• 2021-06-11 04:16:34
  • ព័ត៌មាន

"មូសសុំចាញ់" ជាផលិតផលធានារ៉ាប់រងថ្មីរបស់ ព្រូដិនសលមានតម្លៃសមរម្យលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា

  • 2021-06-11 04:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រូដិនសល បានប្រកាសចេញលក់ផលិតផល "មូសសុំចាញ់" នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២១ នេះដែលវាជាផលិតផលធានារ៉ាប់រងមានតម្លៃសមរម្យលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ហើយអាចរកទិញបាននៅលើ Pulse by Prudential ដែលជាកម្មវិធីសុខភាព និងសុខុមាលភាពលើទូរស័ព្ទដៃ។

រដូវវស្សាបានឈានចូលមកដល់ ហើយបានពាំនាំមកនូវក្តីបារម្ភអំពីការឆ្លងជំងឺគ្រុនឈាម និងគ្រុនចាញ់មកដល់ប្រជាជនកម្ពុជាយើង។ ដូច្នេះហើយ ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារកម្ពុជា ក្នុងការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ទប់ទល់នឹងចំណាយលើការដោះស្រាយបញ្ហាសុខភាពដែលមិនបានរំពឹងទុក បណ្តាលមកពីជំងឺឆ្លងទាំងពីរនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាថែរក្សាសុខភាព និងការធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល បានប្រកាសចេញលក់ផលិតផលធានារ៉ាប់រង មូសសុំចាញ់ ដែលមានតម្លៃទាបតែអាចជួយបន្ធូរបន្ថយបន្ទុកចំណាយដល់អ្នកដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺគ្រុនឈាម និងគ្រុនចាញ់។

“បេសកកម្មរបស់ព្រូដិនសល គឺធ្វើឱ្យប្រជាជនកម្ពុជាអាចទទួលបានការធានារ៉ាប់រងសុខភាពទាំងអស់គ្នា ហើយការដាក់ចេញនូវផលិតផលធានារ៉ាប់រង មូសសុំចាញ់ ដែលមានតម្លៃចាប់ពី $4 ក្នុងមួយឆ្នាំនេះ គឺជាឧទាហរណ៍ជាក់ស្ដែងមួយនៃការបំពេញបេសកកម្មរបស់យើង។ នេះក៏ជាឱកាសសាកល្បងមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការគិតគូពីការការពារសម្រាប់ក្រុមគ្រួសារ ដោយចាប់ផ្តើមពីការធានារ៉ាប់រងទៅលើសុខភាព ហើយយើងជាក្រុមហ៊ុនក៏រីករាយក្នុងការផ្តល់ជូននូវជម្រើសនៃការការពារជាច្រើន ដើម្បីសុខភាព និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់។ នេះគឺជាសេចក្ដីបញ្ជាក់របស់លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា

ផលិតផលថ្មីនេះផ្ដល់ជូនជា 4 កញ្ចប់ដែលមានអត្ថប្រយោជន៍ផ្សេងៗពីគ្នា សម្រាប់អតិថិជនជ្រើសរើស និងមានតម្លៃសមរម្យស្របទៅតាមតម្រូវការជាក់ស្ដែងនៃគ្រួសារនីមួយៗ។

មានដាក់លក់នៅក្នុងកម្មវិធីទូរស័ព្ទ Pulse របស់ក្រុមហ៊ុនព្រូដិនសល ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដាក់លក់ ផលិតផលធានារ៉ាប់រង មូសសុំចាញ់ នៅក្នុងកម្មវិធី Pulse by Prudential (Pulse) ដែលជាកម្មវិធីសុខភាព និងសុខុមាលភាពលើទូរស័ព្ទដៃ។ ផលិតផលធានារ៉ាប់រង មូសសុំចាញ់ អាចលក់ជូនប្រជាជននៅកម្ពុជា ដែលមានអាយុពី 1 ឆ្នាំ រហូតដល់ 60 ឆ្នាំ ហើយអតិថិជនអាចបន្តសុពលភាពបណ្ណសន្យារ៉ាប់រងដែលបានទិញនោះក៏បាន ឬមួយទិញផលិតផលនេះជាថ្មីក៏បាន ជារៀងរាល់ឆ្នាំ។

