• 2021-07-20 05:15:36
  • សេដ្ឋកិច្ច

ABA ទទួលបានពានរង្វាន់​ធនាគារឆ្នើមប្រចាំឆ្នាំនៅកម្ពុជា ពីទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយ​ក្នុងលោក!

  • 2021-07-20 05:15:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាបុត្រសម្ពន្ធធនាគារជាតិកាណាដា បានទទួលពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា ឆ្នាំ 2021” ពី Euromoney ដែលជាទស្សនាវដ្តីហិរញ្ញវត្ថុដ៏ល្បីមួយរបស់ពិភពលោក។ ពានឆ្នាំ 2021 ជាកិត្តិនាមឆ្នាំទីប្រាំបីជាប់ៗគ្នាដែល ABA ទទួលបានពីទស្សនាវដ្តីហិរញ្ញវត្ថុមួយនេះ។

ពានរង្វាន់នេះសបញ្ជាក់ពីភាពឈានមុខរបស់ ABA ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា។ គណៈវិនិច្ឆ័យបានលើកឡើងពីអត្ថប្រយោជន៍ដែល ABA ផ្ដោតលើធនាគារឌីជីថល និងធនាគារអនឡាញរបស់ខ្លួន។ ក្នុងចំណោមចំណុចផ្សេងៗទៀត អ្នកជំនាញក៏បានស្ញប់ស្ញែងលើ៖

  • ការបន្តអភិវឌ្ឍផលិតផលសេវាធនាគាររូបវន្តសំខាន់ៗរបស់ ABA គឺកម្មវិធី ABA Mobile

  • ការដាក់ឲ្យប្រើប្រាស់មុខងារ គណនីរហ័ស សម្រាប់អ្នកដែលមិនទាន់ជាអតិថិជន

  • ការដាក់ឲ្យដំណើរការកម្មវិធី PayWay Mobile និង

  • ការកែប្រែប្រព័ន្ធធនាគារអនឡាញសម្រាប់អាជីវកម្ម

អំឡុងរាយការណ៍ ធនាគារក៏បានដាក់ដំណើរការដោយជោគជ័យនូវបណ្តាញស្វ័យសេវាថ្មី គឺ ABA 24/7។ ទីតាំងទាំងនេះស្ថិតនៅតំបន់មានចរាចរណ៍មមាញឹកក្នុងទីក្រុងសំខាន់ៗ ដែលអតិថិជនអាចចូលប្រើប្រាស់គណនីរបស់ខ្លួនបានគ្រប់ពេល តាមរយៈ ម៉ាស៊ីនដកប្រាក់ ម៉ាស៊ីនដក-ដាក់ប្រាក់ និងម៉ាស៊ីនដាក់មូលប្បទានបត្រ។

ដូចដែល Euromoney បានលើកឡើងក្នុងអត្ថបទរបស់ខ្លួន៖ “ ABA ឈ្នះពានរង្វាន់សម្រាប់កម្ពុជា ជាមួយទំនុកចិត្តរឹងមាំ និងផ្អែកលើតួលេខសំខាន់ៗជាច្រើន ដូចជាទ្រព្យសកម្មសរុបកើន 40% ក្នុងឆ្នាំ 2020 សម្រេចដល់ 6.1 ប៊ីលានដុល្លារអាមេរិក, បញ្ញើកើន 43% សម្រេចដល់ 4.9 ប៊ីលានដុល្លារអាមេរិក, និងកម្ចីដុលកើន 39% សម្រេចដល់ 3.8 ប៊ីលានដុល្លារអាមេរិក។

“នៅកម្ពុជា ABA ជាអ្នកត្រួសត្រាយផ្នែកឌីជីថល ហើយកូវីដ បានបន្ថែមសមត្ថភាពដល់ធនាគារទូទាំងពិភពលោកដែលខ្លាំងខាងឌីជីថល។ ABA Mobile មានមុខងារជាច្រើន ដូចមុខងារដែលត្រូវបានប្រើប្រាស់នៅ ហុងកុង ឬសិង្ហបុរី ហើយ ABA ពិតជាឆ្លាត ដែលបន្ថែមភាសាចិនក្នុងកម្មវិធីនេះ។ ABA ក៏បានដើរលើផ្លូវពាណិជ្ជកម្មអេឡិកត្រូនិកដ៏ត្រឹមត្រូវ ជាមួយ PayWay របស់ខ្លួន និងដំណើរការឡើងវិញនូវប្រព័ន្ធធនាគារអនឡាញសម្រាប់អាជីវកម្ម។”

