• 2021-08-24 08:27:53
  • ព័ត៌មាន

ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរការបោះផ្សាយមូលបត្របំណុលតម្លៃ ២០លានដុល្លារ

  • 2021-08-24 08:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EZECOM ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា ប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយជាមួយ ទីភ្នាក់ងារធានាឥណទាន Credit Guarantee & Investment Facility (“CGIF”) ដែលត្រូវបានបង្កើតឡើងដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សមាជិកអាស៊ាន+៣ រួមមានជប៉ុន កូរ៉េខាងត្បូង និងចិន។

ទីភ្នាក់ងារ CGIF បានផ្តល់ការធានាឥណទាន ១០០% ដោយគ្របដណ្តប់លើបរិមាណទឹកប្រាក់ទាំងអស់ នៃមូលបត្របំណុល ៨០,០០០,០០០,០០០រៀល ប៉ែតសិបកោដិរៀល (២០លានដុល្លារអាមេរិក) ដែលត្រូវបោះផ្សាយដោយ ក្រុមហ៊ុន Ezecom។

ក្រុមហ៊ុនមូលបត្រ SBI Royal Securities គឺជាទីប្រឹក្សាហិរញ្ញវត្ថុនិងក្រុមហ៊ុនធានាទិញមូលបត្រ ដែលរំពឹងថា នឹងចុះបញ្ជីលក់មូលបត្របំណុលនេះ នៅត្រីមាសទី ៣ ឆ្នាំនេះ។

ក្រុមហ៊ុន Ezecom ឬ Telcotech គឺជាក្រុមហ៊ុនផ្តល់សេវាអុិនធឺណិតលំដាប់ខ្ពស់ ដែលបម្រើតម្រូវ ការទីផ្សារសេវា អុិនធឺណិតសម្រាប់ក្រុមហ៊ុន សហគ្រាស និងតាមលំនៅដ្ឋានក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ២០០៨ ដោយក្រុមហ៊ុន Royal Group ជាក្រុមហ៊ុន តែមួយគត់នៅកម្ពុជា ដែលមានបណ្តាញ ហេដ្ឋានរចនាសម្ព័ន្ធខ្សែហ្វាយប៊ើអុបទិកធំបំផុត និងកាន់ កាប់ភាគហ៊ុនក្នុងបណ្តាញខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway (AAG) និងបណ្តាញខ្សែ កាប្លិ៍បាតសមុទ្រម៉ាឡេស៊ី កម្ពុជា ថៃ (MCT)។

ក្រុមហ៊ុន Ezecom នឹងប្រើប្រាស់ទឹកប្រាក់បានពីការបោះផ្សាយមូលបត្របំណុលនេះ ដើម្បីវិនិយោគ បន្ថែមទៀតលើ ប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់កម្ពុជា។

ក្រុមហ៊ុន Ezecom បានដើរតួនាទីដ៏សំខាន់ មួយក្នុង ឌីជីថលូបនីយកម្មរបស់កម្ពុជា ហើយនឹងបន្តធ្វើកិច្ចការទាំងនេះឆ្ពោះទៅមុខបន្តទៀតតាម រយៈបដិវត្តន៍ឧស្សាហកម្មទី៤ (IR 4.0)។ ចក្ខុវិស័យរបស់ Ezecom គឺដើម្បីក្លាយជាអ្នកផ្តល់សេវាកម្ម ឈានមុខគេ ក្នុងការធ្វើឌីជីថលនៅកម្ពុជា តាមរយៈការច្នៃប្រឌិត ប្រកបដោយនិរន្តរភាព និង ការបង្កើតតម្លៃសហគមន៍។

ដូច្នេះ Ezecom នឹងពង្រឹងកម្លាំងបន្ថែម ទៅលើសេវា Cloud ដែលមានសុវត្ថិភាពខ្ពស់ ដើម្បីក្លាយជាហេដ្ឋារចនាសម្ព័ន្ធ ICT ដែលគួរឱ្យទុកចិត្តបំផុត ក្នុងការធានាថា សហគ្រាស និងសហគមន៍របស់យើង ទទួលបានការប្រើប្រាស់ក៏ដូចជាសេវាលំដាប់ខ្ពស់បំផុត។