កម្មវិធី Pulse ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីខែតុលាឆ្នាំមុន ស្របទៅតាមយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ក្នុងគោលបំណងធ្វើឱ្យការផ្ដល់សេវាថែរក្សាសុខភាព បានទៅដល់ដៃប្រជាជនគ្រប់រូបកាន់តែទូលំទូលាយ និងមានតម្លៃសមរម្យ។ កម្មវិធីនេះផ្ដល់ជូនប្រជាជនកម្ពុជាទាំងអស់ នូវសេវាថែរក្សាសុខភាពទាន់ពេលវេលា និងព័ត៌មានសុខភាពនាពេលបច្ចុប្បន្ន និងមុខងារថ្មីៗផ្សេងទៀតនៅក្នុងពេលបន្តបន្ទាប់ខាងមុខ។ “នេះគឺជាគម្រោងធានារ៉ាប់រងដំបូងដែលយើងផ្ដល់ជូននៅក្នុងកម្មវិធី Pulse។ តាមរយៈកម្មវិធីនេះ យើងមានបំណងចង់ឱ្យប្រជាជនមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាព និងអាចទិញគម្រោងធានារ៉ាប់រងដ៏សាមញ្ញពីគ្រប់ពេលវេលា និងគ្រប់ទីកន្លែងបាន។” នេះបើតាមប្រសាសន៍របស់លោក Sanjay Chakrabarty អគ្គនាយកនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា។

ដើម្បីទិញ ផលិតផលធានារ៉ាប់រង មូសសុំចាញ់ កញ្ចប់ណាមួយ អតិថិជនត្រូវទាញយកកម្មវិធី Pulse ពី Apple App Store ឬ Google Play Store ជាមុនសិន រួចចូលទៅកាន់មុខងារលក់ផលិតផលអេឡិកត្រូនិកឈ្មោះ PRU Shoppe ដើម្បីបញ្ជាទិញ។

អំពី Pulse by Prudential Pulse by Prudential៖

Pulse by Prudential គឺជាកម្មវិធីសុខភាពលើទូរស័ព្ទដៃ ប្រជុំទៅដោយមុខងារដ៏សម្បូរបែបជាច្រើន ហើយជាកម្មវិធីដំបូងបង្អស់នៅក្នុងតំបន់ ដែលផ្ដល់ទិដ្ឋភាពទាំងមូលនៃការគ្រប់គ្រងសុខភាពជូនដល់អ្នកប្រើប្រាស់។ កម្មវិធីដែលដំណើរការដោយយន្តបញ្ញានិមិត្ត (AI-Powered) និងផ្ដល់ព័ត៌មានពាក់ព័ន្ធទាន់ពេលវេលាមួយនេះ នឹងជាដៃគូដែលតែងតែនៅជាមួយអ្នកប្រើប្រាស់គ្រប់ពេលវេលាដើម្បីសុខភាពនិងសុខុមាលភាព ហើយថែមផ្ដល់លទ្ធភាពជូនពួកគាត់ឱ្យអាចបង្ការ ពន្យារ និងទទួលបានការការពារលើការចាប់ផ្ដើមនៃជំងឺនានាទៀតផង។

Pulse គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូទាំងតំបន់នៃក្រុមហ៊ុនព្រូដិនសល ដែលមានគោលបំណងធ្វើឱ្យប្រជាជនគ្រប់រូបក្នុងទ្វីបអាស៊ីអាចមានលទ្ធភាពទទួលបានសេវាថែរក្សាសុខភាពដែលល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងកិច្ចសហការជាមួយដៃគូដ៏ល្អៗជាច្រើន។

បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នៅប្រទេសម៉ាឡេស៊ីកាលពីខែសីហា ២០១៩ កម្មវិធី Pulse បច្ចុប្បន្ននេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងបណ្ដាប្រទេសចំនួន ១១ ថែមទៀត ហើយមានដាក់បញ្ចូលមុខងារល្អៗជាច្រើនដូចជា មុខងារពិនិត្យរោគសញ្ញា (Symptom Checker) ការវាយតម្លៃលើសុខភាព (Health Assessment) សេវាសុខុមាលភាពបុគ្គល និងការពិគ្រោះយោបល់តាមវីដេអូជាមួយវេជ្ជបណ្ឌិត និងគ្រូពេទ្យឯកទេស។ ចាប់តាំងពីបានដាក់ឱ្យប្រើប្រាស់រៀងមក Pulse មានអ្នកទាញយកមកប្រើប្រាស់ចំនួន ៩ លានដងហើយនៅក្នុងទ្វីបអាស៊ី។ Pulse អាចទាញយកពី Apple App Store ឬ Google Play Store ក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ហុងកុង ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ និងវៀតណាម។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីទាញយក Pulse សូមចូល www.wedopulse.com

មតិយោបល់