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “ពានរង្វាន់ Euromoney បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងជាធនាគារឆ្នើមសម្រាប់អតិថិជន។ យើងកំពុងប្រើប្រាស់សមត្ថភាពឌីជីថលដ៏ទំនើបដើម្បីគាំទ្រដល់អតិថិជនអំឡុងពេលរីករាលដាលនៃវីរុស ព្រោះយើងយល់ច្បាស់អំពីសារៈសំខាន់នៃវត្តមានភាព និងជាទីពឹងនៃសេវាធនាគារគ្រប់ពេលវេលា។ ដូច្នេះ យើងបានបន្តវិនិយោគលើកម្មវិធីនានា, ប្រព័ន្ធធនាគារអនឡាញ, ហើយបណ្តាញស្វ័យសេវា ABA 24/7 ត្រូវបានដាក់ឲ្យដំណើរការដើម្បីបម្រើសេវាជូនមូលដ្ឋានអតិថិជនកាន់តែទូលំទូលាយ។”

លោក Azhikhanov បានបន្ថែមថា៖ “យើងសូមថ្លែងអំណរគុណដល់អតិថិជនរបស់យើងដែលជឿទុកចិត្តមកលើរាល់អ្វីដែលយើងធ្វើ និងផ្តល់ជូន។”

ក្នុងនាមធនាគារកម្ពុជាឈានមុខ ABA ផ្តល់ហិរញ្ញវត្ថុឌីជីថលនវានុវត្ត និងងាយស្រួលដល់សហគ្រាសធុនតូចនិងមធ្យម, អាជីវកម្មខ្នាតតូច, និងរូបវន្តបុគ្គល។ គិតត្រឹមថ្ងៃទី 30 មិថុនា 2021 ABA គ្រប់គ្រងទ្រព្យសកម្មសរុប 6.9 ប៊ីលានដុល្លារអាមេរិក។

អំពីកម្មវិធីពានរង្វាន់ឧត្តមភាពរបស់ Euromoney៖

ពានរង្វាន់ឧត្តមភាពប្រចាំឆ្នាំរបស់ទស្សនាវដ្តី Euromoney ត្រូវបានបង្កើតឡើងនៅឆ្នាំ 1992 ហើយជានិយាមសកលសម្រាប់វិស័យធនាគារ។ ពានរង្វាន់ប្រចាំឆ្នាំទាំងនេះ គ្របដណ្ដប់លើផលិតផលសកលជាង 20 ប្រភេទ ពានរង្វាន់លំដាប់ថ្នាក់ឧត្តមប្រចាំតំបន់ និងធនាគារឆ្នើមនៅបណ្ដាប្រទេសប្រមាណ 100 ប្រទេសទូទាំងពិភពលោក។ សេចក្តីសម្រេចផ្ដល់ពានរង្វាន់របស់ទស្សនាវដ្ដី Euromoney ធ្វើឡើងដោយគណៈកម្មាធិការអ្នកសារព័ត៌មានជាន់ខ្ពស់ ដែលដឹកនាំដោយនិពន្ធនាយករបស់ទស្សនាវដ្ដី Euromoney បន្ទាប់ពីទទួលបានការដាក់ជូនព័ត៌មានលម្អិតពីសំណាក់អ្នកចូលរួមនៃទីផ្សារនេះ បូករួមជាមួយការធ្វើការស្រាវជ្រាវមួយឆ្នាំពេញនៅក្នុងវិស័យធនាគារ និងទីផ្សារមូលធននៅក្នុងតំបន់ដោយនិពន្ធនាយក អ្នកសារព័ត៌មាន និងក្រុមស្រាវជ្រាវ៕

មតិយោបល់