លោកស្រី Yuni Lee Heathcote អគ្គនាយិការបស់ក្រុមហ៊ុន EZECOM បានថ្លែងថា៖ «ក្រុមហ៊ុន Ezecom ផ្តល់តម្លៃ ដល់ប្រព័ន្ធអេកូឡូស៊ី (eco-systems) ធុរកិច្ចរបស់យើងយ៉ាងខ្លាំង មិនថាចំពោះ អតិថិជន ដៃគូ ឬនិយ័តករនោះទេ។ ស្របតាមបរិបទ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ខណៈ ដែលយើងរីកចម្រើន យើងចង់ ឱ្យអតិថិជន និងដៃគូរបស់យើងទំាងអស់រីកចម្រើន ព្រមគ្នាជាមួយ យើងដែរ។ ដូច្នេះហើយទើបមូលដ្ឋានគ្រឹះនៃធុរកិច្ចរបស់យើង គឺបង្កើតអោយមានឱកាសសហការ អាជីវកម្មរួមគ្នា ជាមួយដៃគូពាក់ព័ន្ធទាំងអស់របស់យើង»។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា៖ «ក្រុមហ៊ុន Ezecom រួមជាមួយនឹងក្រុមហ៊ុនTelcotech គឺជាក្រុមហ៊ុនខ្មែរ ១០០% ដែលធ្វើការងារផ្តោតលើ ការផ្តល់ជូននូវ វិសាលភាព គ្របដណ្តប់ និងការតភ្ជាប់អ៊ិនធឺណិតប្រកបដោយគុណភាព និងប្រសិទ្ធ ភាពខ្ពស់សម្រាប់ ប្រជាជនកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ នឹងផ្តល់លទ្ធភាពឱ្យយើង បន្តដឹកនាំឆ្ពោះទៅមុខបន្តទៀត ក្នុងការបង្កើតអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការវិនិយោគលើ បច្ចេកវិទ្យាទំនើបៗ និងយុទ្ធសាស្រ្តឌីជីថល។ CGIF មានលក្ខខណ្ឌតម្រូវនិងស្តង់ដារខ្ពស់ នៅពេល ដែលចេញផ្សាយការធានាឥណទាននេះ ដូច្នេះខ្ញុំ មានមោទនភាពយ៉ាងខ្លាំងចំពោះក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនខ្មែរសុទ្ធសាធដំបូងគេបង្អស់ ដែលមានគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ និងលើសកម្រិត ស្តង់ដារដែលបានទាមទារក្នុងការឆ្លើយតប និងស្តង់ដារកម្រិតខ្ពស់ទាំងនេះ»។

លោកបានបន្ថែមទៀតថា៖ «អ្វីដែលសំខាន់ជាងនេះ វាគឺជាមូលបត្របំណុលជាឯកជនដំបូងគេបង្អស់ ដែលប្រើ ប្រព័ន្ធស្តង់ដារនៃការរក្សាមូលបត្រនិង ការចុះបញ្ជីផ្សារហ៊ុន។ តាមរយៈការបោះផ្សាយមូលបត្របំណុល ជាឯកជនរបស់យើង យើងបានបង្កើតផែនទីបង្ហាញផ្លូវ ការបោះផ្សាយគំរូ និងការអនុវត្តល្អបំផុត នៃការបោះផ្សាយមូលបត្របំណុល ជាឯកជនសម្រាប់ទីផ្សារមូលធនកម្ពុជា។ ខ្ញុំបាទ ទន្ទឹងរង់ចាំមើល អនាគតឌីជីថលដែលនឹងកាន់តែ រីកចម្រើន ដោយសារមូលបត្របំណុលនេះ»។

មូលបត្របំណុលនេះ បានទទួលការអនុម័តពីនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ លេខអនុម័តលេខ ១៤១/២១ SERC/SSR និងពីផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លេខអនុម័ត ០៧៤/២១៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

លោកស្រី Yuni Lee Heathcote អគ្គនាយិកាក្រុមហ៊ុន Ezecom/Telcotech

លេខទូរស័ព្ទ៖ +855 61 226 699

លោក សេង ចាន់ធឿន នាយកប្រតិបត្តិក្រុមហ៊ុន SBI Royal Securities

លេខទូរស័ព្ទ៖ +855 77 333 629

ក្រុមហ៊ុន Royal Group of companies គឺជាក្រុមហ៊ុនពហុផលិតផលឈានមុខគេនៅកម្ពុជា ដែល វិនិយោគលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ធនាគារ ធានារ៉ាប់រង បដិសណ្ឋារកិច្ច ទេសចរណ៍ ដឹកជញ្ជូន ឡូជីស្ទិក និងអភិវឌ្ឍន៍អចនទ្រព្យ។

មតិយោបល់
អត្ថបទពេញនិយម