• 2021-07-06 06:44:07
  • ព័ត៌មាន

គ្រប់គ្នាលាន់មាត់ថា Wow! ពេលឃើញឧបករណ៍ដាំស្រូវជាជួរ ផលិតដោយស្នាដៃកូនខ្មែរ

  • 2021-07-06 06:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមោទកភាពមួយយ៉ាងប្រពៃណាស់ សម្រាប់ពលរដ្ឋខ្មែរទាំងមូល ដែលបានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរពិតៗ ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ កាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់។

ការប្រើឧបករណ៍ដាំគ្រាប់ស្រូវ ជាមធ្យមប្រើរយ:ពេល១ហត/ម៉ោង ត្រូវការពលកម្មមនុស្ស ១ទៅ២នាក់ ពិសេសជាងនេះគេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។

ឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) នេះត្រូវបានផលិតបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ ក្នុងសមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី ហៅកាត់ថា CAVAC ដោយទទួលបានការគាំទ្រពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

បច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីកសិករ និងដៃគូអភិវឌ្ឍន៍ជាច្រើន សមាគមកសិកម្មឈ្លាសវៃ បាននិងកំពុងកែលម្អឧបករណ៍នេះ ជាបន្តបន្ទាប់ឱ្យកាន់តែងាយស្រួលប្រើ មានប្រសិទ្ធភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងតម្លៃទាបជាងមុន។

គួររំលឹកថា តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជា គឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយកសិករភាគច្រើនព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ បច្ចុប្បន្នបច្ចេកវិទ្យាទំនើប ទើបកូនខ្មែរមានគំនិតផ្ដួចផ្ដើមថ្មី ច្នៃបង្កើតធ្វើយ៉ាងណាឲ្យមានភាពល្អប្រសើរជាងមុន និងកាន់តែបង្កើនផលិតភាពកសិកម្មនៅកម្ពុជាមានភាពរីកចម្រើនផងដែរ៕

ប្រភព៖ ហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន

អត្ថបទសម្រួលដោយ ៖ Su In

មតិយោបល់
អត្ថបទថ្មី