• 2020-10-28 09:17:03
  • សេដ្ឋកិច្ច

ប្រាសាក់ផ្តល់សេវាទូទាត់យុគសម័យថ្មីឆ្លងធនាគារ «បាគង»

  • 2020-10-28 09:17:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយុគសម័យឌីជីថល និងស៊ីវីល័យលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ បានចូលរួមយ៉ាងសកម្មក្នុងការសម្រេចឱ្យបាននូវការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចក្ខុវិស័យនិងកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា។

បាគង ដែលជាសេវាទូទាត់និងសេវាផ្ទេរប្រាក់ឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្កើតឡើងក្រោមការផ្ដួចផ្ដើមពីធនាគារជាតិនៃកម្ពុជា និងសហការចូលរួមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ បាននិងកំពុងផ្តល់ជាជម្រើសថ្មី និងល្អឯកជូនដល់ប្រជាជនកម្ពុជា។

ប្រាសាក់ ផ្តល់ជូនអតិថិជន និងសាធារណជន ក្នុងការប្រើប្រាស់សេវាបាគង ដោយអាចធ្វើប្រតិបត្តិការតាម ប្រាសាក់ Mobile Banking, Internet Banking និងតាមសាខាប្រាសាក់បានយ៉ាងងាយស្រួល។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីធនាគារជាដៃគូរហូតដល់ ៤០០ លានរៀល ឬ ១០ ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយអាចផ្ទេរទៅគណនីបាគងបានរហូតដល់ ១០ លានរៀល ឬ 2២៥០០ ដុល្លារក្នុងមួយថ្ងៃ។

អ្វីដែលកាន់តែពិសេសនោះ អតិថិជនគ្រប់ធនាគារជាដៃគូអាចធ្វើការស្កេនទូទាត់ជាមួយនឹងដៃគូស្កេនទូទាត់បាគងរបស់ប្រាសាក់បាននៅទូទាំងប្រទេស ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា «ប្រាសាក់ពិតជាមានកិត្តិយសនិងសប្បាយរីករាយដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃគម្រោងបាគងរបស់ធនាគារជាតិនៃកម្ពុជា។ នេះជាសេវាទូទាត់តាមទូរស័ព្ទដៃដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដែលពាំនាំគ្រប់គ្រឹះស្ថានដែលផ្ដល់សេវាទូទាត់និងគ្រឹះស្ថានហិរញ្ញវត្ថុឱ្យស្ថិតនៅប្រព័ន្ធតែមួយ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ព្រមទាំងសម្រួលដល់ការចាត់ចែងសាច់ប្រាក់ប្រចាំថ្ងៃផងដែរ»។

លោកបន្ថែមថា *«បាគង ជាមធ្យោបាយ និងឧបករណ៍ទូទាត់ថ្មីទំនើបដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការអន្តរធនាគារ និងទូទាត់វិក្កយបត្របានយ៉ាងងាយស្រួល លឿនរហ័ស ប្រកបដោយសុវត្ថិភាព និងមិនអស់កម្រៃសេវា។ ហេតុនេះអតិថិជនអាចរីករាយប្រើប្រាស់សេវានេះក្នុងការផ្ទេរប្រាក់ ទូទាត់ ដាក់ប្រាក់ និងទទួលប្រាក់ដោយងាយស្រួល»។

ប្រាសាក់ មានកិត្តិយសសូមចូលរួមអបអរសាទរជាមួយ ធនាគារជាតិនៃកម្ពុជា និងបណ្តាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធបាគងដែលជាសេវាទូទាត់យុគសម័យថ្មីនាថ្ងៃទី 28 ខែតុលា ឆ្នាំ 2020 នេះ។ ប្រាសាក់ ប្តេជ្ញាបន្តក្នុងការជំរុញ និងផ្តល់សេវាហិរញ្ញវត្ថុកាន់តែទំនើប និងងាយស្រួលជូនដល់អតិថិជន៕

មតិយោបល់