• 2020-10-21 05:08:55
  • ព័ត៌មាន

រួមគ្នាដើម្បីកម្ពុជា! ក្រុមហ៊ុនមួយប្រកាស​រៃអង្គាស​មូលនិធិ ជួយជនរងគ្រោះពីទឹកជំនន់

  • 2020-10-21 05:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនសេវាអ៊ិនធឺណិតឈានមុខគេ EZECOM បានប្រកាសអំពីការរៃអង្គាសមូលនិធិពីចំណោមបុគ្គលិកជាង ៣០០នាក់ របស់ខ្លួន ក៏ដូចជាអតិថិជន ដៃគូសហការ និងសាធារណៈជនគ្រប់ទិសទី ដើម្បីជួយជនរងគ្រោះកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់នាពេលនេះ។

នៅក្នុងស្ថានភាពគ្រោះមហន្តរាយនេះ ក្រុមហ៊ុន EZECOM បានអំពាវនាវដល់បុគ្គលិករបស់ខ្លួន និងសាធារណៈជនទាំងអស់ ឲ្យចូលរួមបរិច្ចាគទាំងអស់គ្នាជាថវិកា ឬសម្ភារៈក្តី ដើម្បី “ផ្តល់ក្តីសង្ឃឹមដល់ជនរងគ្រោះពីទឹកជំនន់”។ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃអង្គារ ទី២៧ ខែតុលា សប្បុរសជនទាំងអស់អាចបរិច្ចាគប្រាក់ទៅកាន់គណនីរៃអង្គាសមូលនិធិរបស់ក្រុមហ៊ុន EZECOM ដែលមានពីរគឺ៖ គណនី Wing លេខ 023888181 ដែលមានឈ្មោះ Ezecom Fundraising និងគណនី ABA លេខ 023888181 ដែលមានឈ្មោះ EZECOM CO LTD ។ ក្រុមហ៊ុន EZECOM នឹងផ្សព្វផ្សាយព័ត៌មានអំពីវិភាគទានដែលទទួលបានទាំងអស់ប្រកបដោយតម្លាភាព មុនពេលបរិច្ចាគទៅដល់គ្រួសាររងគ្រោះ។

សម្រាប់ការបរិច្ចាគជាសម្ភារៈ សប្បុរសជនគ្រាន់តែនាំយកនូវសម្ភារៈបរិច្ចាគនោះមកកាន់តុទទួលភ្ញៀវរបស់ការិយាល័យក្រុមហ៊ុន EZECOM ទាំងបីទីតាំងក្នុងរាជធានីភ្នំពេញ ជាការស្រេច។ ដើម្បីស្វែងរកទីតាំងការិយាល័យទាំងនេះ លោកអ្នកអាចស្វែងរក “EZECOM” នៅក្នុងកម្មវិធីផែនទី Google Maps ឬចូលទៅគេហទំព័រ www.ezecom.com.kh/contact-us សម្រាប់ព័ត៌មានលម្អិត។ រាល់ថវិកា និងសម្ភារៈដែលទទួលបានទាំងអស់ នឹងត្រូវប្រើប្រាស់ដើម្បីជាវគ្រឿងឧបភោគ-បរិភោគ និងថ្នាំសង្កូវ ។ល។ ដើម្បីប្រគល់ជូនពលរដ្ឋរងគ្រោះជាច្រើនរយគ្រួសារក្នុងខេត្តកណ្តាល នៅថ្ងៃទី២៨ តុលា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមការសម្របសម្រួលពីសំណាក់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោកស្រី Yuni Lee Heathcote នាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា “នេះគឺជាពេលវេលាដ៏សំខាន់ ដែលយើងទាំងអស់គ្នាត្រូវរួបរួមគ្នាដើម្បីប្រទេសកម្ពុជា។ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារទូទាំងប្រទេសបានរងការប៉ះពាល់ ហើយមនុស្សប្រមាណ ២៥នាក់ហើយ ដែលបានបាត់បង់ជីវិត។ រាជរដ្ឋាភិបាលកម្ពុជាបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយនេះ ប៉ុន្តែប្រជាជនរងគ្រោះនៅត្រូវការជំនួយនៅឡើយ។”

លោកស្រី Yuni បានបន្ថែមទៀតថា “ក្រុមហ៊ុន EZECOM មិនចង់គ្រាន់តែរៃអង្គាសមូលនិធិក្នុងចំណោមបុគ្គលិកយើងប៉ុណ្ណោះទេ គឺយើងចង់ឆ្លៀតឱកាសនេះដើម្បីអំពាវនាវដល់ដៃគូសហការ មិត្តភ័ក្ភិ និងសាធារណៈជនទាំងអស់គ្នា ឲ្យចូលរួមគ្នាជាធ្លុងមួយជាមួយយើង ដើម្បីផ្តល់ក្តីសង្ឃឹម និងជំនួយចាំបាច់ទៅដល់ជនរងគ្រោះជាច្រើននាក់ដែលកំពុងត្រូវការ។ ការរួមចំណែករបស់យើងម្នាក់ៗមានទំហំតូច ប៉ុន្តែពេលរួមគ្នាច្រើននាក់ យើងអាចសម្រេចអ្វីដែលធំធេងបាន។”

ខណៈពេលដែលក្រុមហ៊ុន EZECOM ប្រកាសអំពីមូលនិធិគ្រោះទឹកជំនន់នេះ ក្រុមហ៊ុនក៏ឆ្លៀតឱកាសជូនដំណឹងដល់អតិថិជនរបស់ខ្លួនផងដែរថា ក្រុមហ៊ុនបានរៀបចំយន្តការការពារជាច្រើន ដើម្បីបញ្ចៀសបញ្ហា និងការខូចខាតមកលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗរបស់ខ្លួន ដូចជា មណ្ឌលចែកចាយ និងខ្សែបណ្តាញ ជាដើម ដែលអាចបង្កឡើងដោយទឹកជន់លិច ធានាបាននូវសេវាអ៊ិនធឺណិតល្បឿនលឿន និងរលូនឥតអាក់ជូនអតិថិជនដូចធម្មតា។ ក្រុមហ៊ុនក៏បានរៀបចំក្រុមការងារអន្តរាគមន៍បច្ចេកទេសបន្ទាន់ ដែលត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយ ក្នុងករណីខ្សែបណ្តាញតភ្ជាប់សំខាន់ណាមួយមានបញ្ហា។

ជាមួយនឹងវិភាគទានពីសំណាក់សប្បុរសជនពីគ្រប់ទិសទី ក្រុមហ៊ុន EZECOM មានសុទិដ្ឋនិយមថា ខ្លួននឹងអាចរៃអង្គាសថវិកាបានច្រើន និងយកទៅជួយដល់គ្រួសាររងគ្រោះបានច្រើនរយគ្រួសារ។ ដើម្បីទទួលបានព័ត៌មានថ្មីចុងក្រោយអំពីសកម្មភាពជួយជនរងគ្រោះពីទឹកជំនន់របស់ក្រុមហ៊ុន EZECOM សូមតាមដានទំព័រហ្វេសប៊ុក www.facebook.com/ezecom/

មតិយោបល់