- 2021-07-23 02:58:59
- ព័ត៌មាន
ប្រវត្តិនៃចេតិយ ជ័យនន្ទ ក្នុងបរិវេណប្រាសាទអង្គរ និងមូលហេតុដែលនាំឲ្យមានការសង់ចេតិយនៅទីនោះ
- 2021-07-23 02:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិនៃចេតិយ ជ័យនន្ទ ក្នុងបរិវេណប្រាសាទអង្គរ និងមូលហេតុដែលនាំឲ្យមានការសង់ចេតិយនៅទីនោះ
ចន្លោះមិនឃើញ
ប្រាសាទអង្គវត្ត ជាប្រាសាទដ៏មានតម្លៃបំផុតសម្រាប់ប្រជាជនខ្មែរ បង្ហាញអំពីភាពរុងរឿងនៃអាណាចក្រខ្មែរសម័យបុរាណបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ ដែលជាស្ថាបត្យកម្មសំណង់ដ៏អស្ចារ្យមានអាយុកាលជិតមួយពាន់ឆ្នាំ និងជាប្រាសាទសម្រាប់បូជាសាសនាធំជាងគេបំផុតនៅលើពិភពលោក។
ចាប់ពីសតវត្សរ៍ទី១៥ ក្រោយការប្ដូររាជធានីពី ក្រុងអង្គរនៅឆ្នាំ១៤៣ ទៅទីតាំងផ្សេង ប្រាសាទអង្គរវត្តនៅតែជាមជ្ឈមណ្ឌលសាសនាដ៏ធំនៅក្នុងតំបន់ ដោយគ្រាន់តែប្ដូរពីប្រាសាទនៃព្រហ្មញ្ញសាសនា បែបវិស្ណុនិយម ទៅជាប្រាសាទនៃព្រះពុទ្ធសាសនាប៉ុណ្ណោះ។ បើតាមសិលាចារឹក និងភស្ដុតាងជាច្រើនបង្ហាញថា ប្រជាជនខ្មែរ និងមកពីគ្រប់ជាតិសាសន៍ បានទៅធ្វើបុណ្យនៅប្រាសាទអង្គរវត្តមិនដាច់ ដោយអង្គរមិនដែលត្រូវខ្មែរបោះបង់ចោលម្ដងណាឡើយ។
ជាក់ស្ដែងចេតិយ ជ័យនន្ទ ក្នុងបរិវេណនៃប្រាសាទអង្គរវត្ត មានអាយុកាលប្រមាណជាង៣០០ឆ្នាំ គឺជាភស្ដុតាងមួយ ក្នុងចំណោមភស្ដុតាងគគោក ដែលបង្ហាញថាខ្មែរនៅតែទៅភ្ជាប់និស្ស័យ និងធ្វើបុណ្យនៅអង្គរ។ ចេតិយជ័យនន្ទ មានទីតាំងស្ថិតនៅខាងក្រោយក្នុងបរិវេណប្រាសាទអង្គរវត្ត ទិសខាងកើតនៃថែវទី៣ ។ យ៉ាងណាមានមនុស្សតិចណាស់ដែលបានដឹងពីប្រវត្តិចេតិយនេះ អ្នកខ្លះក៏មិនដឹងថាជាចេតិយផង ចំណែកអ្នកខ្លះទៀតក៏មិនទាន់បានឃើញដែរ ។
នៅថែវទី៣ ខាងកើត នៃប្រាសាទអង្គរវត្ត ទល់មុខចេតិយ ជ័យនន្ទ មានសិលាចារឹកមួយផ្ទាំង បានសរសេររៀបរាប់យ៉ាងពិស្ដារ ជុំវិញប្រវត្តិនៃការសង់ចេតិយនេះ។ ក្រុមអ្នកការស្រាវជ្រាវឯកសារ និង អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរមួយចំនួនបានឱ្យដឹងថា ចេតិយជ័យនន្ទសង់ឡើងនៅឆ្នាំ១៧០១ នៃគ.ស ដោយគិតមកទល់បច្ចុប្បន្ននេះប្រមាណជាង៣០០ឆ្នាំមកហើយ។
ក្នុងសិលាចារឹកបានរៀបរាប់ពីទុក្ខសោករបស់ ជ័យនន្ទ ដែលបានបាត់បង់ប្រពន្ធ និងកូន និងបាននាំសាកសពមកបញ្ចុះក្នុងចេតិយនៅអង្គរវត្ត ដោយជ័យនន្ទ គឺជាមន្រ្តីខ្ពង់ខ្ពស់ម្នាក់ ដែលបម្រើការក្នុងរាជវាំង ដែលកាលនោះរាជធានី នៅឧត្តុង្គ។ គេដឹងត្រឹមថា លោកមានទុក្ខពេលបាត់បង់ប្រពន្ធ និងកូន ហើយក៏មិនដឹងថា ការស្លាប់នោះដោយសារបញ្ហាអ្វីដែរ។ ដូច្នេះ លោកមិនដឹងយកទៅបញ្ចុះនៅទីណាឱ្យស័ក្តិសម ក៏សម្រេចយកមកបញ្ចុះនៅអង្គរវត្តទៅដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីភ្ជាប់និស្ស័យ ដោយសារលោកគិតថាអង្គរគឺជាឋានព្រះ ឋានអាទិទេព។
នៅសម័យនោះ ទាំង ជ័យនន្ទ និងរាស្រ្តទូទៅ បានយកសាកសពទៅបញ្ចុះនៅទីដែលគេចាត់ទុកថាជាកន្លែងខ្ពង់ខ្ពស់ និងអស្ចារ្យ។ ជំនឿនេះ មានតជារហូតមក ដោយអ្នកស្រុកដែលមានជំនឿ តែងយកធាតុទៅបញ្ចុះនៅបរិវេណប្រាសាទអង្គរវត្ត។ ការណ៍នេះហើយ ទើបធ្វើឱ្យអ្នកស្រាវជ្រាវ បានទាញសេចក្តីសន្និដ្ឋានយ៉ាងច្បាស់លាស់ថា ប្រហែលអ្នកស្រុក មានបំណងចង់ភ្ជាប់និស្ស័យជាមួយចេតិយដ៏ធំខ្ពង់ខ្ពស់ របស់ព្រះបាទសូរ្យវរ្ម័នទី២ ឬប្រាសាទអង្គរវត្ត ដើម្បីឱ្យអ្នកដែលបានស្លាប់ទៅបានខ្ពង់ខ្ពស់ដែរ។
ប្រាសាទអង្គរវត្តមានឈ្មោះដើមថា «ព្រះបរមវិស្ណុលោក» ដែលជាព្រះបច្ឆាមរណនាមរបស់ព្រះបាទ សូរ្យវរ្ម័នទី២។ នេះមានន័យថា ប្រាសាទអង្គរវត្ត ត្រូវបានគេចាត់ទុក ជាប្រាសាទផងនិងជាចេតិយផង។ ដូច្នេះវាមិនចម្លែកទេ ដែលពេលនោះគេសង់ចេតិយនៅជុំវិញបរិវេណប្រាសាទយ៉ាងដូច្នេះ៕