិង អនិកម្មភាព។
ទន្ទឹមនឹងនេះ ប្រជាជនគួរតែស្វែងយល់អំពីចំណេះដឹងឲ្យបានច្រើនថែមទៀតអំពីគុណសម្បត្តិ និង ផលប្រយោជន៍រយៈពេលវែងនិង ខ្លី អំពីប្រាក់រៀល ហើយការស្វែងរកព័ត៌មាន ទាំងអស់នេះបាន អាចចូលមកកាន់គេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា http://www.nbc.org.kh/ ដើម្បីទទួលបានព័ត៌មានថ្មីៗផងដែរ៕
សូមចុចអាន៖ ការផ្លាស់ប្ដូរផ្នត់គំនិត ជារឿងសំខាន់ ធ្វើឲ្យ "ប្រាក់រៀល" មានតម្លៃ